ខេត្តកំពង់ចាម ៖ កុដិឈើមួយខ្នងមានទំហំ៥ម៉ែត្រគុណ៩ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងស័ង្កសី ស្ថិតនៅក្នុងវត្តសំរោងបូរី ភូមិមង់ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ បានត្រូវព្រះអគ្គីឆាបឆេះយ៉ាងសន្ធោសន្ធៅក្លាយជាផេះកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៤ មីនា ២០១១ តែយា៉ងណាក៏ដោយមិនបណ្តាលឲ្យព្រះសង្ឃ ឬប្រជាពលរដ្ឋរងរបួសទេ ។
តាមលោកគុយ សេង មេឃុំមង់រៀវ បានឱ្យដឹងថា កុដិនេះសាងសង់កំពស់ពីដីប្រហែលត្រឹមជង្គង់មនុស្សចាស់ ក្នុងនោះមានដាក់គ្រែចំនួន២សម្រាប់ព្រះសង្ឃគង់នៅចំនួន៣អង្គ ហើយនៅយប់ថ្ងៃទី៤ មីនា ដែលត្រូវនឹងថ្ងៃសីលផងនោះ ព្រះសង្ឃក៏បានអុជទៀន ដើម្បីសូត្រធម៌ទៅតាមពុទ្ធឱវាទ។ ក្រោយពីសូត្រធម៌ចប់ព្រះសង្ឃ១អង្គបាននិមន្តចេញទៅលេងនៅផ្ទះញោមស្ថិតនៅខាងក្រៅវត្ត និង២អង្គទៀតនិមន្តឡើងទៅលើកុដិធំ ដោយបិទទ្វារចោល លុះ១សន្ធុះធំក្រោយមក ស្រាប់តែឃើញមានភ្លើងឆេះចេញពីកុដិដែលព្រះសង្ឃទាំង៣អង្គគង់នៅនោះ។
ប្រភពដដែលបានបន្តថា ភ្លាមៗនោះព្រះចៅអធិការវត្តព្រះនាម អ៊ន់ គន់គា បានទូងស្គរឡើងប្រកាសអាសន្នហៅពុទ្ធបរិស័ទចំណុះជើងវត្ត និងប្រជាពលរដ្ឋ មកប្រហែលជាង១០០នាក់ដងទឹកពាងជះទៅលើជញ្ជាំងកុដិផ្សេងៗទៀតកុំឲ្យឆេះ។ ក្នុងរយៈពេលប្រហែលជា២០នាទីប៉ុណ្ណោះ ព្រះអគ្គីបានលេបត្របាក់កុដិឈើដែលព្រះសង្ឃទាំង៣អង្គគង់នៅឱ្យក្លាយជាផេះដោយមិនអាចចូលទៅជញ្ជូនយករបស់របរបានឡើយ។
តាមព្រះចៅអធិការវត្តមានថេរដីកាថា គ្រាន់តែភ្លើងចាប់ផ្តើមឆេះចេញពីកុដិ ដែលព្រះសង្ឃ៣អង្គនោះគង់នៅ ក៏ប្រញាប់ទូងស្គរជាសញ្ញាឡើងដើម្បីប្រកាសហៅអ្នកភូមិមកជួយអន្តរាគមន៍ដងទឹកជះពន្លត់។ ប៉ុន្តែដោយសារតែភ្លើងឆេះសន្ធោសន្ធៅទៅហើយនោះមិនអាចទប់ឈ្នះនោះទេ ពុទ្ធបរិស័ទចំណុះជើងវត្តបានដងទឹកជះទៅលើកុដិផ្សេង នៅក្បែរនោះ ដើម្បីកុំឲ្យភ្លើងឆេះរាលដាលទៅដល់៕
ចែករំលែកព័តមាននេះ