រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈកាលពីព្រឹកថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០១៦ បានរៀបចំធ្វើសន្និសីទសារព័ត៌មានស្តីពី «ការរៀបចំមហោស្រពសិល្បៈកំណាព្យ និងចម្រៀងខ្មែរជាសាកល» លើកទី៤ឆ្នាំ២០១៦ ។
លោកហាប់ ទូច អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា មហោស្រពនេះធ្វើឡើងចំនួន៣លើកមកហើយ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ។ រាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈបន្តការការងារនេះទៀត។ មហោស្រពបង្កើតវិញ្ញាសា ផ្សេងៗគ្នា មានចម្រៀងបុរាណ-សម័យ និងកំណាព្យ។ ក្នុងឆ្នាំ២០១៦ សម្រេចយកវិញ្ញាសាចំនួន៤ គឺស្មូត្រ ឬសូត្រកំណាព្យ ចម្រៀងភ្លេងការ ចម្រៀងបាសាក់ និងចម្រៀងសម័យជំនាន់ទសវត្ស៥០ ដល់៧០ ដើម្បីឲ្យបេក្ខជនទាំងក្នុង និងក្រៅប្រទេសចូលរួមប្រឡងដណ្តើមជ័យលាភី។ ក្នុងការជ្រើសរើសបេក្ខជន-បេក្ខនារីបានបង្កើតគណៈកម្មការរៀបចំការប្រឡងទាំង២៥ខេត្ត-រាជធានី ដោយចម្រាញ់យកតែបេក្ខជន-បេក្ខនារីជាប់លេខ១ ដូចជាវិញ្ញាសា១ មានបេក្ខជនមួយរូប និងបេក្ខនារីមួយរូប បើគិតលើ៤វិញ្ញាសា មានអ្នកជាប់៨នាក់ ។ គ្រប់២៥ខេត្ត-រាជធានី គឺមានបេក្ខជនរហូតដល់២០០នាក់ តែជាក់ស្តែងបេក្ខជនមានឈ្មោះប្រឡងចំនួន១២៩នាក់ ។
សម្រាប់បេក្ខជននៅក្រៅប្រទេសគឺបេក្ខជនអាចដាក់ពាក្យប្រឡងតាមហ្វេសបុ៊ករបស់ក្រសួង ឬតាមគេហទំព័ររបស់ក្រសួង ឬដាក់ពាក្យប្រឡងតាមស្ថានទូតដែលប្រចាំនៅប្រទេសនោះ។ ម្យ៉ាងទៀតដើម្បីសម្រួលដល់បេក្ខជននៅក្រៅប្រទេស គណៈកម្មការរៀបចំការប្រឡងចម្រៀងនៅប្រទេស នីមួយៗ សម្របសម្រួលជ្រើសរើស ។ សរុបបេក្ខជននៅបរទេសមាន អាមេរិក២នាក់ បារាំង៣នាក់ អូស្ត្រាលី២នាក់ និងកាណាដា១មា្នក់ ។
បេក្ខជននៅក្រៅប្រទេសទាំង២ភេទ មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានសញ្ជាតិដើមជាខ្មែរ ឬឪពុកម្តាយមានសញ្ជាតិដើមជាខ្មែរ ហើយមិនមែនជាជ័យលាភីក្នុងការប្រឡងចម្រៀងខ្មែរជាសាកលកាលពីមុន ។
ចំពោះដំណើរការប្រឡងជ្រើសរើសជ័យលាភីប្រព្រឹត្តទៅ ជាដំណាក់កាលៗដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រមានសកម្មភាពដូចជា៖ ដំណាក់កាលទី១ វគ្គប្រឡងជម្រុះលើកទី១សម្រាប់បេក្ខជន-បេក្ខនារីក្នុងប្រទេសប្រព្រឹត្តទៅពីថ្ងៃទី១៧ដល់ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៦ នៅសាលមហោស្រពចេនឡា ។ ដំណាក់កាលទី២វគ្គប្រឡងជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់បេក្ខជនបេក្ខនារីក្នុងប្រទេសដែលជាប់ក្នុងវគ្គជម្រុះលើកទី១ រួមជាមួយបេក្ខជន-បេក្ខនារីពីក្រៅប្រទេសពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៦ នៅសាលមហោស្រពចេនឡា ។
ដំណាក់កាលទី៣វគ្គប្រឡងផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ដល់ថ្ងៃទី២ ធ្នូ ឆ្នាំ២០១៦ ចាប់ពីម៉ោង២និង៣០នាទីរសៀលនៅសាលមហោស្រពចេនឡា ជ្រើសរើសយកជ័យលាភីលេខ១ លេខ២ និងលេខ៣ (បុរសនារី) លើវិញ្ញាសាទាំង៤ និងរង្វាន់លួងចិត្ត ។
ការបិទមហោស្រព និងប្រកាសជ័យលាភី នៅថ្ងៃទី៣ ធ្នូ ឆ្នាំ២០១៦ វេលាម៉ោង២និង៣០នាទីរសៀលនៅសាលមហោស្រពកោះពេជ្រ ។
មហោស្រពនេះជាការផ្តល់ឱកាសសម្រាប់មហាជនខ្មែរពីគ្រប់មជ្ឈដ្ឋានទាំងនៅក្នុង និងក្រៅប្រទេសបានជួបជុំគ្នាដកបទពិសោធន៍ និងឈ្វេងយល់ពីគ្នាទៅវិញទៅមកដែលជាមូលដ្ឋានគ្រឹះក្នុងការផ្សារភ្ជាប់ការទាក់ទងពីសង្គមមួយ ទៅសង្គមមួយ ពីក្រុមមួយទៅក្រុមមួយ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ឲ្យរួមគ្នាក្នុងបុព្វហេតុសន្តិភាព និងអភិវឌ្ឍជាតិ ។ សមាសភាពចូលរួមមានក្រសួងវប្បធម៌ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ ក្រសួងអប់រំយុវជន និងកីឡា, ធនាគារកាណាឌីយ៉ា និងស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន ៕
ចែករំលែកព័តមាននេះ