ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ជាតិ​និង​អន្តរជាតិ​កំពុង​សហការ​គ្នា​ជួសជុល​ប្រាសាទភ្នំបាខែង

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ លោក​បណ្ឌិត​ស៊ុំ ម៉ា​ប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ បាន​ទៅ​ពិនិត្យ​ការដ្ឋាន​ជួសជុល​ប្រាសាទភ្នំបាខែង ដែល​កំពុង​ដំណើរការ​ជួសជុល​ដោយ​អង្គការ​មូលនិធិ​ប្រាសាទ​

ខេត្តសៀមរាប ៖ លោក​បណ្ឌិត​ស៊ុំ ម៉ា​ប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ បាន​ទៅ​ពិនិត្យ​ការដ្ឋាន​ជួសជុល​ប្រាសាទភ្នំបាខែង ដែល​កំពុង​ដំណើរការ​ជួសជុល​ដោយ​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក (World Monuments Fund) សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ។

ក្នុង​ដំណើរ​ត្រួតពិនិត្យ​ការងារ​នេះ លោក​អគ្គនាយក​បាន​ស្តាប់​បទ​បង្ហាញ​ពី​អ្នកជំនាញ​ជាតិ​-​អន្តរជាតិ​ដែល​កំពុង​អនុវត្ត​ការងារ​នេះ​ផ្ទាល់ ដើម្បី​ត្រួតពិនិត្យ​ពី​ស្ថានភាព​ប្រាសាទ ដំណើរការ​ទូទៅ​នៃ​ការ​ជួសជុល អភិរក្ស រួម​ទាំង​ផល​លំបាក និង​តម្រូវការ​ចាំបាច់​ដើម្បី​សម្រួល​ដល់​ការងារ​ឱ្យ​កាន់តែ​រលូន ។

បន្ទាប់​ពី​ស្តាប់​ការ​ពន្យល់​ពី​លក្ខណៈ​បច្ចេកទេស​នៃ​ការ​ជួសជុល និង​ការ​ត្រួតពិនិត្យ​ផ្ទាល់​ចំពោះ​ការងារ​ជាក់ស្តែង​ក្នុង​ការដ្ឋាន​រួច​មក លោក​អគ្គនាយក​បាន​គាំទ្រ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ្នកជំនាញ​ជាតិ​-​អន្តរជាតិ និង​កម្មករ​ទាំងអស់ ដែល​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​អភិរក្ស និង​ជួសជុល​ប្រាសាទ​ដ៏​អស្ចារ្យ​មួយ​នេះ ឱ្យ​មាន​ភាព​ស្រស់​ស្អាត រឹង​មាំ​បាន​យូរអង្វែង​តទៅ​មុខ ប្រកបដោយ​ការ​លះបង់ អត់ធ្មត់ គួរ​ឱ្យ​កោតសរសើរ ។

ដោយ​រំឭក​ឡើង​វិញ​ពី​ប្រវត្តិ​ពាក់ព័ន្ធ​នឹង​ប្រាសាទភ្នំបាខែង លោក​ជា សា​រិ​ទ្ធ មន្ត្រី​បុរាណវិទ្យា ទទួល​បន្ទុក​ការងារ​អភិរក្ស​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ ហើយ​ក៏​ជា​អ្នកចូលរួម​ផ្តល់​បទ​ពិសោធន៍​និង​ជួយ​បណ្តុះបណ្តាល​ពី​បច្ចេកទេស​មួយ​ចំនួន​ក្នុង​ការ​ជួសជុល​ប្រាសាទ​នេះ​ដោយ​ផ្ទាល់ បញ្ជាក់​ថា​៖ ប្រាសាទ​ភ្នំបាខែង គឺជា​រាជធានី​ទី​១​នៃ​សម័យ​អង្គរ និង​ជា​ស្នូល​កណ្តាល​នៃ​ក្រុង​អង្គរ​ឈ្មោះ​ថា «​យ​សោ​ធរ​» មាន​កំពែង​ដី​២​ជាន់ ដែល​ក្នុង​មួយ​ជ្រុង​មាន​ប្រវែង​៤​គីឡូម៉ែត្រ ។ ប្រាសាទ​នេះ​កសាង​ឡើង​នៅ​ចុង សតវត្ស​ទី​៩ ដើម សតវត្ស​ទី​១០ ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា និកាយ​ព្រះ​ឥសូរ ។ ក្រោយមក​នៅ​ចុង​សតវត្ស​ទី​១៦ ប្រាសាទ​នេះ​បាន​ប្តូរ​ទៅ​ជា​ព្រះពុទ្ធ​សាសនា​វិញ ដូចដែល​ឃើញ​មាន​កសាង​រូប​ព្រះពុទ្ធ​ធំ​មួយ​អង្គ​នៅ​ជាន់​លើ​បង្អស់ ដោយ​ថ្ម ផ្សេង​ៗ​នៃ​ប្រាសាទ និង​គ្រឹះ​នៃ​ប្រាសាទ​ឥដ្ឋ ។ ដោយឡែក​នៅ​ឆ្នាំ​១៩២០ ពេល​បារាំង​ចាប់ផ្តើម​ជួសជុល អភិរក្ស បាន​រុះរើ​រូបសំណាក​ព្រះពុទ្ធ​ទៅ​ចោល​នៅ​ជ្រុង​ខាងត្បូង និង​ខាងជើង​នៃ​ភ្នំ ។ ក្រៅពី​ការ​អភិរក្ស បារាំង​បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​តួ​ប៉ម​កណ្តាល ដែល​មាន​ជម្រៅ​៣​ម៉ែត្រ ដើម្បី​ឈ្វេងយល់​ពី​រចនាសម្ព័ន្ធ​ប្រាសាទ និង​បាន​ជួសជុល​ជញ្ជាំង​ពីរ៉ាមីត​នៅ​ផ្នែក​ខូចខាត និង​រើ​តួ​ប៉ម​ប្រាសាទ​ថ្ម​មួយ​ចំនួន​រៀប​ឡើង​វិញ ។

