ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ស្ពានឈើ វត្តព្រះពន្លា ដែលទឹកជំនន់​បំផ្លាញ នឹង​ជំនួស ដោយស្ពានថ្ម

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និង​ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យនិងលោក ហ៊ិល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ…

ខេត្តបន្ទាយមានជ័យ៖ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និង​ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យនិងលោក ហ៊ិល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បាន​ឲ្យដឹងថា ស្ពានឈើវត្តព្រះពន្លា ដែលមានអាយុកាល ៦០ឆ្នាំហើយនោះ ស្ថិតនៅក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបំផ្លាញដោយទឹកជំនន់ បានបាក់ស្រុតចូល​ទៅក្នុងស្ទឹងព្រះពន្លា កាលពី​ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។ រហូតមកដល់សព្វថ្ងៃ ប្រហែលមានសង្ឃឹមថា នឹងជំនួសមកវិញ ដោយស្ពានថ្ម។

លោកបន្តថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធាន​ក្រុមការងារគណប្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នឹងស្ថាបនាស្ពាននេះ ជាស្ពានចាក់បេតុងឡើងវិញ នៅពេល​ឆាប់ៗនេះ។

លោក ហ៊ិល រ៉ាយ៉ា បានមានប្រសាសន៍ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ថា លោកបាន​ដឹកនាំក្រុមការងារចុះសិក្សាពិនិត្យវាស់វែង បោះតម្រុយ សម្រាប់គម្រោងស្ថាបនាស្ពានបេតុង​ព្រះពន្លា ឆ្លងស្ទឹងសិរីសោភ័ណ ដែលមានបណ្តោយប្រវែង ១២០ម៉ែត្រ ទទឹង ៨ម៉ែត្រ ដែលជា​អំណោយ​របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ជំនួសស្ពានឈើ ចាស់ទ្រុឌទ្រោម ដែលបានបាក់ដួលរលំខូចខាត​ ដោយទឹកជំនន់ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ កន្លងមកនេះ ។

លោក សុក ចាន់ថា លើកឡើងថា លោកបានដឹកនាំក្រុមការងារ បន្ទាប់ពីមាន​សំណូមពរដ៏ទទូចពីព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានចុះពិនិត្យជាក់ស្តែង និងសួរសុខទុក្ខប្រជាពលរដ្ឋនៅទីនោះ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មក​។

ព្រះតេជគុណ យឿន សាមឿន ព្រះគ្រូចៅអធិការ វត្តព្រះពន្លា បានមានសង្ឃដិកាថា ស្ពានឈើ​ចាស់ទីនោះ ត្រូវបានសាងសង់ដោយព្រះសង្ឃ នៅគ.ស១៩៦២ លុះដល់ឆ្នាំ១៩៩៣ ស្ពានត្រូវ​បានជួសជុលកែលម្អ និងប្រក់ដំបូលស័ង្កសី ដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងសប្បុរសជន។ ប៉ុន្តែដោយស្ពាននេះ វាចាស់ទ្រុឌទ្រោមខ្លាំងពេក បានបាក់ដួលរលំខូច​ខាតទាំងស្រុង ដោយទឹកជំនន់ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០​។ ស្ពាននេះ មានសារ​សំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋពុទ្ធបរិស័ទ ឆ្លងកាត់ មាន៖ ភូមិ ១/ភូមិព្រះពន្លា, ២/ភូមិ ព្រៃឬស្សី, ៣/ភូមិ៣, ៤/ភូមិ៤​។

ព្រះគ្រូចៅអធិការវត្ត បានមានសង្ឃដិកាបន្តថា ចាប់ពីស្ពានបាក់មកព្រះអង្គ មានបំណងស្នើឲ្យ​មាន​ការស្ថាបនាឡើងវិញដែរ ប៉ុន្តែដោយសារមានវិបត្តិសាកលនៃជំងឺកូវីដ.១៩ ទើបត្រូវផ្អាកវិញ និងម្យ៉ាងទៀតដោយសារមានស្ពានបេតុងមួយ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី ស្ថិតនៅខាងជើងនោះ ស្ពាននេះហើយ សម្រាប់ឆ្លងស្ទឹងសិរីសោភ័ណ វាមិនអាចធ្វើឲ្យកកស្ទះប្រជាជនឆ្លងកាត់ ទៅមកផង។

គួរបញ្ជាក់​ថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ​២០២២ នេះ បានដំណឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បានផ្តល់អំណោយសាងសង់ជាស្ពានបេតុងថ្មី សំរាប់ជូនដល់​ព្រះសង្ឃ ប្រជាពលរដ្ឋ ធ្វើដំណើរទៅមកបានស្រួល សង្ឃឹមថា ប្រជាជនរស់នៅ ៤ភូមិ ១/ភូមិព្រះពន្លា ,២/ភូមិព្រៃឬស្សី, ៣/ភូមិ៣, ៤/ភូមិ៤ ពិតជាសប្បាយចិត្ត និងប្រជាពលរដ្ឋ​ទូទៅធ្វើដំណើរបានស្រួលផងដែរ​ ​និងដោយឡែក ពុទ្ធបរិស័ទចំណុះជើងវត្ត នឹងងាយស្រួលទៅ​មកធ្វើបុណ្យទាន នៅវត្តព្រះពន្លានេះ​។

លោក ហ៊ឹល រ៉ាយ៉ា និង​លោក សុក ចាន់ថា បានឲ្យដឹង​ថា តាមគម្រោងសាងសង់ស្ពានថ្មថ្មីនេះ អាចចំណាយពេលពី ២៤ ទៅ ៣០ខែ ព្រោះពេលនេះ ជារដូវវស្សា ហើយនិងទឹកជន់ឡើងផងដែរ។

ក្នុងនោះ ប្រជាពលរដ្ឋ​បានថ្លែងអំណរគុណ​ដល់​សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ពិសេស​លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ និងលោក​ជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានយកចិត្តទុកដាក់រួមសុខរួមទុក្ខកសាងស្ពានថ្មឡើងវិញ ជំនួសស្ពានឈើ ដែលបំផ្លាញដោយទឹកជំនន់ ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ បង្កលក្ខណ:ងាយស្រួលដល់ ព្រះសង្ឃ និងពុទ្ធបរិស័ទឆ្លងទៅមកធ្វើបុណ្យទាន បានស្រួលផងដែរ៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