ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ម៉ៃ សុគន្ធ រង​ការ​រិះគន់​សារ​ជា​ថ្មី បទ​មរតក​ដើម​«​ផ្កាយព្រឹក​»​ថត​ថ្មី​បែប​អាសអាភាស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សារ​ជា​ថ្មី​ម្តងទៀត ការ​រិះគន់់​ពី​សំណាក់​មហាជន​អំពី​ការ​លួច​ចម្លង​បទ​ចម្រៀង​ពី​ថៃ ទើបតែ​ស្ងប់ស្ងាត់​មិន​ទាន់​បាន​ប៉ុន្មាន​ផង

រាជធានី​ភ្នំពេញ ៖ សារ​ជា​ថ្មី​ម្តងទៀត ការ​រិះគន់់​ពី​សំណាក់​មហាជន​អំពី​ការ​លួច​ចម្លង​បទ​ចម្រៀង​ពី​ថៃ ទើបតែ​ស្ងប់ស្ងាត់​មិន​ទាន់​បាន​ប៉ុន្មាន​ផង ឥឡូវ​តារាចម្រៀង​លោក​ម៉ៃ សុគន្ធ បាន​បង្កើត​ឲ្យ​មានការ​រិះគន់​ផ្ទុះ​ឡើង​ជាមួយនឹង​បទ​ចម្រៀង​មរតក​ដើម​របស់​លោកតា ស៊ិ​ន ស៊ី​សា​មុត បទ​«​ផ្កាយព្រឹក​» ព្រោះតែ​បទ​នេះ​បាន​ថត​ជា​ថ្មី ជាមួយនឹង​ការ​សម្តែង​បង្ហាញ​ឲ្យ​ឃើញ​ហាក់ដូច​រឿង​អាសអាភាស​ទៅ​វិញ ដែល​តួ​ស្រី តួ​ប្រុស​សម្តែង​គ្មាន​សម្លៀក​បំពាក់ ។

នៅ​ក្នុង​បទ​ចម្រៀង​មាន​រយៈពេល​១​នាទី​និង​៤៨​វិនាទី (​នៅ​មិន​ទាន់​ជា Full MV នៅឡើយ​) នៅ​ក្នុង​ផលិតកម្ម Zoom មិន​បញ្ចេញ​ឈ្មោះ​អ្នកនិពន្ធ​ទេ ដោយ​ដាក់​ថា (​មរតក​ដើម​) និង​សម្រួល​តន្ត្រី​ដោយ ផល វឌ្ឍនៈ ដឹកនាំ​សម្តែង​និង​ថត​ដោយ Jeudy ហើយ​ការ​សម្តែង​ដោយ កញ្ញា អ៊ុ​ន អា​លី​ហ្សា និង​តារា​ប្រុស​ថ្មី​ម្នាក់​ទៀត​។ អ្វី​ដែល​អ្នកលេង​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​រិះគន់​នោះ គឺ​មាន​ឈុត​ឆាក​មួយ​ចំនួន ដែល​តួ​ស្រី និង​តួ​ប្រុស​ប្រលែង​សល់​តែ​ខ្លួន​ទទេ ក្នុង​បន្ទប់ទឹក ដែល​គេ​មើលទៅ​ហាក់ មិន​ស៊ីគ្នា​ជាមួយនឹង​បទ​ម្រៀ​ង​«​ផ្កាយព្រឹក​»​ទេ​។ ផ្ទុយ​ទៅ​វិញ អ្នក​ទស្សនា​មួយ​ចំនួន​មើលឃើញ​ការ​ផលិត​ស្រើបស្រាល​បែប​អាសអាភាស​ទៅ​វិញ ។

អ្នក​រិះគន់​ម្នាក់​បាន​ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​ក៏​យក​បទ​ចម្រៀង​មរតក​ដើម មក​ផលិត MV ជា​កម្ម​សិទ្ធិរបស់​ខ្លួន​ទៅ​វិញ? គួរតែ​ផ្តល់​តម្លៃ លើកតម្កើង និង​អភិរក្ស ។ ប្រភព​ដដែល​បន្ត​ថា «​គាំទ្រ ឆ្កួត​អី បទ​គេ​ល្អ​ល្អ យក​មក​ច្រៀង​ដូច​ឆ្កួត​» ។ ក្រៅពី​ការ​រិះគន់​ប្រភព​ខាង​លើ​ក៏​បាន​ស្នើ​សុំ​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មានការ​ត្រួត​ពិ​និ​ត្យ និង​ចាត់វិធានការ​ជុំវិញ​ការ​ផលិត​បទ​ចម្រៀង​ដែល​ជា​មរតក​ដើម ត្រូវ​បាន​លួច​ចម្លង​ធ្វើ​ជា​បទ​ចម្រៀង​ថ្មី​ថែម​ទាំង​ថត​សម្តែងបែប​ស្រើបស្រាល​​អាសអាភាស ​។

