ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ស្នើ​ឱ្យ​មានការ​ចរចា​ជាមួយ​រដ្ឋាភិបាល​អង់គ្លេស​លើ​យុទ្ធសាស្ត្រ​ទាក់ទង​នឹង Brexit

7 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ជប៉ុន​បាន​ព្រមាន​ដល់​នាយក​រដ្ឋមន្ត្រី​ប្រទេស​អង់គ្លេស អ្នកស្រី Theresa May ថា រដ្ឋាភិបាល​របស់​អ្នកស្រី​ត្រូវ​តែ​បង្កើត​ការ​ទំនាក់ទំនង​នឹង Brexit បើ​មិន​ដូច្នេះ​ទេ នឹង​ប៉ះពាល់​ដល់​ការ​វិនិយោគ​ទៅ

ប្រទេស​ជប៉ុន ៖ ជប៉ុន​បាន​ព្រមាន​ដល់​នាយក​រដ្ឋមន្ត្រី​ប្រទេស​អង់គ្លេស អ្នកស្រី Theresa May ថា រដ្ឋាភិបាល​របស់​អ្នកស្រី​ត្រូវ​តែ​បង្កើត​ការ​ទំនាក់ទំនង​នឹង Brexit បើ​មិន​ដូច្នេះ​ទេ នឹង​ប៉ះពាល់​ដល់​ការ​វិនិយោគ​ទៅ​កាន់​ចក្រភព​អង់គ្លេស ។

ទើបតែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អ្នកស្រី May បាន​ចេញ​មុខ​បញ្ចុះបញ្ចូល​ក្រុមហ៊ុន Nissan Motor Co ដើម្បី​ឲ្យ​បន្ត​ផលិត​រថយន្ត​ក្នុង Sunderland អគ្គរាជទូត​ជប៉ុន​ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ក៏​បាន​ទាមទារ​ឲ្យ​មានការ​ប្រជុំ​ជា​ប្រចាំ ដើម្បី​ពិភាក្សា​ទៅ​លើ​យុទ្ធសាស្ត្រ​របស់​អង់គ្លេស​ក្នុង​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប ។

លោក Koji Tsuruoka បាន​ប្រាប់​ទៅ​កាន់​អង្គនីតិប្បញ្ញត្តិ​រួម​មាន ប្រធាន​អ្នក​ចរចា​របស់​អង់គ្លេស លោក David Davis ថា ៖ «​ប្រាកដ​ណាស់​ប្រទេស​ជប៉ុន​នឹង​មិន​ចូលរួម​ក្នុង​ការ​ចរចា​រវាង​ចក្រភព​អង់គ្លេស និង EU ទេ​។ ប៉ុន្តែ​ពួក​យើង​គឺជា​មិត្ត និង​ជា​ម្ចាស់​ភាគហ៊ុន​ធំ​ៗ​ផង​ដែរ​សម្រាប់​អង់គ្លេស ដោយ​វត្តមាន​ផ្នែក​សេដ្ឋកិច្ច​របស់​ជប៉ុន​នៅ​ចក្រភព​អង់គ្លេស ពិតជា​ខ្លាំងក្លា ។ ដូច្នេះ​ហើយ​វត្តមាន​ដ៏​សំខាន់​នេះ​នឹង​មាន​ឥទ្ធិពល​ដល់​ការ​សម្រេច​កិច្ចចរចា​នោះ​ជា​មិន​ខាន » ។

អ្នកស្រី May ត្រូវ​បាន​ដាក់​សម្ពាធ​ពី​ប្រទេស​ជប៉ុន​ផង​ដែរ តាម​រយៈ​ឯកសារ​១៥​ទំព័រ​ដែល​បាន​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​ពី Brexit ដើម្បី​ឲ្យ​អ្នកស្រី​ផ្តល់​ជំនឿ​ទុកចិត្ត​ដល់​វិនិយោគិន ។