ចាប់ពី​ឆ្នាំ​២០០៤ ដល់​បច្ចុប្បន្ន (២០១៦) អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក (WMF) សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដំណើរការ​អភិរក្ស ជួសជុល​បន្ត​ពី​បារាំង​ដោយ​ចាប់ផ្តើម​ពី​ជ្រុង​ខាងត្បូង​ឆៀង​ខាងលិច​។ បន្ទាប់​ពី​ម្រោ​ង​នេះ​ទទួល​បាន​ជោគជ័យ អ្នកជំនាញ​ចាប់ផ្តើម​ធ្វើ​គម្រោង​ថ្មី​នៅ​ផ្នែក​ខាងកើត​ភ្នំ​បាខែង ចាប់ពី​ជណ្តើរ​កណ្តាល​ទៅ​ខាងកើត រហូត​ដល់​ខាងជើង​ជា​បន្តបន្ទាប់​។

ក្នុង​កិច្ចការ​ជួសជុល​អភិរក្ស​នោះ ស្ថាប័ន WMF ក៏​បាន​គិតគូរ​យកចិត្តទុកដាក់ ថែទាំ និង​ពង្រឹង​រចនា​សម្ពន្ធ​ប្រាសាទ​ជា​ខ្លាំង ព្រោះ​ប្រាសាទ​នេះ​ប្រឈម​នឹង​ការ​ខូចខាត​ដោយសារ​ទឹក​ដែល​ហូរ​ច្រោះ​ដី រុក្ខជាតិ​ដុះ​លើ ទើប​ធ្វើ​ឱ្យ​ប្រាសាទ​នេះ​ទ្រុឌទ្រោម និង​គ្រោះថ្នាក់​ដោយសារ​បាក់រ​លំនៅ​តាម​ជ្រុង​នៃ​ប្រាសាទ ។

ដូច្នេះ​ដំណើរការ​ជួសជុល ចាប់ផ្តើម​ពី​ការ​ស្រាវជ្រាវ​រុករក​ថ្ម​ចាស់​ដែល​បាត់​ក្នុង​ព្រៃ និង​តាម​ជើងភ្នំ​កាលពី​សម័យ​បារាំង​ជួសជុល និង​សម័យ​បុរាណ​ដែល​យក​ថ្ម​ទាំងនោះ​ទៅ​រៀប​ជា​រូប​ព្រះពុទ្ធ ដើម្បី​មក​បំពេញ​នៅ​កន្លែង​ដែល​ខ្វះចន្លោះ​ឡើង​វិញ ។ ក្នុង​នោះ​ក៏​បាន​គិតគូរ​ពី​ការ​រៀបចំ​ប្រព័ន្ធ​បង្ហូរទឹក បង្ការ​ទឹក​ជ្រាប​ចូល​គ្រឹះ ដោយ​ប្រើ​បច្ចេកទេស​ទំនើប និង​ក្រាល​កៅស៊ូ​ការពារ​ទឹក​ដែល​ធានា​សុពលភាព​បាន​យូរអង្វែង​ដើម្បី​ការ​ទឹកភ្លៀង​កុំឱ្យ​ហូរ​ច្រោះ ។ បន្ថែម​ពី​នោះ ក៏​ប្រើ​វិធី​ភ្ជាប់​ថ្ម​ទៅ​នឹង​ជញ្ជាំង​ភ្នំ ដើម្បី​កុំឱ្យ​ថ្មភ្នំ​ប្រេះ ធ្វើ​ឱ្យ​សំណង់​កាន់តែ​ជាប់​មាំ ។

លោក​សា​រិ​ទ្ធ បន្ត​ទៀត​ថា គម្រោង​ជួសជុល​នេះ អាច​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២០ តែ​អាស្រ័យ​នៅ​លើ​ស្ថានភាព​ជាក់ស្តែង​នៃ​ដំណើរការ​ការងារ​ផង​ដែរ​។ ចំពោះ​កម្លាំង​ជួសជុល​នៅ​ក្នុង​ការដ្ឋាន​ប្រាសាទភ្នំបាខែង មាន​អ្នកជំនាញ​និង​កម្មករ​ប្រមាណ​១០០​នាក់ ដោយ​មាន​អ្នកជំនាញ​ជាទី​ប្រឹក្សា​ផ្តល់​យោបល់​ពី​អា​មេ​រិ​ក ផ្នែក​វិស្វករ ស្ថាបត្យករ រួម​នឹង​អ្នក​ជំនាញ​​ខ្មែរ បាន​ចែករំលែក​ចំណេះដឹង បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បង្រៀន​វិធី​ដាប់ថ្ម ជួសជុល​ថ្ម ព្យាបាល​ថ្ម​ជាដើម​ដល់​កម្មករ​ខ្មែរ​ដែរ រហូត​មក​ដល់​ពេល​នេះ កម្ម​ករ​ខ្មែរ​ទាំងអស់​មាន​សមត្ថភាព​អាច​ធ្វើ​ការងារ​ទាំងនោះ​បាន​ដោយ​ខ្លួនឯង​យ៉ាង​គួរ​ឱ្យ​កត់សម្គាល់ ៕