សូម​រម្លឹក​ថា តារាចម្រៀង​លោក ម៉ៃ សុគន្ធ ធ្លាប់​ទទួល​បានការ​រិះគន់​យ៉ាង​ខ្លាំង​ម្តង​រួច​មក​ហើយ ក្រោយ​ពី​តារាចម្រៀង​រូប​នេះ​បាន​លួច​ចម្លង​បទ​ចម្រៀង​របស់​ថៃ ។ ការ​រិះគន់​ពុះកញ្ជ្រោល​ខ្លាំង​ឡើង​ក្រោយ​គេហទំព័រ​របស់​ថៃ​យក​បទ​ចម្រៀង​ដែល​អ្នកចម្រៀង​ខ្មែរ​ច្រៀង​តាម និង​បទ​ថៃ ប្រៀបធៀប​គ្នា រហូត​ប្រើ​ពាក្យ​ថា «​អៀនខ្មាស​ទេ​» ។ ផេ​ក​ថៃ​បាន​យក​បទ​ចម្រៀង​ខ្មែរ​២​បទ មក​រិះគន់ ហើយ​ដុត​កម្តៅ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ឱ្យ​មាន​អារម្មណ៍​ឈឺចាប់ ។ ហ្វេ​ស​ប៊ុ​ក​ជនជាតិ​ថៃ​បាន​រិះគន់​យ៉ាង​ខ្លាំង​ស្ទើរ​ផ្អើល​ពេញ​ប្រទេស​ថៃ​ទៅ​ហើយ ក្នុង​នោះ​មាន​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​ជនជាតិ​ខ្មែរ​ផង​ដែរ ចូលរួម​រិះគន់​ក្នុង​ន័យ​បញ្ចេញ​មតិយោបល់​ស្នើ​សុំ​ឱ្យ​អ្នកនិពន្ធ​ខ្មែរ និង​តារាចម្រៀង​បញ្ឈប់​ការ​លួច​ចម្លង​ពី​គេ ដើម្បី​កុំឱ្យ​ប្រទេស​ជិតខាង​បន្ត​មាក់ងាយ​លើ​វិស័យ​សិល្បៈ​ចម្រៀង​ខ្មែរ ។

គេ​នៅ​ចាំ​បាន​ថា​បទ​ចម្រៀង «​ស្ទាវ​សម័យ​4G» មិន​ត្រឹមតែ​ចម្លង​បទ​ភ្លេង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​យក​ស្ទីល​កាយវិការ​សម្តែង​ទៀត​ផង ។ ក្នុង​ការ​រិះគន់​រឿង​លួច​បទ​ចម្រៀង​បរទេស​នេះ​ស្ងប់ស្ងាត់​មិន​បាន​ប៉ុន្មាន​ផង បន្ទាប់​ពី​តារាចម្រៀង​ប្រុស​ស្រី​២​នាក់​ត្រូវ​គេ​រិះគន់​ខ្លាំង​គ្រា​ដែល​យក​បទ​ចម្រៀង​ដ៏​ល្បី​របស់​ប្រទេស​ថៃ​មក​ច្រៀង គឺ​បទ «​ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ​» ជា​បទ​ចម្រៀង ច្រៀង​ដោយ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន លោក​កែវ វាសនា និង​និពន្ធ​ទំនុកច្រៀង​ដោយ​លោក​ងួ​ន សុ​បិ​ន្ត និង​បទ​«​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​» ជា​បទ​ចម្រៀង​ដែល​មាន​បទ​ភ្លេង​ដូច​គ្នា​ច្រៀង​ដោយ​កញ្ញា ម៉ា​លី ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម U Production ។

ទៅ​ជា​យ៉ាងណា​កោះសន្តិភាព​នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​បញ្ជាក់​បំភ្លឺ​ពី​តារាចម្រៀង​លោក​ម៉ៃ សុគន្ធ និង​អ្នកដឹង​នាំ​ការ​ថត​និង​សម្តែង​បាន​នៅឡើយ​ទេ ។

ដើម្បី​អោយ​កាន់តែ​ច្បាស់​សូម​ទស្សនា​ចម្រៀង​មួយ​បទ​នេះ មាននៅ​ខាងក្រោម ៖