ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិ​ច​ប្តូរ​រូប​សញ្ញា​គណបក្ស​និង​ទង់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដែល​អស់​ទីតាំង​ឈរជើង​ទាំងស្រុង​នៅ​ក្នុង​រដ្ឋសភា នា​អាណត្តិ​ទី​៥ បាន​ធ្វើ​សមាជ​វិសាមញ្ញ​មួយ

រាជធានី​ភ្នំពេញ ៖ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដែល​អស់​ទីតាំង​ឈរជើង​ទាំងស្រុង​នៅ​ក្នុង​រដ្ឋសភា នា​អាណត្តិ​ទី​៥ បាន​ធ្វើ​សមាជ​វិសាមញ្ញ​មួយ នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ដើម្បី​ផ្លាស់​ប្តូរ​រូប​សញ្ញា (Logo) និង​ទង់​គណបក្ស​ដោយ​រំពឹង​ថា នឹង​ទទួល​បានការ​គាំទ្រ​ជា​ថ្មី​ពី​អ្នកបោះឆ្នោត​។ នៅ​ក្នុង​សមាជ​វិសាមញ្ញ​ជា​លើក​ទី​៣ ក្រោយ​ការ​យាង​មក​ដឹកនាំ​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​ជា​ថ្មី​កាលពី​ឆ្នាំ​២០១៥​នោះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏​បាន​ធ្វើការ​អំពាវនាវ​ឲ្យ​មានការ​រួបរួម​គ្នា​រវាង​គណបក្ស​នយោបាយ​ចំនួន​៣​នៅ​កម្ពុជា​ផង​ដែរ ។

សមាជ​វិសាមញ្ញ​របស់​គណបក្ស​រាជា​និយម​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច (FUN) ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​កោះ​ពេជ្រ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ វិច្ឆិកា​នេះ បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​វិសោធនកម្ម​លក្ខន្តិកៈ​របស់​គណបក្ស ដោយ​បាន​សម្រេច​ផ្លាស់​ប្តូរ​រូប​សញ្ញា (Logo) គណបក្ស​ថ្មីស្រឡាង ។ ជា​រូប​សញ្ញា​ថ្មី ដែល​បាន​រំលេច​នូវ​ព្រះ​ឆាយាល័ក្ខណ៍​របស់​សម្តេចក្រុមព្រះ​ផ្ទាល់ បាន​ចារឹក​នៅ​ចំ​ពីលើ​កាំរស្មី​ចំនួន​២៥​ពណ៌ តំណាង​ឲ្យ​រាជធានី​-​ខេត្ត​ទាំង​២៥​នៅ​កម្ពុជា ទ្រ​ដោយ​បូ​ពណ៌​លឿង​តំណាង​ឲ្យ​ភាព​បរិសុទ្ធ និង​ព័ទ្ធ​ជុំវិញ​ដោយ​រង្វង់​មូល​ពណ៌​លឿង ពណ៌​ស និង​មាន​ផ្ទៃ​ពណ៌​ខៀវ​។ រីឯ​រូប​សញ្ញា​ថ្មី​នេះ​គឺ​ជំនួស​ឲ្យ​រូប​សញ្ញា​ចាស់​ដែល​គ្មាន​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះ​អង្គ​។ សម្តេចក្រុមព្រះ មាន​បន្ទូល​ថា ការ​ដែល​បក្ស​ហ្វុ​៊​ន​សុ​ិ​ន​បុ​ិ​ច​មិន​បាន​ទទួល​អាសនៈ​ក្នុង​ពេល​កន្លង​មកនេះ​ដោយសារ​តែ​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច បែកបាក់​គ្នា ។

ព្រះ​អង្គ​មាន​បន្ទូល​ថា ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​ខ្លួនឯង​ទេ ដែល​ធ្វើ​ឲ្យ​មានការ​បែកបាក់​គ្នា​ដែល​បាន​ធ្វើ​ឲ្យ​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច មិន​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា ។ ព្រះ​អង្គ​បាន​ស្នើ​ដល់​អ្នក​សីហ​នុ​និយម​ត្រូវ​រួម​គ្នា ដើម្បី​ឲ្យ​មានការ​ទទួល​បាន​អាសនៈ​ក្នុង​សភា​ឡើង​វិញ ដោយ​រួម​គ្នា​ជាមួយ​អ្នក​ស្នេហា​ជាតិ​ដទៃ​ទៀត ។

