ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាងជើង​ធ្វើ​ទស្ស​ន​កិច្ច​នៅកម្ពុជា

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​​អគ្គ​មហា​សេនាបតី​តេជោ​​ ហ៊ុន សែន​​ បាន​ប្រាប់​​ឱ្យ​ដឹង​ថា នៅក្នុងជំនួប​សម្តែង​ការគួរ​សម​ជាមួយ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​នា​រសៀល​ថ្ងៃទី២៨  មីនា ​នៅ​វិមាន​សន្តិភាពទី ស្តី​ការ​នាយក​រដ្ឋ​មន្ត្រី​ លោក Park Jae Gyong អនុរដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​សា​ធារណ​រដ្ឋ ​​ប្រជា​មានិតប្រជាធិបតេយ្យ​កូរ៉េ បានពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សាកសួរ​សុខ​ទុក្ខ​​ និង​ជូន​ពរ​ស័ព្ទ​សា​ធុការ ចំពោះសម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​​ ហ៊ុន សែន​​ ពី​សំណាក់​លោកសេនាប្រមុខ​ គីម ជុង​អ៊ីល ​ព្រម​ទាំង​​បាន​ថ្លែង​អំណរគុណ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ដែល​បាន​ស្វាគមន៍​យ៉ាងកក់ក្តៅ​ចំពោះ​​គណៈ​ប្រតិ​ភូ​របស់​លោក ។

លោក​ Park Jae Gyong ​មាន​ប្រសាសន៍​ថា ទំនាក់​ទំនង​​រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា និងសា​ធាណរដ្ឋ​​ប្រជា​មា​និត​ប្រជាធិបតេយ្យកូរ៉េ​គឺ​បាន​កសាងឡើង​ដោយ​លោក​សេនាប្រមុខ​គីម អ៊ីល​ស៊ុង ​និងព្រះ​ករុណាព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ​ដែល​មាន​​អាយុ​​កាលជាង​៣០​ឆ្នាំកន្លង​មកហើយ​ ។ រហូត​មក​ដល់​ពេលនេះ​ទៀត ​ទំនាក់​ទំនង​ដ៏​មានចំណាស់​នេះ​ ក៏​កាន់​​តែ​រីកចម្រើន​ឡើង ហើយ​លោកក៏​បាន​មាន​ប្រសាសន៍​ទៀតថា ដំណើរ​ទស្សនកិច្ច​​របស់​លោកមក​កាន់​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា​​នៅ​ពេល​នេះ​គឺ​ដើម្បី​បើក​ឱ្យ​​មាន​​ភាពទូលំទូលាយ​ និង​រឹង​មាំ​ថែម​ទៀត​អំពីកិច្ច​សហប្រតិបត្តិ​ការ​រវាងប្រទេស​ទាំងពីរកម្ពុជា និង​សា​ធារណរដ្ឋ​ប្រជាមានិត​​ប្រជាធិបតេយ្យ​កូរ៉េ ។

​ឆ្លៀតឱកាស​នោះ លោក​ Park Jae Gyong ក៏​បាន​គោរពអញ្ជើញ​​​សម្តេច​តេជោនាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ទៅធ្វើ​ទស្សនកិច្ច​នៅ​សាធា​រណរដ្ឋ​ប្រជា​មានិត​ប្រជាធិបតេយ្យ​កូរ៉េផងដែរ ។ ​ជាការឆ្លើយ​តប ​សម្តេច​តេជោនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​បានថ្លែង​អំណរគុណ​ចំពោះ​ការ​ផ្តាំ​ផ្ញើ​​សាកសួរសុខទុក្ខ​ និងការជូនពរស័ព្ទ​សា​ធុកា​​រចំពោះ​សម្តេច​ពីសំណាក់​លោក​សេនា​ប្រមុខ​គីម ជុងអ៊ីល ហើយសម្តេច​ក៏​បានឯកភាព​ទាំង​ស្រុង ​ចំពោះ​ទំនាក់ទំនង​រវាងព្រះ​រាជាណាចក្រ​កម្ពុជា ​និងសា​ធារណរដ្ឋប្រជាមានិត​ប្រជា​ធិប​តេយ្យ​កូរ៉េដូចដែល​លោក Park លើក​បាន​លើក​ឡើង ។ សម្តេច​បានឯកភាព​ដោយ​ស្នើសុំ​ឱ្យ​​ពិនិត្យ​​មើលកិច្ច​សហប្រតិបតិ្ត​ការ​ថ្មីៗ​ទៀត​ដែល​អាច​នាំឱ្យ​ប្រទេស​ទាំងពីរ​សហការគ្នា​បាន​ ជា​ពិសេស ​លើវិស័យ​សេដ្ឋកិច្ច​ និងពាណិជ្ជកម្ម ។

​ពាក់ព័ន្ធ​ទៅនឹងការ​អញ្ជើញ​​សម្តេច​តេជោ ​នាយករដ្ឋ​មន្ត្រី​ទៅបំពេញ​ទស្សនកិច្ច​​នៅ​សា​ធារណ​រដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​​ សម្តេច​តេជោនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​​បាន​ទទួល​យកនូវការ​អញ្ជើញ​នេះ ហើយ​សម្តេច​​ក៏​បាន​ណែនាំ​ដើម្បីស្វែងរក​នូវពេលវេលាដ៏សម​ស្រប​ណាមួយ ដើម្បីអញ្ជើញ​ទៅបំពេញ​​ទស្ស​ន​កិច្ច​​នេះ ។ ​ក្នុងឱកាស​នោះ​ សម្តេច​តេជោនាយករដ្ឋ​មន្ត្រី ក៏​បាន​ជូនពរដល់លោក​សេនា​ប្រមុខ​គីម ជុងអ៊ីល ​ក៏​ដូច​ជាលោកនាយករដ្ឋ​មន្ត្រី​ដែល​ធ្លាប់​បានមក​បំពេញ​ទស្សនកិច្ច​នៅកម្ពុជាកាលពីឆ្នាំ២០០៧ ​ផង​ដែរ ៕