ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​អូតង់​ទទួលយក​ការ​បញ្ជា​លើ​តំបន់​ហាម​ហោះ​ហើរ​នៅ​​លី​ប៊ី

15 ឆ្នាំ មុន

អង្គការអូតង់​​កាលពីថ្ងៃទី​​​២៤ មីនា បាន​យល់​ព្រម​​ទទួលយក​តួនាទីបញ្ជា​ការអនុវត្ត​​តំបន់​ហាម​ហោះ​ហើរនៅប្រទេស​លីប៊ី ​ហើយ​​ពេលនេះ​កំពុង​​ពិចារណា​​ពី​ការ​ទទួលយក​ការ​គ្រប់​គ្រង​​​ និងត្រួត​ពិនិត្យ​​​បេសក​កម្ម​​​យោធា ដែល​គាំទ្រ​​​​ដោយអង្គការ​​សហ​ប្រជាជាតិ​ទៀត ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​​អគ្គលេខាធិការ​អង្គការ​អូតង់​ លោក Anders Fogh Rasmussen ។
លោក Rasmussen ថ្លែង​ក្នុង​​បទ​សម្ភាសន៍​​មួយ​ថា «​អ្វីដែល​យើង​​បានសម្រេ​ចចិត្ត​​ធ្វើ​នៅ​ថ្ងៃ​នេះ គឺ​ថា​​អង្គការអូតង់​​​នឹង​អនុវត្ត​​ព្រម​ទាំង​​ពង្រឹង​​តំបន់ហាមហោះហើរនៅលីប៊ី ​ហើយ​អូតង់​​នឹង​​ពិចារណា​​ថា តើ​​គួរតែ​​ទទួលយក​ការទទួលខុស​ត្រូវ​​ទាំងស្រុង​​ ឬ​ក៏​យ៉ាង​ណា?» ។​ លោក Ras-mussen ថ្លែងទៀត​ថា ​អង្គការ​អូតង់​​នឹង​ទទួល​យកការ​ត្រួត​ត្រា​ពេញលេញ​លើ​​ការ​អនុវត្ត​​តំបន់​ហាមហោះហើរ​​​នៅ​លីប៊ី​​រយៈ​ពេល​​២-៣​ថ្ងៃ ខាង​មុខទៀតនេះ ហើយ​​​នឹង​​សម្រេច​​លើ​បញ្ហា​​​ទទួល​ខុសត្រូវពេញលេញ​​រយៈ​​ពេល​ប៉ុន្មាន​ថ្ងៃ​​​ខាង​មុខ​ទៀត ។​
មន្ត្រី​​រដ្ឋបាល​​អង្គការ​អូតង់​​​មួយរូប​និយាយ​​ថា ឯកអគ្គ​រដ្ឋទូត​​អង្គការអូតង់​​បានធ្វើ​ការ​
សម្រេ​ចចិត្ត​​​លើ​បញ្ហា​​​២​ កាលពីថ្ងៃទី​​​២៤ មីនា កន្លង​មក​​ គឺ​ទី​​១-​យល់ព្រម​​​ទទួល​យក​​តួនាទី​​បញ្ជា​ការ​​​សម្រាប់​​តំបន់​ហាមហោះ​ហើរ ​និង​ទី២-​​ជា​ការ​​សម្រេចចិត្ត​​​ផ្នែក​នយោបាយ​ទទួលយកការ​ទទួល​ខុសត្រូវ​​ចំពោះការអនុវត្ត​​​ដំណោះស្រាយ​​របស់​ក្រុមប្រឹក្សា​​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​​ដែលអនុញ្ញាត​​ឱ្យមានបេសក​កម្ម​យោធា​នៅលី​ប៊ី។
កិច្ចព្រមព្រៀង​​កាលពីថ្ងៃទី​​២៤ មីនា សម្រេច​បាននៅក្នុង​​សន្និសីទ​​មួយដែលរៀបចំ​​ឡើង​​រវាង​​រដ្ឋ​មន្ត្រី​​​ការបរទេស​​អាមេរិក លោក​ស្រី​​​ហ៊ីឡារី គ្លីនតុន និង​​សម​ភាគី​​មកពីប្រទេស​បារាំង​​ អង់គ្លេស​ និងទួរគី ។ នេះបើ​​​តាមការ​​ឱ្យ​​ដឹង​​ដោយ​មន្ត្រី​រដ្ឋ​​បាលជាន់ខ្ពស់​មួយរូប ។​
ក្រោយពី​​ការប្រកាស​របស់​លោក Rasmus-sen ដែលថា ​អង្គការអូតង់​​យល់ព្រម​​ទទួល​យក​ការ​បញ្ជា​​លើ​តំបន់​ហាម​​​ហោះ​ហើរ​​នៅលីប៊ី លោក​ស្រីរដ្ឋ​មន្ត្រី​​​ការបរទេស​អាមេរិក ហ៊ីលឡា រី គ្លីនតុន ​ថ្លែង​ប្រាប់​​អ្នក​កាសែត​​​​ថា អង្គការ​អូតង់​​ដែលមានប្រទេស​​​២៨ជា​សមាជិក ​​អនុញ្ញាត​​ឱ្យ​​យោ​ធា​​បង្កើត​​​ផែនការ​​សម្រាប់អង្គការ​អូតង់​​ទទួល​យក​​បេសក​កម្ម​​ធំទូលាយ​មួយដើ​ម្បី​​ការ​ពារជនស៊ីវិល​​នៅលីប៊ី ៕