ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​សេវាកម្ម​ចិន​លូតលាស់​ក្នុង​ល្បឿន​លឿន​ជាងគេ​នា​រយៈពេល​4​ខែ​មកនេះ

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ការ​ស្ទង់​មតិ​ឯកជន​មួយ​បាន​បង្ហាញ​ថា វិស័យ​សេវាកម្ម​របស់​ប្រទេស​ចិន​បាន​លូតលាស់​ក្នុង​ល្បឿន​យ៉ាង​លឿន​នា​រយៈពេល​៤​ខែ​កន្លង​មក ដោយ​មានការ​លូតលាស់​នៃ​អាជីវកម្ម​ថ្មី​ៗ​ដែល​ជំរុញ​ឲ្យ​

ប្រទេស​ចិន ៖ ការ​ស្ទង់​មតិ​ឯកជន​មួយ​បាន​បង្ហាញ​ថា វិស័យ​សេវាកម្ម​របស់​ប្រទេស​ចិន​បាន​លូតលាស់​ក្នុង​ល្បឿន​យ៉ាង​លឿន​នា​រយៈពេល​៤​ខែ​កន្លង​មក ដោយ​មានការ​លូតលាស់​នៃ​អាជីវកម្ម​ថ្មី​ៗ​ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ជា​ច្រើន​ទទួលយក​បុគ្គលិក​បន្ថែម ។

ការ​រក​ឃើញ​នេះ រួម​ជាមួយនឹង​ភាព​វិជ្ជមាន​នៃ​ការ​ព្យាករ​ទៅ​លើ​រោងចក្រ និង​សេវាកម្ម​ក្នុង​ស​ប្តា​ហ៍​នេះ​បាន​បង្ហាញ​ឲ្យ​កាន់តែ​ច្បាស់​ថា​សេដ្ឋកិច្ច​ធំ​ជាងគេ​លេខ​២​របស់​ពិភពលោក​នេះ​កំពុង​មាន​ភាព​នឹងនរ​បន្ថែម​ទៀត ។

ប្រទេស​ចិន​កាន់តែ​ពឹងផ្អែក​ខ្លាំង​ឡើង​ទៅ​លើ​វិស័យ​សេវាកម្ម​ដើម្បី​បង្កើត​ការងារ និង​ជំរុញ​ដល់​ការ​លូតលាស់ ។ ប្រទេស​នេះ​មាន​គោលបំណង​ក្នុង​ការ​ផ្លាស់​ប្តូរ​គំរូ​សេដ្ឋកិច្ច​ពី​ការ​ពឹងផ្អែក​លើ​ការ​វិនិយោគ និង​ការ​នាំ​ចេញ ទៅ​ពឹងផ្អែក​លើ​ការ​ចំណាយ​ក្នុងស្រុក​វិញ​ម្តង ។

ស​ន្ទ​ស្សន៍​របស់​អ្នកគ្រប់គ្រង​ការ​ជាវ​សេវាកម្ម (PMI) របស់ Caixin ឬ Markit បាន​កើន​ពី​៥២,០​ក្នុង​ខែកញ្ញា មក​៥២,៤​ក្នុង​ខែតុលា ។ គួរ​បញ្ជាក់​ថា តម្លៃ​ស​ន្ទ​ស្សន៍​ដែល​មាន​ច្រើន​ជាង​៥០ មាន​ន័យ​ថា មានការ​កើនឡើង​នៃ​សកម្មភាព​ប្រចាំខែ ។

ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​មានការ​លូតលាស់​លឿន​ជាងគេ​តាំងពី​ខែមិថុនា​មក​ម្ល៉េះ ។ សហគ្រាស​មួយ​ចំនួន​គិត​ថា ការ​ល្អ​ឡើង​នៃ​ស្ថានភាព​ទីផ្សារ​នេះ​មក​ពី​ការ​កើនឡើង​នៃ​តម្រូវការ ។ ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ក្នុង​ការ​ស្ទង់​មតិ​បាន​បន្ថែមចំនួន​បុគ្គលិក​២​ខែ​ជាប់​ៗ​គ្នា ប៉ុន្តែ​ចំនួន​នេះ​មាន​កម្រិត​នៅឡើយ ។

លើស​ពី​នេះ ស​ន្ទ​ស្សន៍ PMI របស់ Caixin  រាប់​បញ្ចូល​ទាំង​ផ្នែក​ផលិតកម្ម និង​សេវាកម្ម​បាន​កើនឡើង​ក្នុង​ល្បឿន​យ៉ាង​លឿន​នា​រយៈពេល​៣​ឆ្នាំ​កន្លង​មក គឺ​ពី​៥១,៤​ក្នុង​ខែកញ្ញា មក​៥២,៩​ក្នុង​ខែតុលា ។

អ្នក​សេដ្ឋកិច្ច​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បន្ត​គោលនយោបាយ​នេះ​ដើម្បី​ជួយ​ឲ្យ​មាន​ចលនា​នេះ​បន្ត​ទៀត ។

Zhengsheng Zhong ប្រធាន​ផ្នែក​វិភាគ​ម៉ាក្រូសេដ្ឋកិច្ច​ក្នុង CEBM Group ឲ្យ​ដឹង​ថា ៖ « វា​ប្រហែលជា​អាច​បន្ត​ការ​លូតលាស់​ក្នុង​ត្រីមាស​ទី​៤​ខាង​មុខ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ការ​មិន​បញ្ឈប់​គោលនយោបាយ​ជំនួយ​ទាំងនោះ​ព្រោះ​សេដ្ឋកិច្ច​នៅ​តែ​ខ្វះខាត​ការ​ជំរុញ​ដដែល » ។

ជាមួយ​គ្នា​នេះ ការ​ស្ទង់​មតិ​ផ្នែក​សេវាកម្ម​ជា​ផ្លូវការ​របស់​ប្រទេស​ចិន​បង្ហាញ​ថា មានការ​លូតលាស់​យ៉ាង​រឹង​មាំ​ក្នុង​ខែតុលា​ផង​ដែរ ។ រីឯ​ការ​ស្ទង់​មតិ​ក្នុង​ផ្នែក​ផលិតកម្ម​វិញ​ក៏​បាន​បង្ហាញ​ថា សេដ្ឋកិច្ច​កំពុង​មាន​ស្ថិរភាព ព្រោះ​មាន​តម្រូវការ​ល្អ​ឡើង​វិញ និង​ការ​សាងសង់​កើនឡើង ។

គួរ​បញ្ជាក់​ថា ការ​ស្ទង់​មតិ Markit របស់​ក្រុមហ៊ុន IHS Markit Limited ផ្តោត​ខ្លាំង​ទៅ​លើ​សហគ្រាស​ធុន​តូច​និង​មធ្យម ដែល​បាន​និង​កំពុង​ជួប​ប្រទះ​ភាព​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ច្រើន​ជាង​សហគ្រាស​ធំ​ៗ និង​សហគ្រាស​របស់​រដ្ឋ ៕