ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​អុំ​ទូក​3​ថ្ងៃ កីឡាករ ឃឹម បូ​រី កាក់កប​នឹង​មុខរបរ​លក់​កាបូប និង​ទឹកបរិសុទ្ធ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខុស​ពី​កីឡាករ​ភាគច្រើន​ដែល​បង្អួត​ពី​គម្រោង​ដើរ​កម្សាន្ត កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លិប​ណា​ហ្គា​វើ​ល លោក​ឃឹម បូ​រី បែរជា​បង្អួត​សកម្មភាព​លក់​កាបូប និង​ទឹកបរិសុទ្ធ​យ៉ាង​សកម្ម​ពេញ​រយៈពេល​៣​ថ្ងៃ​នៅ​ខាងក្រោយ​

រាជធានី​ភ្នំពេញ ៖ ខុស​ពី​កីឡាករ​ភាគច្រើន​ដែល​បង្អួត​ពី​គម្រោង​ដើរ​កម្សាន្ត កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លិប​ណា​ហ្គា​វើ​ល លោក​ឃឹម បូ​រី បែរជា​បង្អួត​សកម្មភាព​លក់​កាបូប និង​ទឹកបរិសុទ្ធ​យ៉ាង​សកម្ម​ពេញ​រយៈពេល​៣​ថ្ងៃ​នៅ​ខាងក្រោយ​សាល​មហោស្រព​កោះ​ពេជ្រ​នៅ​ថ្ងៃ​បុណ្យអុំទូក​ទៅ​វិញ ។ បើ​ទោះជា​លោក​មិន​បាន​បញ្ជាក់​ថា​ទទួល​បាន​ចំណូល​ប៉ុន្មាន​ពី​ការ​តាំង​ស្ដង់​លក់​កាបូប និង​ទឹកបរិសុទ្ធ​នោះ ប៉ុន្តែ​គ្មាន​អ្នក​ណា​ដែល​ដើរ​កាត់​ស្តង់​កីឡាករ​រូប​នេះ​ហើយ មិនឃើញ​លោក និង​ភរិយា​ខ្វែងដៃខ្វែងជើង​ក្នុង​ការ​លក់ដាច់​នោះ​ទេ ។

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មិត្តភក្តិ​ឃឹម បូ​រី សុទ្ធតែ​បាន​សរសើរ​ថា កីឡាករ​រូប​នេះ​មានឱកាស​កើប​ប្រាក់​ពី​ការ​លក់ដូរ​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​អុំទូក ក្នុង​ពេល​ដែល​ពួក​គេ​គ្រប់​គ្នា​សុទ្ធតែ​អស់​លុយកាក់​ជាមួយនឹង​ពិធីបុណ្យ​នេះ ។ នៅ​ស្ដង់​លេខ​៣៥ ជួរ​ខាង​ចំហៀង​សាល​មហោស្រព​កោះ​ពេជ្រ​នៅ​ជិត​កន្លែង​កូន​ក្មេង​ជិះឡាន​បុក​គ្នា និង​ជិះ​ឧបករណ៍​លេង​កម្សាន្ត គេ​ឃើញ​ស្តង់​តាំង​លក់​កាបូប និង​ទឹកបរិសុទ្ធ​យ៉ាង​សាមញ្ញ​របស់​កីឡាករ​ខ្សែប្រយុទ្ធ​ល្បីឈ្មោះ​រូប​នេះ ។ អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ទើរ​មិន​បានដឹង​ថា​អ្នក​លក់​គឺជា​កីឡាករ​ឃឹម បូ​រី ដែល​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​វិស័យ​បាល់ទាត់​នោះ​ផង ដោយសារ​តែ​ក្នុង​ថ្ងៃ​ខ្លះ​លោក​ក៏​ស្លៀកពាក់​ស្អាតបាត​ជា​របៀប​ថៅកែ​នាំ​ចូល​កាបូប និង​ពេល​ខ្លះ​ស្លៀកពាក់​ជា​អ្នក​លក់ដូរ​បែប​សាមញ្ញ​មើល​មិនដឹង​ថា​ជា​កីឡាករ​ល្បីឈ្មោះ​នោះ​ទេ​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​បានដឹង​ថា​ម្ចាស់​តូប​ឈ្មោះ​ឃឹម បូ​រី សុទ្ធតែ​បាន​ដើរ​សំដៅ​ទៅ​កាន់​កន្លែង​លក់​របស់​លោក និង​បាន​ជជែក​លេង​ជាមួយ​លោក​ក្នុង​ពេល​ដែល​លោក​ឈរ​លក់​ដោយ​ផ្ទាល់​នូវ​កាបូប និង​ទឹកបរិសុទ្ធ​នៅ​តាមចិញ្ចើម​​ផ្លូវ​នោះ​ផង ។