សម្តេចក្រុមព្រះ បាន​លើក​ឡើង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​គណបក្ស​ចំនួន​៣ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វុ​៊​ស៊ិ​ន​ប៉ិច និង​គណបក្ស​សង្គ្រោះ​ជាតិ ។ សម្តេចក្រុមព្រះ បាន​ស្នើ​ដល់​សមាជិក​សមាជិកា​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច ត្រូវ​តែ​ស្បថ​ចំពោះ​វិញ្ញាណក្ខន្ធ​សម្ដេចឪ​សម្តេច​តា​នរោត្តម សីហ​នុ ថា​នឹង​ខិតខំ​ធ្វើ​ឲ្យ​ទៅ​ជា​គណបក្ស​ទី​១​នៅ​កម្ពុជា ។

ព្រះ​អង្គ បាន​បញ្ជាក់​ថា ព្រះ​បិតា​របស់​ព្រះ​អង្គ សម្តេចឪ នរោត្ដម សីហ​នុ បាន​មាន​បន្ទូល​ថា យើង​មានសំណាង​ណាស់​កើតជា​ខ្មែរ ។ គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច បាន​នាំ​មក​នូវ​បាវចនា​ជាតិ សាសនា ព្រះមហាក្សត្រ រហូត​ដល់​ពេល​នេះ ។ ខ្មែរ​ចេះ​រួបរួម​គ្នា ទឹកដី​នៅ​គង់វង្ស តែបើ​គេ​បំផ្លាញ​វប្បធម៌​ជាតិ​យើង​បាន​ហើយ យើង​ចាំតែ​ប្រុង​ទៅ ។ គ្មាន​អ្វី​សំខាន់​ជាង​ជាតិ​និង​វប្បធម៌​ជាតិ​នោះ​ទេ ។

សម្តេចក្រុមព្រះ បាន​លើក​ឡើង​ថា មាន​គេ​មិន​ចង់​ឲ្យ​យើង​ធ្វើ​ដូចនេះ​ទេ ។ យើង​ត្រូវ​សន្យា​ការពារ​របប​រាជា​និយម​របស់​យើង និង​បូរណភាព​ទឹកដី ។ ចង់​ដោះស្រាយ​បញ្ហា​ទឹកដី​កម្ពុជា​ត្រូវ​រួបរួម​គ្នា ។ យើង​មិន​អាច​ធ្វើ​តែ​ម្នាក់ឯង​នោះ​ឡើយ ។

សម្តេចក្រុមព្រះ មាន​បន្ទូល​ផ្លែផ្កា​ទៅ​រក​បក្ស​ប្រឆាំង​ថា គណបក្ស​មួយ​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិខ្មែរ តែ​មាន​គេ​ថា​ជា​គណបក្ស​បំផ្លាញ​ជាតិខ្មែរ ។ លោក សម រ​ង្ស៊ី កុំ​ភ្លេច​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច តែ​លោក សម រ​ង្ស៊ី ថា «​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​ខ្សោយ​ណាស់​» តែបើ​ចង់​ដោះស្រាយ​បញ្ហា​ជាតិ​ត្រូវ​រួម​គ្នា​ទើប​អាច​ធ្វើ​ទៅ​បាន ។

សម្តេចក្រុមព្រះ មាន​បន្ទូល​ថា នរណា​ក៏​ដឹង​ថា នៅ​កម្ពុជា​មាន​បក្ស​ធំ​បី គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​រាជា​និយម​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច ។ សន្តិភាព​នៅ​កម្ពុជា​កើតឡើង​ក្រោយ​ឆ្នាំ​១៩៩៣ ដែល​ពេល​នោះ​មាន​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​ផង​ដែរ ។ ការ​ដោះស្រាយ​បញ្ហា​ជាតិខ្មែរ ត្រូវ​តែ​ខ្មែរ​រួម​គ្នា ។ បើសិនជា​ខ្មែរ​អង្គុយ​និយាយ​គ្នា អាច​ដោះស្រាយ​បញ្ហា​ជាតិ​បាន​មិន​ខាន ។

