ខេត្តព្រះសីហនុ ៖ ទីតាំងប្រើប្រាស់និងចែកចាយគ្រឿងញៀនចំនួន២កន្លែងផ្សេងគ្នាក្នុងខេត្ត ត្រូវកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សហការជាមួយនាយកដ្ឋានកណ្តាលសន្តិសុខ និងសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបនិងឃាត់ខ្លួនបានមនុស្សចំនួន១៦នាក់ ក្នុងនោះមានមុខសញ្ញាចែកចាយគ្រឿងញៀនចំនួន៤នាក់ ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា ទីតាំងពីរកន្លែងដែលបានបង្ក្រាបនោះ គឺទីតាំងទី១មានផ្ទះ២ នៅក្រុងព្រះសីហនុ ឃាត់ខ្លួនមនុស្សបានចំនួន១៤នាក់ ។ ម្ចាស់ផ្ទះទី១-ឈ្មោះយឹម យ៉ានី ហៅគង់ ម៉ាប់ ភេទប្រុស អាយុ៣៣ឆ្នាំ ស្រុកកំណើតភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ទីលំនៅបច្ចុប្បន្នក្រុមទី៨ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ហើយនៅផ្ទះទី១នេះបានឃាត់ខ្លួនម្ចាស់ផ្ទះរួមជាមួយអ្នកប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់ ។ ចំណែកម្ចាស់ផ្ទះទី២-ឈ្មោះផាម ធីម៉ឺយ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិវៀតណាម ស្រុកកំណើតនៅខេត្តកៀនយ៉ាង ប្រទេសវៀតណាម ទីលំនៅបច្ចុប្បន្នក្រុមទី៩ ក្រុម៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយបានឃាត់ខ្លួនម្ចាស់ផ្ទះជាមួយអ្នកប្រើប្រាស់គ្រឿងញៀនសរុបចំនួន៩នាក់ (ស្រី៣នាក់) ។ ចំពោះវត្ថុតាងដកហូតបានរួមមាន ថ្នាំញៀនមេតំហ្វេតាមីន(wy) ចំនួន៣គ្រាប់ ថ្នាំញៀនមេតំហ្វេតាមីន(ice) ចំនួន១កញ្ចប់តូច ដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន៥ ថង់ច្រកគ្រឿងញៀនចំនួន១០ និងសំភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
ទីតាំងទី២ ស្ថិតនៅក្រុមទី១ ភូមិស្រែក្នុង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ គឺឈ្មោះសុះ លីន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ស្រុកកំណើតនិងទីលំនៅក្នុងភូមិខាងលើ និងឈ្មោះសេន ហាក់ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ស្រុកកំណើតភូមិស្រែក្រហម ស្រុកព្រៃនប់ ទីលំនៅបច្ចុប្បន្នក្រុមទី៤ ភូមិស្រែក្នុង ឃុំអូរជ្រៅ ។ នៅទីតាំងទី២នេះដកហូតបានថ្នាំញៀនមេតំហ្វេតាមីន(wy) ចំនួន១០គ្រាប់ជារបស់ឈ្មោះសុះ លីន ៕
ចែករំលែកព័តមាននេះ