ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា​ម៉េច ? សមត្ថកិច្ច​ចរាចរណ៍​ក្រុងកែប​ដល់​ថ្នាក់​ហ្នឹង !

7 ឆ្នាំ មុន

ខេត្ត​កែប ៖ នារី​វ័យក្មេង​ជា​ជាង​អ៊ុតសក់​២​នាក់ ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​កន្លែងធ្វើការ​កាលពី​វេលា​ម៉ោង​១០ និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្រាប់តែ​ …

ខេត្ត​កែប ៖ នារី​វ័យក្មេង​ជា​ជាង​អ៊ុតសក់​២​នាក់ ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​កន្លែងធ្វើការ​កាលពី​វេលា​ម៉ោង​១០ និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្រាប់តែ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​មក​កៀរ​បណ្ដាល​ឲ្យ​ដួល​រង​របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣៣A ចំណុច​មុខ​ស្ថានីយប្រេងឥន្ធនៈ​សូ​គី​ម៉ិច អតីត​(SL) ស្ថិត​ក្នុងភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ទាំង​២​នាក់ ឈ្មោះ វង្ស ស្រី​ល័​ក្ខ អាយុ​២៣​ឆ្នាំ (​ជា​អ្នក​បើក​ម៉ូតូ​) មុខរបរ​ជាង​អ៊ុតសក់ រស់នៅ​ភូមិ​កំពង់ត្រាច​ទី​២ ឃុំ​កំពង់​ត្រា បាន​រង​របួសធ្ងន់ ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ វង្ស ចាន់​នី អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់​ដូច​គ្នា រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា បាន​រង​របួសស្រាល ។

បើ​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា មុន​ពេល​កើតហេតុ​នារី​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពុង 1E-7465 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣៣A ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង​បាន​បើក​ស្រប​ទិស​គ្នា បាន​មក​កៀរ​ម៉ូតូ​នារី​រង​គ្រោះ​បណ្ដាល​ឲ្យ​ដួល និង​រង​របួសធ្ងន់​ម្នាក់ ស្រាល​ម្នាក់ ហើយ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ នារី​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចំណែក​ម៉ូតូ​របស់​នារី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងកែប រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ជួសជុល ។

គួរ​រំលឹក​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណុច​ខាងលើ​តែងតែ​កើត​មាន​ឡើងជា​ញឹកញាប់ ហើយ​ករណី​ដែល​កើតឡើង​ច្រើន​តែ​រថយន្ត​បង្ក​ជាមួយ​ម៉ូតូ គេ​ពុំដែល​ឃើញ​សមត្ថកិច្ច​ចរាចរណ៍​ក្រុងកែប​ឃាត់​រថយន្ត​បង្ក​បាន​ម្តងណា​សោះ ឃើញ​តែ​បង្ក​ហើយ​បើក​រត់គេច​ខ្លួន​បាត់​រហូត មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ ហើយ​ឃាត់​ទុក​បាន​តែ​ម៉ូតូ​រង​គ្រោះ​ប៉ុណ្ណោះ ពេល​ម្ចាស់​ទៅ​យក​មក​ជួសជុល​ត្រូវ​បង់ថ្លៃ​សេវា​ដឹក​ពី​កន្លែង​កើតហេតុ​មក​រក្សា​ទុក និង​បង់ថ្លៃ​សេវា​មើលថែ​ម៉ូតូ​ទៀត ៕