ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្សព្វផ្សាយ​នានា​ត្រូវ​លុប​ចោល​បន្ទាប់​ពី​ព្រះមហាក្សត្រ​សោយ​ទិវង្គត

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ថវិកា​ប្រមាណ​៤,៦​ប៊ី​លាន​បាត​សម្រាប់​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ត្រូវ​បាន​លុប​ចោល​កាលពី​ខែ​មុន បន្ទាប់​ពី​ការ​ចូល​ទិវង្គត​របស់​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ទី​១៣ តុលា ។

ប្រទេស​ថៃ ៖ ថវិកា​ប្រមាណ​៤,៦​ប៊ី​លាន​បាត​សម្រាប់​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ត្រូវ​បាន​លុប​ចោល​កាលពី​ខែ​មុន បន្ទាប់​ពី​ការ​ចូល​ទិវង្គត​របស់​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ទី​១៣ តុលា ។ នេះ​បើ​តាម​ទិន្នន័យ​ពី​ក្រុមហ៊ុន Nielsen ។

តួលេខ​នេះ​ស្មើនឹង​៤៥%​ប៉ុណ្ណោះ​នៃ​ការ​ចំណាយ​សរុប​សម្រាប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្មក្នុង​ខែ​ដូច​គ្នា​នៅ​ឆ្នាំ​មុន ដែល​ស្មើនឹង​១០,២៤​ប៊ី​លាន​បាត ។

ក្រុមហ៊ុន​ស្រាវជ្រាវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​មួយ​បាន​រាយការណ៍​ថា ការ​ចំណាយ​សរុប​សម្រាប់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​កាលពី​ខែ​មុន​ស្មើនឹង​៥,៦១​ប៊ី​លាន​បាត ។

បន្ទាប់​ពី​ការ​ចូល​ទិវង្គត​របស់​ស្ដេច រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ប្រគំ​តន្ត្រី និង​ព្រឹត្តិការណ៍​អាជីវកម្ម​ផ្សេង​ទៀត​ដែល​បាន​បង់ថ្លៃ​រួច ដើម្បី​បង្ហាញ​ពី​ការ​គោរព​ដល់​ព្រះមហាក្សត្រ​ថៃ រយៈពេល​៣០​ថ្ងៃ ។

ការ​ផ្លាស់​ប្តូរ​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​ស្ថានីយទូរទស្សន៍ ។ ការ​ផ្សាយពាណិជ្ជកម្ម​បង់ប្រាក់​តាម​រយៈ​ស្ថានីយទូរទស្សន៍ analog បាន​ធ្លាក់​ចុះ​៦០,៣៨% ឬ​ស្មើនឹង​១,៨៥​ប៊ី​លាន​បាត​កាលពី​ខែ​មុន និង​ធ្លាក់​ចុះ​យ៉ាង​ហោច​ណាស់​២,៨២​ប៊ី​លាន​បាត​ក្នុង​ខែ​ដូច​គ្នា​ឆ្នាំ​មុន ។

ប្រាក់​ចំណូល​ពី​ការ​ផ្សាយពាណិជ្ជកម្ម​ខ្សែកាប និង​ផ្កាយ​រណប​បាន​ធ្លាក់​ចុះ​៦៧,១១% ឬ​ស្មើនឹង​១៧៣​លាន​បាត ខណៈ​ប្រាក់​ចំណូល​ផ្សាយពាណិជ្ជកម្ម​តាម​ទូរទស្សន៍​ឌី​ជី​ថ​ល ធ្លាក់​ចុះ​៤៧,៨៣% ឬ​ស្មើនឹង​៩៥០​លាន​បាត ។

ប្រាក់​ចំណូល​ផ្សាយពាណិជ្ជកម្ម​តាម​វិទ្យុ​បាន​ធ្លាក់​ចុះ​៤៥% ឬ​ស្មើនឹង​២៨៧​លាន​បាត ខណៈ​ប្រាក់​ចំណូល​ផ្សាយពាណិជ្ជកម្ម​តាម​ទស្សនាវដ្តី ធ្លាក់​ចុះ​៣៨% ឬ​ស្មើនឹង​២៣១​លាន​បាត ។ ការ​ចំណាយ​លើ​ការ​ផ្សាយពាណិជ្ជកម្ម​ក្នុង​កាសែត បាន​ធ្លាក់​ចុះ​២៦,៤៨% ឬ​ស្មើនឹង​៧៣៣​លាន​បាត ។ ចំណែក​ការ​ចំណាយ​លើ​ការ​ផ្សាយពាណិជ្ជកម្ម​តាម
ប្រព័ន្ធ​អន​ឡាញ ធ្លាក់​ចុះ​១០,៤៣% ឬ​ស្មើនឹង​១០៣​លាន​បាត ។

ផ្ទុយ​ទៅ​វិញ ការ​ចំណាយ​សម្រាប់​ផ្សាយពាណិជ្ជកម្ម​ឆ្លងកាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​កើនឡើង​៩,៩៥% ឬ​ស្មើនឹង​៤២០​លាន​បាត និង​ការ​ចំណាយ​សម្រាប់​ផ្សាយពាណិជ្ជកម្ម​ក្នុង​ហាងកើនឡើង​៦,០៦% ឬ​ស្មើនឹង​៣៥​លាន បាត ៕