ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ ៨៨៩គ្រួសារ នៅស្រុកតាំងគោក ទទួល​បានដីកាន់កា.ប់ និងអាស្រ័យផល សរុប ២,៣១២​ហិកតា កាត់ចេញពីបឹងទន្លេសាប​

1 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋនៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ សរុបចំនួន៨៨៩គ្រួសារ ទទួលបានដីកាន់កាប់ និងអាស្រ័យផល នៅទីតាំងដែលធ្លាប់រស់នៅ និងអាស្រ័យផលតាំងពីយូរឆ្នាំមកហើយ…

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋនៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ សរុបចំនួន៨៨៩គ្រួសារ ទទួលបានដីកាន់កាប់ និងអាស្រ័យផល នៅទីតាំងដែលធ្លាប់រស់នៅ និងអាស្រ័យផលតាំងពីយូរឆ្នាំមកហើយ ដែលមានចំនួន ២,៣១២ហិកតា ស្មើនឹង ១,០៨៥​ក្បាលដី។ នេះបើតាមយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីលេខ ៣៩៣ សជណ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

 ភូមិគោកត្របែក គឺជាភូមិដាច់ស្រយាលមួយដែលនៅក្នុងតំបន់៣នៃតំបន់ជុំវិញបឹងទន្លេសាប ក្បែរព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង ពោលគឺក្បែរនឹងបឹងទន្លេសាបតែម្ដង ជាភូមិលិចទឹក នៅរដូវទឹកឡើង​។

នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ​ លោក ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំមន្ត្រីចុះ​ផ្សព្វផ្សាយអំពីប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងអនុក្រឹត្យ​របស់រាជរដ្ឋាភិបាលលេខ ១០៥ អនក្រ.បក ស្ដីពី ការការកែសម្រួលផ្ទៃដីទំហំ ៦,៣៨៥ហិកតា ចេញពីតំបន់៣បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងប្រគល់ជូនប្រជាពលរដ្ឋកាន់កាប់ ​និងអាស្រ័យផល។

លោក ងួន រតនៈ បានបញ្ជាក់ថា ទំហំដីសរុប ៦,៣៨៥ហិកតានេះ ក្នុងនោះ ក៏មានការកាត់ជូន​ប្រជាពលរដ្ឋនៅភូមិគោកត្របែក ចំនួន២,៣១២ហិកតាផងដែរ ខណៈប្រជាពលរដ្ឋ ដែលត្រូវ​ទទួល​បាន គឺមានចំនួន ៨៨៩គ្រួសារ ស្មើនឹង ១,០៨៥ក្បាលដី។ ពួកគាត់ជាអ្នករស់នៅ និងធ្វើស្រែតាំងពី១០ឆ្នាំឡើងទៅ ពោលគឺចាប់ពីឆ្នាំ២០១២ថយក្រោយ។

ចំណែកលោក ថោង ខុន បានរំលឹកនូវប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី អំពីការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនៅតំបន់ជុំវិញបឹងទន្លេសាប។ ការប្រគល់​ជូនប្រជាពលរដ្ឋនេះទៀតសោត ក៏មិនមែនជាដីព្រៃលិចទឹកនោះដែរ ព្រោះសម្ដេចតេជោបានបញ្ជាក់ច្បាស់ហើយ គឺត្រូវរួមគ្នាការពារព្រៃលិចទឹក ពិសេសបន្ទាប់ពីប្រគល់ជូនប្រជាពលរដ្ឋហើយ ប្រជាពលរដ្ឋមិនអាច​កាប់ទន្ទ្រានព្រៃលិចទឹកទៀតនោះឡើយ។

