ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Heineken ប្រចាំ​នៅ​កម្ពុជា ប្រគល់​អណ្តូងទឹក​ស្អាត​ជូន​ជនជាតិភាគតិច​ក្រីក្រ​ក្នុង​ខេត្តរតនគិរី

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ កាលពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្រុមហ៊ុនស្រា​បៀរ Heineken ប្រចាំ​ប្រទេស​កម្ពុជា បាន​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​អណ្តូង​ស្អាត​ចំនួន​ប្រាំបី​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ជនជាតិភាគតិច​ក្រីក្រ​នៅ

ខេត្តរតនគិរី ៖  កាលពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្រុមហ៊ុនស្រា​បៀរ Heineken ប្រចាំ​ប្រទេស​កម្ពុជា បាន​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​អណ្តូង​ស្អាត​ចំនួន​ប្រាំបី​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ជនជាតិភាគតិច​ក្រីក្រ​នៅ​ក្នុង​ខេត្តរតនគិរី​។ ពិធី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​អធិបតីភាព​លោក លី ធុ​ជ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​លោក ហ៊ុយ វុ​ទ្ធី នាយក​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សហគ្រាស​នៃ​ក្រុមហ៊ុនស្រា​បៀរ Heineken ប្រចាំ​ប្រទេស​កម្ពុជា​។

ក្នុង​ឱកាស​ពិសេស​នេះ លោក លី ធុ​ជ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេស​កម្ម​ពិសេស បាន​មាន​ប្រសាសន៍​ថា  រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់
សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កំពុង​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​យើង និង​បង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​។ ជាក់ស្តែង​ក្រុមហ៊ុនស្រា​បៀរ Heineken ប្រចាំ​នៅ​កម្ពុជា បាន​វិនិយោគទុន​រាប់រយ​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បង់ប្រាក់​ពន្ធ​រាប់​លាន​ជា​រៀង​រាល់​ឆ្នាំ​ជូន​ដល់​រាជរដ្ឋាភិបាល ដើម្បី​ប្រើប្រាស់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស និង​ផ្តល់​ការងារ​បន្ថែម​។

លើស​ពី​នេះ​ទៀត ក្នុង​ចំណោម​បណ្តា​គម្រោង​ផ្នែក​កិច្ចការ​ជួយ​សង្គម​របស់​ក្រុមហ៊ុន Heineken ប្រចាំ​នៅ​កម្ពុជា បាន​ចូលរួម​ចំណែក​ថវិកា​ជួយ​ដល់​ប្រជាជន​ជនជាតិភាគតិច​នៅ​ក្នុង​ខេត្តរតនគិរី តាម​រយៈ​ការ​ផ្តល់​អណ្តូងទឹក​ស្អាត និង​ជួសជុល​អណ្តូងទឹក​។ កង្វះ​ទឹក​ស្អាត​បង្ក​នូវ​បញ្ហា​សុខភាព សង្គម និង​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាជន​នៅ​តាម​ជនបទ ជា​ពិសេស​កុមារ ស្ត្រី និង​មនុស្ស​ចាស់ជរា​។

លោក ហ៊ុយ វុ​ទ្ធី នាយក​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សហគ្រាស​នៃ​ក្រុមហ៊ុនស្រា​បៀរ Heineken ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ទឹក​ស្អាត​គឺជា​តម្រូវការ​ចាំបាច់​ជា​មូលដ្ឋាន ដើម្បី​ធានា​នូវ​សុខភាព និង​សុខុមាលភាព​សម្រាប់​សហគមន៍​ជនបទ​នៅ​ក្នុង​ខេត្តរតនគិរី​។ តំបន់​មួយ​ចំនួន​នៅ​តែ​ខ្វះ​ប្រភព​ទឹក​ស្អាត និង​ពឹងផ្អែក​លើ​ស្រះ​តូច​ៗ និង​អូរ​ដែល​រីងស្ងួត​ក្នុង​អំឡុង​រដូវ​គ្រោះ​រាំង​ស្ងួត​។ អណ្តូងស្នប់​ថ្មី​ចំនួន​បួន  និង​អណ្តូង​ចាស់​ចំនួន​បួន ដែល​បាន​ជួសជុល​ហើយនឹង​ផ្តល់​នូវ​អត្ថប្រយោជន៍​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​1.254​នាក់ ក្នុង​6​ភូមិ  3​ស្រុក នៅ​ក្នុង​ខេត្តរតនគិរី​។

ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​តា​ហ៊ឺយ បានឱ្យ​ដឹង​ថា មុន​ពេល​ទទួល​បាន​អណ្តូងទឹក​ស្អាត​ទាំងនេះ អ្នក​ភូមិ​របស់​គាត់​ត្រូវ​ដើរ​ពី​បី​គីឡូម៉ែត្រ​កាត់​តាម​ចម្ការ ឬ​ព្រៃ ដើម្បី​ដងទឹក​ពី​អូរ​។ ការ​ទៅ​ដងទឹក​កាន់តែ​ពិបាក​ចំពោះ​ស្ត្រី ពីព្រោះ​ពួក​គាត់​ត្រូវ​បីកូន​ទៅ​ជាមួយ​ផង​ដែរ​។

ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ភូមិ​វាល​ឆ្កែ​ហត់ បានឱ្យ​ដឹង​ថា ស្រះ​ដែល​មាន​ទីតាំង​ស្ថិត​ប្រហែល​ជាមួយ​រយ​ម៉ែត្រ​ពី​ផ្ទះ​របស់​គាត់ គឺជា​ប្រភព​ទឹក​សំខាន់​សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់​និង​អ្នក​ភូមិ​ផ្សេង​ទៀត ។ ប៉ុន្តែ​ស្រះ​ទឹក​នេះ មិន​ត្រឹមតែ​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ត្រូវ​បាន​ប្រើប្រាស់​ដោយ​សត្វ​ផ្សេង​ៗ ដែល​បណ្តាល​ឲ្យ​ទឹកស្រះ​ឡើងក​ខ្វក់​មិន​ស័ក្តិសម​សម្រាប់​ប្រើប្រាស់ ជា​ពិសេស​ក្នុងអំឡុងពេល​រដូវ​គ្រោះ​រាំង​ស្ងួត​។

អណ្តូងទឹក​ស្អាត​ដែល​បាន​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុនស្រា​បៀរ Heineken ប្រចាំ​នៅ​កម្ពុជា​នឹង​ជួយ​កាត់​បន្ថយ​យ៉ាងច្រើន​នូវ​បញ្ហា​តម្រូវការ​ទឹក​ស្អាត និង​កែ​លម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ក្នុង​តំបន់​ជនបទ​នៃ​ខេត្តរតនៈគិរី​។ ក្រុមហ៊ុន​ក៏​បាន​ជំរុញ​ឱ្យ​ប្រជា​សហគមន៍​ថែទាំអណ្តូង​ទាំងនេះ​ឲ្យ​បាន​ទៀងទាត់ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​ប្រើប្រាស់​រយៈពេល​វែង​។