ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ខែមេសា​ឆ្នាំ​2017​ទៅ​អ្នក​ប្រើប្រាស់​ភ្លើង​1​ខែ​អស់​10KW និង​ក្រោម​50KW​ត្រូវ​ចុះថ្លៃ

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តពោធិ៍សាត់​បាន​មាន​ប្រសាសន៍​ថា

ខេត្តពោធិ៍សាត់ ៖ លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តពោធិ៍សាត់​បាន​មាន​ប្រសាសន៍​ថា ចាប់ពី​ខែមេសា​ឆ្នាំ​២០១៧​តទៅ​អ្នក​ប្រើប្រាស់​ភ្លើងអគ្គិសនី​មួយ​ខែ​បើ​អស់​ក្រោម​៥០​គីឡូវ៉ាត់ម៉ោង​តម្លៃ​៦១០​រៀល និង​ក្រោម១០​គីឡូវ៉ាត់ម៉ោង​តម្លៃ​ត្រឹមតែ​៤៨០​រៀល​ប៉ុណ្ណោះក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ។ ការ​បញ្ចុះតម្លៃ​នេះ​គឺ​រាជរដ្ឋាភិបាល​ធ្វើ​ជា​អំណោយ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​តិច ចេះ​សន្សំ​សំចៃ​ក្នុង​ការ​ប្រើប្រាស់​ភ្លើងអគ្គិសនី​កន្លង​មក ។ លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បែប​នេះ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នកគ្រូ​ចំនួន​៥៤០​នាក់់​នៅ​ស្រុក​បាកាន​កាលពី​ថ្ងៃ​ទី​៦ វិច្ឆិកា កន្លង​មកនេះ ។

លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​យើង​ធ្លាប់​ជា​ប្រទេស​សេដ្ឋកិច្ច​ធ្លាក់​ដល់​កម្រិត​សូន្យ​ហើយ​អ្វី​ៗ​ត្រូវ​រលាយ​បាត់​អស់ទាំង​ស្រុង​ដោយសារ​របប​បន​ប្រល័យ​ពូជ សាសន៍ ប៉ុន្តែ​ក្នុង​រយៈពេល​១៧​ឆ្នាំ​នេះ​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្ដេច​តេ​ជោ​ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ហើយ​សេដ្ឋកិច្ច​បាន​កើនឡើង​ក្នុង​កម្រិត​មធ្យម​។ ផ្លូវជាតិ និង​ផ្លូវ​ខេត្ត​សុទ្ធតែ​ក្រាល​កៅស៊ូ​ពី​ផ្លូវ​ដីស​ទៅ​ជា​ផ្លូវ​ក្រួស​ក្រហម និង​ពី​ផ្លូវ​ក្រួស​ក្រហម​ទៅ​ជា​ផ្លូវ​កៅស៊ូ​ត​ភ្ជាប់​គ្នា​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ដូច​សរសៃរ​ឈាម ។ យើង​មាន​ស្ពាន​ធំ​ៗ​ឆ្លងទន្លេ​មេគង្គ និង​ទន្លេបាសាក់​, មាន​កំពង់​ផែ​ទឹកសាប​ទឹកសមុទ្រ​, មាន​ផែស្ងួត​សម្រាប់​ទុកដាក់​ទំនិញ​ចេញចូល​,​ផ្លូវទឹក​ផ្លូវគោក​ផ្លូវអាកាស​, វា​រី​អគ្គិសនី​,​រោងចក្រ​ផលិត​ធ្យូងថ្ម និង​អគារ​ខ្ពស់​ៗ​ជាដើម​។ ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​នេះ​គឺ​ដោយសារ​ប្រទេស​យើង​មាន​សុខ​សន្តិភាព​ពេញលេញ និង​មាន​ស្ថេ​រ​ភាព​ផ្នែក​នយោបាយ​ពិសេស​យើង​បាន​ជ្រើសរើស​មេដឹកនាំ​ត្រូវ​គឺ​សម្ដេច​តេ​ជោ​ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ។

លោក​ស៊ុ​យ សែ​ម មាន​ប្រសាសន៍​ថា ការ​ធ្វើ​វា​រី​អគ្គិសនី និង​ធ្យូងថ្ម​គឺ​ខាង​គណបក្សប្រឆាំង​មិន​ដែល​ឯកភាព​ម្ដងណា​ទេ​នៅ​ពេល​ប្រជុំ​សភា​ម្ដង​ៗ ប៉ុន្តែ​ដោយសារ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​អាសនៈ​ច្រើន​ជាង​ទើប​ដំណើរការ​ទៅ​បាន ។ ដោយសារ​សេដ្ឋកិច្ច​កើនឡើង​បែប​នេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ និវត្តជន និង​កម្មករ​កម្មការិនី​ជា​បន្តបន្ទាប់ ហើយ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ទាប​បំផុត​មួយ​លាន​រៀល​ក្នុង​ម្នាក់​ៗ​។ ទាក់ទិន​នឹង​ស្រូវ​ចុះថោក​លោក​រដ្ឋមន្ត្រី​បាន​ពិភាក្សា​ជាមួយ​លោក​អភិបាលខេត្ត​រួច​ហើយ​ដើម្បី​រក​ដំណោះស្រាយ​ជូន​កសិករ ដោយ​បាន​បង្កើត​ក្រុមការងារ​អន្តរ​មន្ទីរ​ចុះ​ត្រួតពិនិត្យ​តាម​រោង​ម៉ាស៊ីនកិនស្រូវ​មើល​ស្រូវ​ស្ងួត​ស្រូវ​សើម​, អនុញ្ញាត​ឲ្យ​មាន​ឈ្មួញកណ្ដាល​ឡើង​វិញ​, រក​កន្លែង​ឲ្យ​កសិករ​លក់​ស្រូវ និង​ជំរុញ​ឲ្យ​កសិករ​មាន​ជង្រុក​នៅ​តាម​ផ្ទះ​ចៀសវាង​លក់​ស្រូវ​ទាំង​បង្ខំ​តាម​ឈ្មួញ​នាំ​ឲ្យ​ស្រូវ​មិន​បាន​ថ្លៃ ។

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​ស៊ុ​យ សែ​ម​បាន​ផ្ដល់​ថវិកា​ចំនួន​បួន​លាន​រៀល​ចូលរួម​ចាក់​ដី​ក្នុង​ទីធ្លា​អនុ​វិទ្យាល័យ​ស្នាម​ព្រះ និង​មួយ​លាន​ហាសិប​ម៉ឺន​រៀល​ទៀត​សម្រាប់​សង់​ក្យូ​ស​នៅ​សាលា​បឋម​សិក្សា​មេទឹក​តាម​ការ​ស្នើ​សុំ​របស់​លោកនាយក​សាលា ។ ដោយឡែក​លោកគ្រូ​អ្នកគ្រូ​ទាំង​៥៤០​នាក់​ជូន​ម្នាក់​៣០០០០​រៀល​សម្រាប់​ចាក់​សាំង និង​អាហារ​តាម​ផ្លូវ​ផង​ដែរ ៕