លោក Tsuruoka អះអាង​ថា ប្រទេស​ជប៉ុន​មាន​ចំណែក​ដ៏​ធំ​ក្នុង​សេដ្ឋកិច្ច​របស់​ចក្រភព​អង់គ្លេស ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ជនជាតិ​ជប៉ុន​ទាំងនោះ​ជា​ចំណុច​ដ៏​សំខាន់​ក្នុង​ការ​ចរចា​ពី Brexit ។ លោក​ក៏​បាន​សរសើរ​ដល់​ក្រុមហ៊ុន Nissan ដែល​បាន​បង្ហាញ​ភាព​ក្លាហាន ក៏​ដូច​ជា​សរសើរ​ដល់​ការ​សម្រេចចិត្ត​របស់​អ្នកស្រី May ផង​ដែរ ។

Haruki Hayashi ប្រធាន​ក្នុង​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន​នៅ​ចក្រភព​អង់គ្លេស និង​ជា​អគ្គនាយក​ក្នុង​តំបន់​អឺរ៉ុប​របស់ Mitsubishi និយាយ​ថា ៖ « មាន​វិធី​ច្រើន​ជាង​ការ​ផ្តល់​ជំនឿ​ទុកចិត្ត​ឡើង​វិញ​ទៅ​ទៀត ត្រូវ​បាន​ស្នើ​ឲ្យ​អនុវត្ត​ក្នុង​ដំណាក់កាល​នេះ​ដើម្បី​ធានា​ថា វត្ត​មានការ​វិនិយោគ​របស់​ជប៉ុន​នៅ​ចក្រភព​អង់គ្លេស​នឹង​មិន​បាត់បង់​ទៅ ព្រោះតែ​មាន​កង្វះខាត​ផ្នែក​ប្រឹក្សា​យោបល់ និង​ការ​ចែករំលែក​ព័ត៌មាន » ។

លោក​បន្ថែម​ថា ក្រុមហ៊ុន​ជប៉ុន​ទាំងនោះ​កំពុង​ត្រូវ​បាន​ទាក់ទង​ដោយ​ប្រទេស​ដទៃ ដែល​មាន​គោលបំណង​អញ្ជើញ​ពួក​គេ​ឲ្យ​ផ្លាស់​ប្តូរ​ទៅ​ទីនោះ ។

លោក Hayashi និយាយ​ថា ចក្រភព​អង់គ្លេស​ត្រូវ​តែ​យល់​ដឹង​ពីសារ​សំខាន់​នៃ​សមាជិក EU របស់​ពួក​គេ​សម្រាប់​ដៃគូ​ការ​វិនិយោគ​សកល​ទាំងនោះ ដោយ​វា​បាន​បើកផ្លូវ​ទៅ​កាន់​ទីផ្សារ​រួម​របស់ EU ក៏​ដូច​ជា​សមត្ថភាព​របស់​ពលករ​ក្នុង​ការ​ចល័ត​ដោយ​សេរី​ផង​ដែរ ។

លោក Davis បាន​ឆ្លើយ​តប​ទៅ​លោក Tsuruoka ដោយ​មិន​បាន​លើក​ឡើង​ពី​ការ​ព្រមាន និង​សំណើ​ឲ្យ​មាន​កិច្ចប្រជុំ​របស់​លោក​អគ្គរាជទូត​រូប​នេះ​ឡើយ ។ ផ្ទុយ​មក​វិញ លោក​បែរជា​ព្យាយាម​អះអាង​ថា ប្រទេស​អង់គ្លេស​នៅ​ថ្ងៃ​អនាគត​នឹង​ក្លាយជា​កន្លែង​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ​ពី​បរទេស​ទៅ​វិញ ។ លោក​និយាយ​ថា ៖ « ប្រទេស​អង់គ្លេស​នឹង​ក្លាយជា​សញ្ញា​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី ។ រដ្ឋាភិបាល​នេះ​បាន​យល់​ដឹង​រួច​មក​ហើយ​ថា ការ​ផ្តល់​ជំនឿ​ទុកចិត្ត​ដល់​អាជីវកម្ម និង​វិនិយោគិន គឺ​ពិតជា​សំខាន់​។ លោក​ពិតជា​ចង់​ឃើញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដ៏​ទូលំទូលាយ​រវាង​ចក្រភព​អង់គ្លេស និង EU ផង​ដែរ » ៕