ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡៅ ចិ​ត្ដ្រា ចាប់ដៃ ផា​ន់ គ្រាន់ ប៉ះ​ថៃ​លើស​ង្វៀ​នខា​រ៉ា​បាវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​១២ វិច្ឆិកា ខានស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ នៅ​តែ​បើក​ការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា​និង​បរទេស​ដដែល​បើ​ទោះជា​ព្រឹត្តិការណ៍​នេះ​ទើបតែ​បញ្ចប់​ការ​ប្រកួត​ដណ្ដើម​

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​១២ វិច្ឆិកា ខានស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ នៅ​តែ​បើក​ការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា​និង​បរទេស​ដដែល​បើ​ទោះជា​ព្រឹត្តិការណ៍​នេះ​ទើបតែ​បញ្ចប់​ការ​ប្រកួត​ដណ្ដើម​ជើងឯក​អន្តរជាតិ​កាលពី​ស​ប្ដា​ហ៍​មុន ។ នេះ​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ប៉ុន្តែ​អ្នក​ស្នេហា​វិស័យ​ប្រដាល់​នៅ​តែ​មើលឃើញ​ថា ជំនួប​ប៉ះ​គ្នា​រវាង​កីឡាករ ឡៅ ចិ​ត្ត្រា និង ផា​ន់ គ្រាន់ ជាមួយ​កីឡាករ​ថៃ​នឹង​ធ្វើ​ឱ្យ​កក្រើក​មិន​ខុស​គ្នា​នឹង​ស​ប្ដា​ហ៍​ដែល​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ។

ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ម៉ោង​២​រសៀលខាន​ស្អែក​នេះ ​ក្រោម​ការ​រៀបចំ​របស់​​ភេសជ្ជៈ​ខា​រ៉ា​បាវ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នេះ​ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​កាលពី​ស​ប្ដា​ហ៍​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​មុន​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ដំណើរការ ។ កីឡាករ​កម្ពុជា​២​រូប គឺ ឡៅ ចិ​ត្ត្រា និង​ផា​ន់ គ្រាន់ គឺជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​នៅ​រសៀល​ថ្ងៃ​សៅរ៍​ខាន​ស្អែក​នោះ ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​មាន​បំណង​ប៉ះ​គ្នា​យូរហើយ​មុន​ពេល​មានការ​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ខា​រ៉ា​បាវ​ឲ្យ​ពួក​គេ​ប្រកួត​គ្នា​នេះ ។ ក្នុង​នោះ ភាគី​កីឡាករ​កម្ពុជា​បាន​ទាំង​សុំ​ខ្លួនឯង​សាក​កណ្ដាប់ដៃ​គ្នា តាំងពី​ឮ​មានការ​ផ្គូផ្គង​នោះ​ផង ។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា លោក​បាន​សម្រេចចិត្ត​ដាក់​ឱ្យ​ឡៅ ចិ​ត្ត្រា មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ ឱ្យ​ឡើង​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ផុ​ន សាវ៉ា​ត់ ក្នុង​នាម​ជា​គូ​បើក​ឆាក​អន្តរជាតិ​របស់​ព្រឹត្តិការណ៍​នោះ បន្ទាប់​ពី​ការ​ប្រដាល់​មួ​​យ​នេះ​បាន​បញ្ចប់​កាលពី​ស​ប្ដា​ហ៍​មុន​។ លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដោយ​លោក​គឺ​មាន​បំណង​ចង់ឱ្យ​គេ​ប៉ះ​គ្នា​ជា​មួយគូ​បរទេស​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​តែ​ម្ដង ដើម្បី​កំដរ​សង្វៀ​នខា​រ៉ា​បាវ​នៅ​ពេល​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​វគ្គ​ថ្មី​មិន​ទាន់​ចាប់ផ្ដើម​។ លោក​ថា កីឡាករ​ឡៅ ចិ​ត្ត្រា អាច​ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ​ខា​រ៉ា​បាវ​ដែល​ជា​ព្រឹត្តិការណ៍​ចម្រុះ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់​តាំងពី​មុន​ការ​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​រដូវ​កាល​ទី​១​មិន​ទាន់​ចាប់ផ្ដើម ។

