ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រុយ​ណេ​ចាប់អារម្មណ៍​ទិញ​អង្ករ និង​ស្រូវ​ពី​មី​យ៉ា​ន់​ម៉ា

7 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ គណៈប្រតិភូ​ព្រុយ​ណេ​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ដើម្បី​ពិភាក្សា​អំពី​ការ​ទិញ​អង្ករ និង​ស្រូវ ។ នេះ​បើ​តាម​មន្ត្រី​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង ខណៈ​ដែល​រដ្ឋាភិបាល​បន្ត​ស្វែងរក​ទីផ្សារ​នាំ​ចេញ​ថ្មី ។

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ គណៈប្រតិភូ​ព្រុយ​ណេ​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ដើម្បី​ពិភាក្សា​អំពី​ការ​ទិញ​អង្ករ និង​ស្រូវ ។ នេះ​បើ​តាម​មន្ត្រី​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង ខណៈ​ដែល​រដ្ឋាភិបាល​បន្ត​ស្វែងរក​ទីផ្សារ​នាំ​ចេញ​ថ្មី ។

គណៈប្រតិភូ​ព្រុយ​ណេ​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​មី​យ៉ា​ន់​ម៉ា​ចុងខែ​នេះ ដើម្បី​ពិភាក្សា​អំពី​ការ​នាំ​ចូល​អង្ករ និង​ស្រូវ​ដែល​មានគុណ​ភាព​ខ្ពស់ និង​ការ​ផលិត​ស្រូវ​កូនកាត់ ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​មួយ​ពី​ក្រសួងកសិកម្ម បសុសត្វ និង​ប្រព័ន្ធ​ធារាសាស្ត្រ កាលពី​ថ្ងៃ​ទី​២ វិច្ឆិកា ។

ការ​នាំ​ចេញ​ស្រូវ​នឹង​តម្រូវ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​បទ​ប្បញ្ញត្តិ​មី​យ៉ា​ន់​ម៉ា ដោយសារ​ជា​ធម្មតា រដ្ឋាភិបាល​បាន​ដាក់​កម្រិត​លើ​ការ​នាំ​ចេញ​អង្ករ ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ធនធាន​បឋម​ព្រុយ​ណេ លោក Dato Ali bin Apong បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​នាំ​ចូល​អង្ករ ជាមួយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​មី​យ៉ា​ន់​ម៉ា លោក Aung Thu នៅ​ក្នុង​កិច្ចប្រជុំ​អាស៊ាន ស្តី​ពី​វិស័យ​កសិកម្ម និង​ព្រៃឈើ​នៅ​ប្រទេស​សិង្ហ​បុរី ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​៦-៨ តុលា ។

លោក Aung Moe អគ្គនាយករង​នៃ​ក្រសួងកសិកម្ម​មី​យ៉ា​ន់​ម៉ា ថ្លែង​ថា ៖ « ព្រុយ​ណេ​មិន​អាច​ផលិត​អង្ករ​គ្រប់គ្រាន់​ទេ ដូច្នេះ ពួក​គេ​ចង់​ទិញ​អង្ករ និង​ស្រូវ​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា។ បន្ទាប់​ពី​ការ​ចរចា​ជាមួយ​គណៈប្រតិភូ យើង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ស្រូវ​អង្ករ » ។

ប្រទេស​មី​យ៉ា​ន់​ម៉ា​ត្រូវការ​គោលដៅ​នាំ​ចេញ​ថ្មី​សម្រាប់​ការ​លក់​ស្រូវ និង​អង្ករ ខណៈ​តម្លៃ​ស្រូវ និង​អង្ករ​បាន​ធ្លាក់​ចុះ​នា​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​ចិន​ដែល​ជា​គោលដៅ​ទីផ្សារ​អង្ករ​បរទេស​តែ​មួយ​គត់​របស់​មី​យ៉ា​ន់​ម៉ា ចាប់ផ្តើម​បង្ក្រាប​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​ខុសច្បាប់ ។

លោក Ko Nay Soe ម្ចាស់​រោង​ម៉ាស៊ីន​ក្នុង​សង្កាត់ Pyinmana ទីក្រុង​ណៃ​ពិដោ បាន​ស្វាគមន៍​ទីផ្សារ​ថ្មី ខណៈ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​អង្ករ​កំពុង​រីក​រាលដាល ។ ប៉ុន្តែ​លោក​សង្ស័យ​ថា តម្រូវការ​របស់​ព្រុយ​ណេ​នឹង​មាន​មិន​ច្រើន​ទេ​។ លោក​និយាយ​ថា ៖ « វា​ជា​ដំណឹង​ល្អ​សម្រាប់​កសិករ​ដែល​កំពុង​មាន​អារម្មណ៍​សោកសង្រេង ដោយសារ​អ្នកទិញ​កាន់តែ​តិច​នៅ​ក្នុង​ទីផ្សារ​ស្រូវ​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ប្រទេស​ព្រុយ​ណេ​នឹង​មិន​ទិញ​អង្ករ​ឬ​ស្រូវ​ច្រើន​ទេ ។ ក្រសួងពាណិជ្ជកម្ម​គួរតែ​ពិភាក្សា​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត​អំពី​ការ​នាំ​ចេញ​នេះ » ។

ចំនួន​ប្រជាជន​នៅ​ប្រទេស​ព្រុយ​ណេ​មាន​ប្រហែល​៤០​ម៉ឺន​នាក់ ។ នេះ​បើ​តាម​ធនាគារពិភពលោក ។ ខេត្ត​យូ​ណា​ន​របស់​ប្រទេស​ចិន ដែល​បាន​នាំ​ចូល​អង្ករ​ឆ្លងកាត់​ព្រំដែន​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា មាន​ប្រជាជន​ជាង​៤០​លាន​នាក់ ។

នៅ​ដើមខែ​តុលា សហ​លេខាធិការ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​មី​យ៉ា​ន់​ម៉ា លោក Nay Lin Zin បាន​ប្រាប់​កាសែត The Myanmar Times ថា ការ​នាំ​ចេញ​អង្ករ​របស់​មី​យ៉ា​ន់​ម៉ា​តាម​ច្រកព្រំដែន Muse បាន​ធ្លាក់​ចុះ​ពី​៥.០០០​ទៅ​ក្រោម​១.០០០​តោន​ក្នុង​១​ថ្ងៃ ។

ក្រសួងពាណិជ្ជកម្ម​កំពុង​បន្ត​កូតា​នាំ​ចេញ​ជា​ផ្លូវការ​ជាមួយ​រដ្ឋាភិបាល​ចិន និង​ព្យាយាម​ធានា​កិច្ចព្រមព្រៀង​នាំ​ចេញ​ជាមួយ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី សហភាព​អឺរ៉ុប និង​ហ្វ៊ី​លី​ពី​ន ។ នេះ​បើ​តាម​មន្ត្រី​ក្រសួងពាណិជ្ជកម្ម ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក Than Myint ថ្លែង​ថា ៖ « រដ្ឋាភិបាល​កំពុង​ឆ្លើយ​តប​ជា​ផ្លូវការ​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ និង​ការពារ​កសិករ​ពី​ការ​ធ្លាក់​ចុះ​នេះ » ៕