សម្តេចក្រុមព្រះ បាន​មាន​បន្ទូល​ថា ខ្មែរ​នៅ​តែ​ក្រ​ចាញ់​ប្រទេស​សិង្ហ​បុរី ដែល​គេ​គ្មាន​ទាំង​ទឹក​ផឹក​ផង គេ​រីក​ចម្រើន​តែ​យើង​ធ្វើ​មិន​បាន ។​ចំពោះ​បញ្ហា​អ្នក​ដែល​ចេញពី​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច គឺ​ពួក​អ្នក​រត់ចោលជួរ ។ សម្តេចក្រុមព្រះ​មាន​បន្ទូល​ថា ព្រះ​អង្គ​មិន​ដែល​ដេញ​នរណា​ចេញពី​បក្ស​ទេ ទោះបីជា​គេ​ទម្លាក់​ទ្រង់​ចេញពី​ប្រធាន​បក្ស​ក្តី ។ ព្រះ​អង្គ​បាន​ស្នើ​សុំ​ដល់​មេ​ដឹក​គណបក្ស​ធំ​ៗ​នៅ​កម្ពុជា រួម​គ្នា​ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​១៤​លាន​នាក់ ត្រូវការ​ឲ្យ​អ្នកនយោបាយ​ជួយ​ពួក​គេ ។ យើង​មិនដឹង​ថា​ពេល​ណា​ចេះ​រួម​គ្នា​នោះ​ទេ ។ ព្រះ​អង្គ​សង្កត់ធ្ងន់​ថា ចំពោះ​អ្នក​ហ្វុ​៊ុ​ន​ស៊ិ​ន​ប៉ិច នៅ​ពេល​ដក​ទ្រង់​ចេញ​ពេល​បោះ​ឆ្នោត​២០១៣ ទទួល​បាន​សូន្យ​កៅអី ព្រោះតែ​ការ​មិន​រួម​គ្នា មិនដឹង​ថា​ពេល​ណា​ខ្មែរ​ចេះ​រួម​គ្នា​នោះ​ទេ ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​បច្ចុប្បន្ន​មាន​ព្រះ​ជន្ម​៧៣​ព្រះ​វស្សា​ទៅ​ហើយ​នោះ បាន​ហៅ​លទ្ធផល​នៃ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច កាលពី​ព្រឹក​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​២០១៦​នេះ​ថា គឺជា​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​ថ្មី ដែល​មាន​បាវចនា «​រាស្ត្រ​ធិ​ប​តេ​យ្យ សាសនា នីតិរដ្ឋ និង​រាជបល្ល័ង្ក » ហើយ​ជា​អ្វី​ដែល​ព្រះ​អង្គ​រំពឹង​ទុក​ថា នឹង​ទទួល​បានការ​គាំទ្រ​ជា​ថ្មី ។

គួរ​កត់​សម្គាល់ថា បន្ទាប់​ពី​មានការ​យាង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មក​ធ្វើ​ជា​ព្រះប្រធាន​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​ជា​ថ្មី កាលពី​ឆ្នាំ​២០១៥ នេះ គឺជា​លើក​ទី​៣​ហើយ ដែល​គណបក្ស​រាជា​និយម​មួយ​នេះ​បាន​ធ្វើ​សមាជ​វិសាមញ្ញ ក្រោយ​ពី​ការ​បាក់បែក​គ្នា​ដ៏​ជូរ​ចត់​រយៈពេល​ជា​ច្រើន​ឆ្នាំ និង​រហូត​បាត់បង់​ទីតាំង​ឈរជើង​ទាំងស្រុង​នៅ​ក្នុង​រដ្ឋសភា ។ ទោះបីជា​បែប​ណា នៅ​ទីបំផុត​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក ញឹក ប៊ុ​ន​ឆៃ នៅ​តែ​មិន​អាច​រួបរួម​គ្នា​បាន​ដដែល ដោយ​លោក ញឹក ប៊ុ​ន​ឆៃ ក៏​បាន​ចេញ​ទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយទៀត គឺ «​គណបក្ស​ខ្មែរ​រួបរួម​ជាតិ » ៕