ពេញ​រយៈពេល​៣​ថ្ងៃ​តាំងពី​រសៀល​រហូត​ដល់​យប់​ជ្រៅ គេ​មិនឃើញ​តូប​លក់ដូរ​របស់​លោក​ស្ងាត់​ភ្ញៀវ​នោះ​ទេ ដោយ​កាបូប និង​ទឹកបរិសុទ្ធ​ដែល​លោក​ដាក់​លក់ ត្រូវ​គេ​ឃើញ​ជញ្ជូន​ចូល​មិន​លស់​ពេល​នោះ​ទេ ។ ម្នាក់​ៗ​សុទ្ធតែ​មើលឃើញ​ថា លោក និង​ភរិយា​កើប​លុយ​ពីមុខ​របរ​មួយ​នេះ​នៅ​ថ្ងៃ​បុណ្យអុំទូក បើ​ធៀប​នឹង​អ្នក​មិន​មាន​អាជីព​ផ្សេង​ទៀត​ដែល​ត្រូវ​យក​លុយ​ទៅ​ចាយ ហើយ​មិន​មាន​ចំណូល​នៅ​ថ្ងៃ​ពិធីបុណ្យ​ដ៏​ធំ​មួយ​នេះនោះ ។

លោក ឃឹម បូ​រី មិន​ត្រឹមតែ​ពូកែ​ស៊ុត​បាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បើ​ក្រឡេក​មើល​ពី​វោហារ​ស័ព្ទ​ក្នុង​ការ​រាក់ទាក់​ភ្ញៀវ និង​ភាព​រហ័សរហួន​ក្នុង​ពេល​លក់​កាបូប ក៏​មិន​អន់​ជាង​អ្នក​រកស៊ី​ដែល​អត់​ជំនាញ​ខាង​ទាត់​បាល់​នោះ​ផង​ដែរ ។ លោក​ត្រូវ​បាន​គេ​អះអាង​ថា​ប្រមូល​លុយ​បាន​មិន​តិច​នោះ​ទេ ដោយសារ​តែ​កាបូប​ដែល​លោក និង​ភរិយា​ដាក់​លក់​ពេញ​រយៈ​ពេល​​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក គឺ​លក់ដាច់​ខ្លាំង​បើ​ធៀប​នឹង​ថ្ងៃ​ធម្មតា ។ យ៉ាងណាមិញ លោក និង​ភរិយា​មិនមែន​ទើបតែ​ប្រកប​អាជីវកម្ម​មួយ​នេះ​នា​ពេល​ថ្មី​ៗ​នោះ​ទេ គឺ​មាន​រយៈ​ពេល​យូរ​គួរសម​មក​ហើយ ដោយសារ​តែ​ភរិយា​របស់​លោក​គឺ​អ្នក​នាង លី ដា​វណ្ណ គឺជា​អាជីវករ​លក់​ស្បែកជើង​នៅ​ផ្សារ​អូ​ឡាំ​ពិ​កតាំងពី​មិន​ទាន់​រៀប​ការ ។ អ្នក​ទាំង​ពីរ​បាន​ចាប់​ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ​ចំនួន​៣​ឆ្នាំ​មក​ហើយ គឺ​បន្ទាប់​ពី​ឃឹម បូ​រី ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​កីឡាករ​ល្បី​នៅ​ក្នុង​ពិភព​បាល់ទាត់ និង​ត្រូវ​បាន​ផ្លាស់​មក​លេង​ឱ្យ​ក្លិប​ណា​ហ្គា​វើ​ល​នា​ពេល​ចុង​ក្រោយ ។

