ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខមន្ទីរ​ប៉ង់​តាហ្គោន​អញ្ជើញ​​ទៅកាន់​​អេហ្ស៊ីប​​ជាលើក​ដំបូង

15 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​​​ការពារ​ប្រទេស​​អាមេរិក លោក​រ៉ូប៊ែត​ ​ហ្គេត ​​បានអញ្ជើញ​​ទៅដល់ប្រទេស​អេ​ហ្ស៊ីប កាលពី​ល្ងា​ចថ្ងៃទី​​២៣ មីនា កន្លងមក ​​សម្រាប់​ដំណើរ​ទស្សនកិច្ច​​លើ​កដំបូង​របស់​លោក​នៅ​​ប្រទេស​នេះ ​ចាប់តាំង​ពី​​​ពួក​បាតុករ​បង្ខំ​ឱ្យ​​សម្ព័ន្ធ​​មិត្ត​​អាមេរិក លោកប្រធានាធិបតី​​ហូស្នី ​មូ បារ៉ាក់ ​ដែលកាន់​អំណាច​​​អស់រយៈ​ពេល​យ៉ាង​​​យូរ ចុះ​​ចេញពីតំណែង​​មក ។ វា​ក៏​​ជា​ការ​ឈប់​សំចត​​លើ​ក​ដំបូង​របស់​លោករ៉ូប៊ែត ហ្គេត នៅ​​ក្នុង​តំបន់​​​ចាប់តាំង​ពី​​សហរដ្ឋអាមេរិក និង​ប្រទេស​​​ជា​សម្ព័ន្ធ​មិត្ត ​បើកការ​វាយប្រហារ​​តាម​អាកាស​​​ប្រឆាំង​មេដឹកនាំ​​ផ្តាច់​​​ការលីប៊ី ​លោក​មូ​អាម៉ា ​​កាដាហ្វី ​មក ។​
លោករ៉ូប៊ែត ​ហ្គេត ដែលជួយ​ពង្រឹង​​​ទំនាក់​ទំនង​ផ្នែក​យោធា​​រវាង​អាមេរិក និង​​អេហ្ស៊ីប​នេះ​នឹង​ជួប​ជាមួយ​​មេដឹកនាំ​​​យោធា និង​​មន្ត្រី​​អេហ្ស៊ីប ​​ទាំង​ឡាយ​។
អេហ្ស៊ីប​​ទទួល​ជំនួយ​​ផ្នែកយោធា​ជា​ប្រាក់​​១,៣​ពាន់​លានដុល្លារ ​ក្នុង​​មួយឆ្នាំ​​​ពីសហរដ្ឋ​អាមេរិក​ ។​
ប្រមុខ​មន្ទីរ​ប៉ង់តាហ្គោន​​​បានអញ្ជើញ​​​ទៅ​កាន់​​ប្រទេស​អេហ្ស៊ីប​​​ក្រោយពី​​ពលរដ្ឋ​​អេហ្ស៊ីប បោះ​​ប្រជាមតិ​លើ​កំណែ​​​ទម្រង់​រដ្ឋ​ធម្មនុញ្ញ​ ដើម្បី​រិះរក​​មធ្យោបាយ​ឱ្យ​​ប្រទេស​ធ្វើ​ដំណើរ​​​ឆ្ពោះទៅ​មុខ ។ លោក​រ៉ូប៊ែត​​ ហ្គេត ​នឹងជួប​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​​​អេហ្ស៊ីប លោក Essam Sharaf និង​រដ្ឋ​ម​ន្ត្រី​​ការពារ​ប្រទេស​ លោក Mohamed Hussein Tantawi ​ផងដែរ ។​
មន្ត្រី​​មន្ទីរប៉ង់​តាហ្គោន​​​ជាន់ខ្ពស់​​មួយរូប​​និយាយ​​​​​​ប្រាប់អ្នកកាសែត​​​​ដែលធ្វើដំណើរ​​​ជា​មួយ​លោករ៉ូប៊ែត​ហ្គេត​ថា ក្នុងទស្សនកិច្ច​​នៅប្រទេស​​អេហ្ស៊ីប​ លោករ៉ូប៊ែត ហ្គេត និង​​សមភាគី​​​អេហ្ស៊ីប ​នឹង​ពិភាក្សា​​គ្នាអំពី​​ការ​វាយ​​ប្រហារ​តាម​អាកាស​​ជា​បន្ត​​នៅលីប៊ី ។​
លោករ៉ូប៊ែត ហ្គេត បានអញ្ជើញ​​​ទៅកាន់​ប្រទេស​​អេហ្ស៊ីប ​ក្រោយ​​ពីបំពេញ​​ទស្សនកិច្ច​​​​រយៈ​ពេល​​២ថ្ងៃ​​នៅប្រទេស​​​រុស្ស៊ី ៕