លោក ប៉ុល ឈិន មេឃុំស្រឡៅ ព្រមទាំងមេភូមិ និងប្រជាពលរដ្ឋនៅភូមិគោកត្របែក បានសម្ដែងនូវការត្រេកអរយ៉ាងក្រៃលែង នៅពេលបានដឹងថា សម្ដេចតេជោនាយក​រដ្ឋមន្ត្រីសម្រេចប្រគល់ជូនពួកគាត់បង្កបង្កើនផលស្រែស្រូវ និងបានថ្លែងអំណរគុណ​ចំពោះសម្ដេចតេជោយ៉ាងអនេក ដែលបានគិតគូរចំពោះពួកគាត់ជាប្រជាពលរដ្ឋ ដែលមានតម្រូវការពិតប្រាកដ។

លោក ថោង ខុន បានស្នើយ៉ាងទទួចទៅកាន់ប្រជាពលរដ្ឋនៅភូមិគោកត្របែកថា នៅពេលទទួលបានដីកាន់កាប់ និងអាស្រ័យផលនេះ ពីប្រមុខរាជរដ្ឋាភិបាលហើយ សូមកុំលក់ឱ្យអាជីវករ ឬអ្នកវិនិយោគណាផ្សេងឡើយ។

ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ បានបញ្ជាក់ទៀតថា ការប្រគល់ដីជូនប្រជាពលរដ្ឋ​ពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រីនេះ គឺបានឆ្លុះបញ្ចាំងពីភាពឈ្លាសវៃក្នុងការដឹកនាំរបស់​សម្ដេចតេជោ ដែលមានគុណធម៌ មានសុភវិនិច្ឆ័យ គិតគូរខ្ពស់ចំពោះជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋ «ពិសេសគឺការពារតំបន់ជុំវិញបឹងទន្លេសាបបានផង ការពារផល​ប្រយោជន៍​របស់ប្រជាពលរដ្ឋបានផង»។

លោកអភិបាលខេត្ត ងួន រតនៈ បានឱ្យដឹងដែរថា ការកាត់ឆ្វៀលដីតំបន់បីជូនប្រជាពលរដ្ឋនេះ គឺមិនត្រូវធ្វើហួសពីបង្គោលព្រំដែលបានកំណត់នោះឡើយ ដូច្នេះប្រជាពលរដ្ឋ មេឃុំ ក្រុមការងាររដ្ឋបាលស្រុក រដ្ឋបាលខេត្ត និងមន្ទីរ-ការិយាល័យពាក់ព័ន្ធ ត្រូវមានភាពច្បាស់​លាស់ជាមួយគ្នា ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងអនុវត្តតាមអនុក្រឹតរបស់​រាជរដ្ឋាភិបាល ព្រមទាំងប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន។

លោក​ ថោង ខុន និងលោកអភិបាលខេត្តកំពង់ធំក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួម​អភិរក្សការពារធនធាននៅតំបន់បឹងទន្លេសាប ពិសេសគឺព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាប និងពពួកមច្ឆជាតិ ដាច់ខាតមិនត្រូវកាប់ទន្ទ្រានព្រៃលិចទឹក ព្រៃរនាម និងប្រព្រឹត្តអំពើ​នេសាទខុសច្បាប់នោះឡើយ។

លើសពីនេះ លោក ថោង ខុន និងរដ្ឋបាលខេត្ត ក៏នឹងសហការក្នុងការកសាង និងជួសជុល​ផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋនៅភូមិគោកត្របែកនេះបន្តទៅទៀត។

​លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បញ្ជាក់ថា បច្ចុប្បន្ន ភូមិនេះ មានប្រជាពលរដ្ឋ​រស់នៅប្រមាណជាង ៣០០គ្រួសារ ខណៈភាគច្រើននៅតាំងពីក្រោយថ្ងៃរំដោះ៧មករា ដោយ​សារតែតម្រូវការជីវភាពប្រចាំថ្ងៃ។ ក្រៅពីរបរនេសាទ ប្រជាពលរដ្ឋនៅភូមិគោក្របែក ក៏ខិតខំធ្វើស្រែស្រូវផងដែរ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