អាជីវកម្ម​របស់​លោក​ថ្វី​ត្បិត​ថា​មើលទៅ​សាមញ្ញ ប៉ុន្តែ​ចំណូល​ដែល​ទទួល​បាន​ក៏​ក្រាស់ក្រែល​ណាស់​ដែរ​ជា​រៀងរាល់ថ្ងៃ ។ អ៊ីចឹង​ហើយ​ទើប​គេ​កត់​សម្គាល់ថា​កម្រិតជីវភាព​របស់​កីឡាករ​រូប​នេះ​ល្អ​ប្រសើរ​ជាងគេ បើ​ទោះជា​លោក​មិន​មាន​ទីផ្សារ​ថត​ស្ព​ត និង​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ច្រើន​ដូច​គ្នា​នឹង​មិត្ត​រួម​អាជីព​គឺ​កីឡាករ​ប្រាក់ មុន្នី​ឧត្តម និង​កីឡាករ ចាន់ វឌ្ឍនាកា ដែល​មាន​សន្ទុះ​ឡើង​ដូច​គ្នា​ដាច់​ឆ្ងាយ​ពី​លោក​ក្ដី ។ មានការ​បញ្ជាក់​ថា ក្នុង​ពេល​មមាញឹក​នឹង​ការ​ហ្វឹកហាត់ លោក​ក៏​មិនសូវ​មាន​ពេល​ជួយ​លក់ដូរ​ភរិយា​ផង​ដែរ ទើប​ការ​បង្ហាញខ្លួន​ឈរ​លក់​ដោយ​ផ្ទាល់​នូវ​កាបូប និង​ទឹកបរិសុទ្ធ​ក្នុង​ពិធីបុណ្យ​អុំទូក គឺជា​ការ​ចាប់អារម្មណ៍​មួយ​ចំពោះ​អ្នក​ស្នេហា​វិស័យ​បាល់ទាត់ ។ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គេ​ឃើញ​អ្នក​ដែល​បាន​ជួប​លោក​ក្នុង​ពេល​លក់ដូរ​ថតរូប​លោក​បង្ហោះ​ដោយ​មិន​ភ្លេច​សរសើរ​ពី​ការ​កាក់កប​របស់​លោក​លើ​មុខរបរ​នោះ​ផង ។

គួរ​បញ្ជាក់​ថា លោក ឃឹម បូ​រី គឺជា​ខ្សែប្រយុទ្ធ​របស់​កម្ពុជា​ដែល​មានឱកាស​បាន​ទៅ​លេង​ឱ្យ​ក្លិប​មួយ​របស់​ថៃ​កាលពី​ពេល​កន្លង​ទៅ​ក្នុង​នាម​ខ្ចី​ជើង និង​បាន​ក្លាយជា​កីឡាករ​ល្បីឈ្មោះ​ក្នុង​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​នា​ពេល​ថ្មី​ៗ ។ លោក​ត្រូវ​គេ​ដឹង​មាន​របួស​បាក់ឆ្អឹង​ដៃ បណ្ដាល​ឱ្យ​ម្ចាស់​អាវ​លេខ​៧​របស់​ក្លិប​ណា​ហ្គា​វើ​ល​រូប​នេះ អវត្តមាន​ពី​ការ​ប្រកួត​មិន​តិច​ជាង​២​ខែ ។ ក្រោយ​សម្ងំ​ព្យាបាល​លោក​បាន​ត្រឡប់​មក​ហ្វឹកហាត់​ឡើង​វិញ ហើយ​ឆ្លៀតពេល​ទំនេរ​ក្នុង​ថ្ងៃ​បុណ្យអុំទូក ក៏​ឈរ​លក់​កាបូប និង​ទឹកបរិសុទ្ធ​យ៉ាង​សាមញ្ញ​នៅ​កោះ​ពេជ្រ ដែល​ធ្វើ​ឱ្យ​រូបភាព​លក់ដូរ​របស់​លោក​ត្រូវ​គេ​បង្ហោះ​ឡើង​ក្នុង​ន័យ​កោតសរសើរ ៕