លោក​ជឿជាក់​ទៅ​លើ​សមត្ថភាព​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​របស់​កីឡាករ​កម្ពុជា​រូប​នេះ ទើប​លោក​សម្រេចចិត្ត​ឱ្យ​គេ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ខាងលើ​ជា​ថ្មី ក្នុង​ពេល​ដែល​គេ​ទើបនឹង​ឈ្នះ​កីឡាករ​ថៃ​មុន​នោះ ។ លោក​និយាយ​ថា​៖«​សម្រាប់​គូ​នេះ កីឡាករ​ថៃ​ល្អ ប៉ុន្តែ​ខ្ញុំ​ពេញចិត្ត​កីឡាករ​ឡៅ ចិ​ត្ត្រា ដែល​ប្រកួត​កាន់តែ​ល្អ​ទើប​សម្រេច​ដាក់​ឱ្យ​ប្រកួត​ជាមួយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ទៀត​!»​។ លោក​ថា កីឡាករ​ថៃ ផុ​ន សាវ៉ា​ត់ ធ្លាប់​ប្រកួត​៧៤​លើក ឈ្នះ​៦៩​លើក និង​ចាញ់​៥​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ទើបតែ​ប្រកួត​បាន​៣១​លើក ឈ្នះ​២៥​លើក ចាញ់​៤​លើក និង​ស្មើ​២​លើក តែ​លោក​ទុកចិត្ត​កីឡាករ​កម្ពុជា​ទើប​ដាក់​ឱ្យ​ប៉ះ​គ្នា ។

សម្រាប់​កីឡាករ ផា​ន់ គ្រាន់ លោក ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ​ឈ្មោះ អ៊ួ ឡាន  នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ខា​រ៉ា​បាវ នៅ​រសៀល​ថ្ងៃ​សៅរ៍​នោះ​ដែរ ។ លោក​ថា ការ​ប្រកួត​របស់​គូ​នេះ នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ ផា​ន់ គ្រាន់ ត្រូវ​គេ​ឃើញ​ធ្លាក់ដៃ​ជាង​មុន បើ​ធៀប​នឹង​មួយ​រយៈពេល​មុន ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៦០​លើក ឈ្នះ​៥០​លើក និង​ចាញ់​១០​លើក រីឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៨០​លើក ឈ្នះ​៦៨​លើក ចាញ់​១៣​លើក និង​ស្មើ​១​លើក ដែល​បង្ហាញ​ថា បទ​ពិសោធន៍​ប្រកួត​របស់​កីឡាករ​កម្ពុជា​ច្រើន​ជាង ។

យ៉ាងណា​ក៏​ដោយ កីឡាករ​កម្ពុជា​មិន​អាច​មើល​ស្រាល​សមត្ថភាព​កីឡាករ​ថៃ​បាន​ទេ ដោយសារ​តែ​សមាសភាព​កីឡាករ​ថៃ​ក៏​មិនធម្មតា ។ គូ​នេះ​មានការ​រំពឹង​ខ្ពស់​ថា​នឹង​មាន​អ្នក​ជក់ចិត្ត​ដិតអារម្មណ៍​ភាគច្រើន ដោយសារ​តែ​ផា​ន់ គ្រាន់ ក៏​មិន​ចង់​ធ្លាក់​ចុះ​ក្រេ​ឌី​ត ហើយ​កីឡាករ​ថៃ​ក៏​មិន​ចង់​ចាញ់​នាំ​ឱ្យ​មានការ​រិះគន់ ។ ដោយឡែក​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នា​យប់​ថ្ងៃ​សុក្រ​នេះ​ដែរ ក៏​មាន​ជំនួប​ប៉ះ​គ្នា​រវាង​កីឡាករ​កម្ពុជា និង​ថៃ​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ផង​ដែរ ៕