ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ចិន​កាត់​ប្រាក់ខែ​របស់​ខ្លួន ខណៈ​ក្រុមហ៊ុន​ជួប​ប្រទះ​វិបត្តិ​ហិរញ្ញវត្ថុ

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ មហាសេដ្ឋី និង​អគ្គនាយក​ក្រុមហ៊ុន LeEco របស់​ប្រទេស​ចិន​បាន​ទទួលស្គាល់​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​ខ្លួន​កំពុង​ខ្វះខាត​ហិរញ្ញវត្ថុ ដើម្បី​ដំណើរការ​ពង្រីក​យ៉ាង​លឿន​ចូល​ទៅ​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី

ប្រទេស​ចិន ៖ មហាសេដ្ឋី និង​អគ្គនាយក​ក្រុមហ៊ុន LeEco របស់​ប្រទេស​ចិន​បាន​ទទួលស្គាល់​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​ខ្លួន​កំពុង​ខ្វះខាត​ហិរញ្ញវត្ថុ ដើម្បី​ដំណើរការ​ពង្រីក​យ៉ាង​លឿន​ចូល​ទៅ​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី និង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ។

ក្នុង​សំបុត្រ​ដ៏​វែង​មួយ​ទៅ​កាន់​បុគ្គលិក លោក Jia Yueting បាន​សូមទោស​ទៅ​កាន់​ម្ចាស់​ភាគហ៊ុន​ផ្សេង​ៗ និង​សន្យា​ថា នឹង​កាត់​ប្រាក់ខែ​របស់​លោក​មក​ត្រឹម​១​យន់ ហើយ​ពន្យារពេល​ការ​ពង្រីក​ក្រុមហ៊ុន ។ លោក​នឹង​ដឹកនាំ​ក្រុមហ៊ុន​ឲ្យ​លូតលាស់​ក្នុង​ល្បឿន​ដ៏​ល្អ​ស័ក្តិសម​វិញ ។

គួរ​បញ្ជាក់​ថា LeEco គឺជា​ក្រុមហ៊ុន​ធំ​ដែល​មាន​ភាគហ៊ុន​ក្នុង​អាជីវកម្ម​ជា​ច្រើន​រួម​មាន ផ្នែក​កីឡា រថយន្ត ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​ទូរទស្សន៍​។ ក្រុមហ៊ុន​នេះ​ល្បីល្បាញ​ត្រង់​សេវាកម្ម LeTV និង​បាន​បន្ត​វិនិយោគ​យ៉ាង​ខ្លាំងក្លា​លើ​អាជីវកម្ម​ថ្មី​ៗ​ដូច​ជា រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​ក្នុង Nevada និង​ទិញ​យក​ក្រុមហ៊ុន​ផលិត​ទូរទស្សន៍ Vizio Inc ក្នុង​តម្លៃ​២​ប៊ី​លាន​ដុល្លារ​នៅ California ជាដើម ។

Sandy Shen ប្រធាន​ផ្នែក​ស្រាវជ្រាវ​ក្នុង Gartner Inc និយាយ​ថា ៖ « ក្រុមហ៊ុន​នេះ​បាន​ពង្រីក​លឿន​ពេក ។ ពួក​គេ​មាន​មហិច្ឆតា​ដ៏​ធំ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ Ecosystem សម្រាប់​ឧបករណ៍​ផ្សេង​ៗ​គ្នា ។ វា​មិន​ត្រឹមតែ​សម្រាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្រាប់​រថយន្ត​ផង​ដែរ ។ ពួក​គេ​មាន​មហិច្ឆតា​ធំ​ជាង​សមត្ថភាព​របស់​ខ្លួន​ក្នុង​ពេល​នេះ» ។

មហាសេដ្ឋី​រូប​នេះ ដំបូង​ឡើយ​បាន​ចាប់ផ្តើម​ធ្វើការ​ផ្នែក IT ក្នុង​ការិយាល័យ​ពន្ធដារ ហើយ​លោក​បាន​បង្កើត​ក្រុមហ៊ុន Leshi Internet Information & Technology ក្នុង​ឆ្នាំ​២០០៤​។ លោក​ក៏​បាន​ឈាន​ទៅ​រក​អាជីវកម្ម​ទូរទស្សន៍​អីុ​ន​ធើ​រ​ណេ​ត​ក្នុង​ឆ្នាំ​២០១៣ និង​ចូល​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ក្នុង​ឆ្នាំ​២០១៥​ផង​ដែរ ។ ប៉ុន្តែ​ការ​ប្រមូល​ថវិកា​ក្រុមហ៊ុន​របស់​លោក គឺ​ពិតជា​មាន​ហានិភ័យ​ខ្ពស់​ណាស់ ។

លោក Winston Cheng ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់ LeEco និយាយ​ថា ក្រុមហ៊ុន Leshi ត្រូវ​បាន​ចុះ​ឈ្មោះ​ក្នុង​ទីផ្សារ​ហ៊ុន Shenzhen ជា​សាធារណៈ ហើយ​ក៏​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​ទទួល​បាន​ផល​ចំណេញ ។ លើស​ពី​នេះ លោក Jia បាន​ខ្ចីប្រាក់​ពី Leshi ដើម្បី​យក​ទៅ​វិនិយោគ​ក្រុមហ៊ុន​ផ្សេង​ទៀត​របស់​លោក ។

ការ​អនុវត្ត​ដូចនេះ​បាន​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ត្រួតពិនិត្យ​យ៉ាង​តឹង​រ៉ឹ​ង ខណៈ​លោក Jia ព្យាយាម​ចាប់ផ្តើម​ដំណើរការ​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី Faraday Future ។
លោក Jia បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​នោះ​ថា ៖ « សមត្ថភាព​ប្រមូល​ថវិកា​របស់​ពួក​យើង គឺ​មិន​ទាន់​រឹង​មាំ​គ្រប់គ្រាន់​សម្រាប់​ការ​ពង្រីក​យ៉ាង​លឿន​នោះ​ឡើយ » ៕