ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនាគត​ប៊ូ​ឌី​ញ អ្នក​ស្នាក់​នៅ​ជាង​500​គ្រួសារ​ទាមទារ​7​ម៉ឺន​ដុល្លារ​ ម្នាក់​ជា​ថ្នូរ​ចាកចេញ

7 ឆ្នាំ មុន

លទ្ធផល​ប្រជុំ​ពេញ​មួយ​រសៀល​ថ្ងៃ​ទី​០៨ វិច្ឆិកា ជាមួយ​អ្នក​រស់នៅ​អគារ​ប៊ូ​ឌិ​ញ ដោយ​មាន​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន​ចូលរួម​ផង​ដើម្បី​រក​ដំណោះស្រាយ​រួម​មួយ​មិន​ទាន់​ចេញ​ផ្លែផ្កា​នៅឡើយ​ទេ

រាជធានី​ភ្នំពេញ ៖ លទ្ធផល​ប្រជុំ​ពេញ​មួយ​រសៀល​ថ្ងៃ​ទី​០៨ វិច្ឆិកា ជាមួយ​អ្នក​រស់នៅ​អគារ​ប៊ូ​ឌិ​ញ ដោយ​មាន​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន​ចូលរួម​ផង​ដើម្បី​រក​ដំណោះស្រាយ​រួម​មួយ​មិន​ទាន់​ចេញ​ផ្លែផ្កា​នៅឡើយ​ទេ ។

ក្នុង​កិច្ចប្រជុំ​ធំ​នេះ​អ្នក​ដែល​កំពុង​រស់នៅ​អគារ​ប៊ូ​ឌិ​ញ​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ទទូច​ស្នើ​ដល់​លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​សុំ​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​ដែល​មាន​បំណង​អភិវឌ្ឍ​អគារប៊ូ​ឌិ​ញ​នោះ ធ្វើការ​ដោះស្រាយ​នូវ​ថវិកា​ជូន​ពួក​គាត់​ទៅ​តាម​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន ជា​ថ្នូរ​នៃ​ការ​ចាក​ចេញពី​អគារ​ប៊ូ​ឌិ​ញ ហើយ​ប្រគល់​ទីតាំង​ដី​អគារ​ប៊ូ​ឌិ​ញ​ទាំងមូល​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​ធ្វើការ​វិនិយោគ​ជា​លក្ខណៈ​ឯកជន​តែ​ម្តង ។

គួរ​បញ្ជាក់​ថា​គោលការណ៍​នៃ​ការ​ប្រជុំ​នេះ តំណាង​ក្រុមហ៊ុន​ជប៉ុន​បាន​សម្តែង​សុ​ឆន្ទៈ​ថា ក្រុមហ៊ុន​មាន​លទ្ធភាព​គ្រប់គ្រាន់ ពិសេស​មាន​ថវិកា​ចំនួន​៨០​លាន​ដុល្លារ​ដើម្បី​ធ្វើការ​វិនិយោគ​អគារ​ប៊ូ​ឌិ​ញ​ជូន​ប្រជាពលរដ្ឋ​ស្នាក់​នៅ​គឺ​សង់ផ្ទះ​ប្រវាស​ចែក​គ្នា ។

ជំហរ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា ក៏​បាន​គាំទ្រ​ជាមួយនឹង​គម្រោង​របស់​ក្រុមហ៊ុន​ជប៉ុន​ហើយ​ទទូច​ស្នើ​ឱ្យ​បងប្អូន​ដែល​កំពុង​ស្នាក់​នៅ​ធ្វើការ​ពិចារណា​គ្នា​អោយ​បាន​ល្អិតល្អន់ និង​លើកយក​មក​ពិភាក្សា​គ្នា​ជា​លើក​ទី​២ នៅ​ក្រោយ​ថ្ងៃ​បុណ្យអុំទូក​ខាង​មុខ​នេះ ។

មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​អគារ​ប៊ូ​ឌិ​ញ​សរុប​ទាំងអស់​មាន​ចំនួន​ស្មើនឹង​៥២៤​គ្រួ​សារបាន​ទទូច​ស្នើ​ឱ្យ​លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា ពិសេស​រាជរដ្ឋាភិបាល​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​សុំ​ធ្វើការ​ដោះស្រាយ​ជា​ថវិកា​ជូន​ពួក​គាត់​តែ​ម្តង ជា​ថ្នូរ​នៃ​ការ​ចាក​ចេញពី​អគារ​ប៊ូ​ឌិ​ញ ដោយ​ក្នុង​១​គ្រួសារ​ស្មើនឹង​៧​ម៉ឺន​ដុល្លារ​តាម​តម្លៃ​នៃ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន ដោយ​បងប្អូន​ទាំងអស់​មិន​ត្រូវការ​ដោះ​ដូរ​ជាទី​លំនៅ​មក​វិញ​នោះ​ឡើយ ។

លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា បាន​មាន​ប្រសាសន៍​ជា​លើក​ចុង​ក្រោយ​ជាមួយ​បងប្អូន​អ្នក​ប៊ូ​ឌិ​ញ​ថា បងប្អូន​ប្រជាពលរដ្ឋ​សម្រេច យក​លុយ ឬ​សម្រេច​យក​ផ្ទះ​ជា​សិទ្ធិ​របស់​បងប្អូន​ប៉ុន្តែ​ទាមទារ​ឱ្យ​មានការ​គិត​ឱ្យ​វែង​ឆ្ងាយ​ចំពោះ​អនាគត​របស់​ខ្លួន​ទៅ​ពេល​ខាង​មុខ ៕