ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិផរណា​ថៃ​រយៈពេល​10​ខែ​មាន​ភាព​វិជ្ជមាន​ត្រឹម​0,06%

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ខណៈ​តម្លៃ​ប្រេង​ក្នុងស្រុក​បាន​កើនឡើង អតិផរណា​ក្នុង​រយៈពេល​១០​ខែ​ដំបូង​មាន​ភាព​វិជ្ជមាន​ត្រឹម​០,០៦% ដែល​ធានា​ថា ស​ន្ទ​ស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់ (CPI) នឹង​កើនឡើង​ជាមួយនឹង​ការ​ព្យាករ​របស់​ក្រសួងពាណិជ្ជកម្ម

ប្រទេស​ថៃ ៖ ខណៈ​តម្លៃ​ប្រេង​ក្នុងស្រុក​បាន​កើនឡើង អតិផរណា​ក្នុង​រយៈពេល​១០​ខែ​ដំបូង​មាន​ភាព​វិជ្ជមាន​ត្រឹម​០,០៦% ដែល​ធានា​ថា ស​ន្ទ​ស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់ (CPI) នឹង​កើនឡើង​ជាមួយនឹង​ការ​ព្យាករ​របស់​ក្រសួងពាណិជ្ជកម្ម ក្នុង​រយៈពេល​ពេញ​១​ឆ្នាំ ពី​០%-១% ហើយ​ក្រសួង​ក៏​រំពឹង​ថា អតិផរណា​នឹង​ឡើង​កាន់តែ​ខ្ពស់​សម្រាប់​ខែ​ក្រោយ​ៗ​ទៀត ។

ក្រសួង​រាយការណ៍​ថា អត្រា​អតិផរណា​០,០៦%​ក្នុង​រយៈពេល​១០​ខែ​នេះ គឺ​បន្ទាប់​ពី​ស​ន្ទ​ស្សន៍ CPI បាន​កើនឡើង​០,៣៤%​ក្នុង​ខែតុលា ។ អតិផរណា​វិជ្ជមាន​រយៈពេល​៧​ខែ​ជាប់​គ្នា​បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេងឥន្ធនៈ​កើនឡើង ។

ការ​ព្យាករ​នេះ​សន្មត​ថា តម្លៃ​ប្រេង​ឆៅ​នៅ​ទីក្រុង​ឌូ​បៃ ជា​មធ្យម​នឹង​មាន​តម្លៃ​ពី​៣៥​ដុល្លារ​-៤៥​ដុល្លារ​ក្នុង​១​បារ៉ែល ដែល​ខ្ពស់​ជាង​ការ​ព្យាករ​ពី​មុន​៣០​ដុល្លារ​-៤០​ដុល្លារ ។ ប៉ុន្តែ​ការ​ឡើងថ្លៃ​ប្រាក់​បាត​នឹង​ទូទាត់​តម្លៃ​ខ្ពស់​នៃ​ការ​នាំ​ចូល​ប្រេង​។ ប្រាក់​បាត​នឹង​មាន​តម្លៃ​ចន្លោះ​ពី​៣៥​បាត​-៣៧​បាត​ក្នុង​១​ដុល្លារ ។ ក្រសួង​ព្យាករ​ទៀត​ថា ផលិតផល​ក្នុងស្រុក​សរុប (GDP) នឹង​កើនឡើង​២,៨%-៣,៨% នៅ​ឆ្នាំ​នេះ ។

លោកស្រី Pimchanok Wornkorporn អគ្គនាយករង​នៃ​ការិយាល័យ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម ថ្លែង​ថា ៖ « ស្រប​ពេល​អតិផរណា​ងើបឡើង​វិញ ក្រសួង​នឹង​រក្សា​គោលដៅ​អតិផរណា​សម្រាប់​ឆ្នាំ​នេះ ខណៈ​វា​បាន​វិល​ត្រឡប់​ទៅ​រក​ភាព​វិជ្ជមាន​ជា​បណ្តើរ​ៗ » ។

លោកស្រី​បន្ត​ថា ការ​កើនឡើង​បន្តិច​តាម​ការ​រំពឹង​ទុក​សម្រាប់​ស​ន្ទ​ស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់ នៅ​ក្នុង​ខែ​នៅ​សេសសល់ នឹង​ហុច​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច ព្រមទាំង​លើកទឹកចិត្ត​ដល់​ការ​ចំណាយ​បន្ថែម​ទៀត ។

កាលពី​ខែ​មុន តម្លៃ​អាហារ​និង​ភេសជ្ជៈ​បាន​កើនឡើង​០,៨៩%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ខណៈ​តម្លៃ​មិនមែន​ម្ហូបអាហារ​និង​ភេសជ្ជៈ បាន​កើនឡើង​០,០២% ។

អតិផរណា​ស្នូល ដែល​មិន​រាប់​បញ្ចូល​តម្លៃ​ម្ហូបអាហារ​និង​ប្រេងឥន្ធនៈ គឺ​គ្មាន​ការ​ប្រែប្រួល​ក្នុង​ខែតុលា ស្មើនឹង​០,៧៤%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ និង​០,០៤%​ពី​មួយ​ខែ​ទៅ​មួយ​ខែ ។ អតិផរណា​ស្នូល​ជា​មធ្យម​ក្នុង​រយៈពេល​១០​ខែ​ដំបូង​ឆ្នាំ​នេះ គឺ​០,៧៤% ដែល​ស្រប​នឹង​ការ​ព្យាករ​របស់​ធនាគារ​ថៃ ពី​០,៥%-៣% ។

ទន្ទឹម​នឹង​នេះ ធនាគារ​នៃ​ប្រទេស​ថៃ​បាន​រាយការណ៍​ថា ស​ន្ទ​ស្សន៍​ទំនុកចិត្ត​អាជីវកម្ម​នៅ​ក្នុង​ខែតុលា បាន​ធ្លាក់​ចុះ​ពី​៥០,៣​ក្នុង​ខែកញ្ញា ដល់​៤៩,២ ទាប​ជាង​ពិន្ទុ​គោល​ដែល​មាន​តម្លៃ ៥០ ដោយសារ​ទំនុកចិត្ត​លើ​វិស័យ​សេវាកម្ម​ថយ​ចុះ ។

អ្នក​លក់រាយ​គ្រឿងបន្លាស់​រថយន្ត​បាន​បង្ហាញ​ពី​ការ​ចុះ​ខ្សោយ​នៃ​ទំនុកចិត្ត ដោយសារ​ការ​លក់​រថយន្ត​ក្នុងស្រុក​ធ្លាក់​ចុះ ខណៈ​ការ​បញ្ជា​ទិញ​រថយន្ត​ថ្មី​តិច​ជាង​មុន និង​ទិន្នផល​ផលិត​រថយន្ត​ទាប ហើយ​អ្នកទិញ​ដែល​មាន​សក្តានុពល​រង់ចាំ​យុទ្ធនាការ​បញ្ចុះតម្លៃ​ក្នុង​ពិព័រណ៍​រថយន្ត​នៅ​ចុងឆ្នាំ​នេះ ៕​