ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​គ្រោង​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ

7 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អនុ​ប្រធានាធិបតី លោក Henry Van Thio បាន​បើក​កិច្ចប្រជុំ​សម្របសម្រួល​កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា ដើម្បី​ពិភាក្សា​អំពី​គម្រោង​ទិញ​ស្រូវ​ដោយ​ផ្ទាល់​ពី​កសិករ ។ ការ​ទប់ស្កាត់​របស់​ចិន​លើ​ការ​នាំ​ចូល​តាម

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អនុ​ប្រធានាធិបតី លោក Henry Van Thio បាន​បើក​កិច្ចប្រជុំ​សម្របសម្រួល​កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា ដើម្បី​ពិភាក្សា​អំពី​គម្រោង​ទិញ​ស្រូវ​ដោយ​ផ្ទាល់​ពី​កសិករ ។ ការ​ទប់ស្កាត់​របស់​ចិន​លើ​ការ​នាំ​ចូល​តាម​ព្រំដែន​បាន​បណ្តាល​ឲ្យ​មាន​ផល​លើស​នៃ​អង្ករ និង​ស្រូវ ដែល​ជំរុញ​ឱ្យ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​។ លើស​ពី​នេះ​ទៀត ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្ក​ផល​ប៉ះពាល់​កាន់តែ​អាក្រក់ ដែល​ធ្វើ​ឲ្យ​សើម​ដល់​ការ​ប្រមូល​ផល និង​តម្លៃ​ស្រូវ​កាន់តែ​ចុះថ្លៃ​ថែម​ទៀត ។

ច្បាប់​មី​យ៉ា​ន់​ម៉ា​ស្តី​ពី​សិទ្ធិ​ការពារ​កសិករ និង​លើកកម្ពស់​អត្ថប្រយោជន៍ បាន​អនុញ្ញាត​ឱ្យ​មានការ​បង្កើត​ក្រុម​គ្រប់គ្រង​ផ្នែក​កសិកម្ម និង​ក្រុមការងារ​តាមដាន​តម្លៃ​ទិញ​ដំណាំ ដើម្បី​រៀបចំ​ការ​ទិញ​ដំណាំ​ដោយ​រដ្ឋ ។

លោក Henry Van Thio ឱ្យ​ដឹង​ថា ក្រុមការងារ​ទាំង​ពីរ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​គ្រប់គ្រង​ស្ថានភាព​នេះ ។ ក្រុម​ទាំង​ពីរ​នឹង​សម្រេចចិត្ត​ពី​តំបន់​ដែល​ត្រូវ​ទិញ​ស្រូវ និង​រៀបចំ​ការ​ទិញ ។ លោក​និយាយ​ថា ៖ « ឃ្លាំង និង​រោង​ម៉ាស៊ីនកិនស្រូវ​គួរតែ​ប្រើ​ជា​កន្លែង​លក់ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​មាន​ផែនការ​សម្រាប់​ការ​ដឹក​ជញ្ជូន ការ​រក្សា​ទុក ការ​កិនស្រូវ និង​ការ​ចែកចាយ​បន្ទាប់​ពី​រដ្ឋាភិបាល​ទិញ​ស្រូវ » ។

យោង​តាម​ជំពូក​ទី​៧​នៃ​ច្បាប់​នេះ ក្រុម​អ្នកដឹកនាំ​អាច​ទាមទារ​មូលនិធិ​ពី​រដ្ឋាភិបាល​សហភាព ដែល​អាច​បម្រុង​ទុក​ហិរញ្ញប្បទាន​ពី​ប្រាក់​ចំណូល​សហភាព ។ ស្រូវ​អាច​ត្រូវ​បាន​ទិញ​ដោយ​មធ្យោបាយ​សមរម្យ រួម​ទាំង​ប្រព័ន្ធ​ដេញថ្លៃ ។ នេះ​បើ​យោង​តាម​ច្បាប់ ប៉ុន្តែ​របៀប​ក្នុង​ការ​ទិញ​ស្រូវ គឺ​មិន​ត្រូវ​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​នេះ​ទេ ។

ការ​ទិញ​អង្ករ​បន្ថែម​ពីលើ​ការ​ទិញ​ស្រូវ ក៏​មិន​ត្រូវ​បាន​ពិភាក្សា​ដែរ ទោះបីជា​លោក Ye Tint អគ្គនាយក​នៃ​នាយកដ្ឋាន​កសិកម្ម ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ឱ្យ​ដឹង​ថា រឿង​នេះ​នឹង​ត្រូវ​ពិភាក្សា​នៅ​ពេល​ក្រោយ ។ លោក​បាន​ប្រាប់​កាសែត The Myanmar Times ថា ៖ «​បញ្ហា​ស្ថិរភាព​តម្លៃ​ក្នុង​រយៈពេល​វែង និង​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ក៏​ត្រូវ​បាន​លើក​ឡើង​ក្នុងអំឡុងពេល​ពិភាក្សា​ផង​ដែរ ។ យើង​បាន​ពិភាក្សា​ពី​ការ​វិនិយោគ​ម៉ាស៊ីន​ស​ម្ងួ​ត​ស្រូវ និង​ការ​សាងសង់​ឃ្លាំង​ផ្ទុកស្រូវ » ។

លោក Henry Van Thio និយាយ​ថា សម្ភារ​បរិក្ខារ​ស​ម្ងួ​ត​ស្រូវ​មាន​សារសំខាន់​សម្រាប់​វិស័យ​អង្ករ​ទាំងមូល ។

លោក Maung Soe កសិករ​មក​ពី​ទីក្រុង​ណៃ​ពិដោ និយាយ​ថា កសិករ​កំពុង​ប្រឈម​មុខ​នឹង​ការ​ខូចខាត​ស្រូវ ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុងអំឡុងពេល​ប្រមូល​ផល​នេះ ។ លោក​និយាយ​ថា ៖ « នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ក្នុង​រដូវ​កាល​ប្រមូល​ផល ស្រូវ​ដែល​ខូចខាត​មាន​បរិមាណ​ខ្ពស់ ហើយ​កសិករ​ត្រូវ​ផ្លាស់​ប្តូរ​ទីតាំង​ផ្ទុកស្រូវ ។ ស្ថានភាព​អាក្រក់​បំផុត​នោះ គឺ​ការ​ផ្លាស់​ប្តូរ​ទីតាំង​ផ្ទុកស្រូវ និង​ត្រូវ​បង្កើន​ការ​ចំណាយ​ទៅ​លើ​កម្លាំង​ពលកម្ម » ។

លោក Ko Nay Soe ម្ចាស់​ម៉ាស៊ីនកិនស្រូវ​និយាយ​ថា ៖ « ភ្លៀង​នៅ​តែ​ធ្លាក់ ។ ដូច្នេះ សំណើម​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា ។ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​អាជីវករ​ដែល​បាន​រក្សា​ទុក​ស្រូវ ពួក​គេ​មិន​ហ៊ាន​ទិញ​ស្រូវ​បន្ថែម​ទៀត​ទេ » ។

រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ពី​ផែនការ​អនុញ្ញាត​ឱ្យ​មានការ​នាំ​ចេញ​ស្រូវ​ជា​បណ្តោះអាសន្ន​នៅ​ក្នុង​ខែវិច្ឆិកា​ផង​ដែរ ដែល​ជា​ធម្មតា​ត្រូវ​បាន​ហាមឃាត់ ៕​