ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅក្នុងសង្គមប្រជាធិបតេយ្យ យើងអាចមាន​ជម្រើសច្រើន ប៉ុន្តែយើងមិនត្រូវបោះឆ្នោត ដើម្បីតែប្រយោជន៍របស់គណបក្សណាមួយនោះឡើយ

1 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ ​​លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ​កណ្តាល​គណបក្សប្រជាជនកម្ពុជា និងប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានចូលរួមជា​អធិបតី​ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងារ…

ខេត្តកំពង់ចាម៖ ​​លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ​កណ្តាល​គណបក្សប្រជាជនកម្ពុជា និងប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានចូលរួមជា​អធិបតី​ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងារ និងក្រុម​សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីព្រឹក​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

ក្នុងពិធីជួបជុំនេះ លោក ហ៊ុន ម៉ាណែត អនាគត​បេក្ខជន​នាយករដ្ឋមន្ត្រី បានលើកឡើងថា ភាពសកម្មរស់រវើករបស់សមាជិកសមាជិកា និងអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅក្នុងស្រុកស្រីសន្ធរ ក៏ដូចជា នៅទូទាំងប្រទេស ពិតជាបានបង្ហាញឱ្យឃើញនូវកម្លាំង​ថាមពលដ៏ខ្លាំងក្លារបស់គណបក្សយើង ជាពិសេសការគាំទ្រប្រកបដោយការជឿជាក់មកលើ​ការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សគ្រប់អាណត្តិកន្លងមកនេះ ដោយបាននាំមកភាព​សុខសាន្តសម្រាប់ជាតិ និងប្រជាជន។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា ពិតណាស់ នៅក្នុងសង្គមប្រជាធិបតេយ្យ យើងអាចមានជម្រើសច្រើន ប៉ុន្តែយើងមិនត្រូវបោះឆ្នោត ដើម្បីតែប្រយោជន៍របស់​គណបក្សណាមួយនោះឡើយ។ គណបក្សនយោបាយ គ្រាន់តែជាបេក្ខភាព ដើម្បីបម្រើរាស្ត្រ​តែប៉ុណ្ណោះ។ ដូច្នេះ គឺជាការចាំបាច់ណាស់ ដែលយើងត្រូវបោះឆ្នោត ដើម្បីខ្លួនឯង ដើម្បីគ្រួសារ និងដើម្បីសង្គមជាតិយើង។

លោក​បណ្ឌិតបន្តថា ក្នុងន័យនេះ គណបក្សដែលល្អបំផុត គឺគណបក្សប្រជាជនកម្ពុជា ដែលជា​គណបក្សតែងបានផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ដោយគ្មានការរើសអើងបែងចែក និងជាគណបក្ស ដែលមានស្នាដៃបទពិសោធន៍ក្នុងអតីតកាល​ មានសមត្ថភាពថែរក្សាលំនឹង​ស្ថិរភាពក្នុងបច្ចុប្បន្នកាល និងអាចធានាបាននូវទំនុកចិត្តសម្រាប់អនាគតមួយដ៏ភ្លឺស្វាង។

លោកបន្ថែមថា ជាក់ស្តែង ក្នុងរយៈពេល ៤៣ ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានងើបចេញ​ពីវាលពិឃាត និងគំនរផេះផង់ រហូតក្លាយខ្លួនជាកោះសន្តិភាព, ជាគោលដៅទេសចរណ៍​លំដាប់ពិភពលោក, ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាប់ចំណាត់ថ្នាក់, ជាប្រទេស​ប្តូរពីមានចំណូលទាបមកជាចំណូលមធ្យម, ជាប្រទេសជាប់ចំណាត់ថ្នាក់លើ​ការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអ្វីដែលសំខាន់ជាប្រទេសដែលផ្តល់ឱកាស និងលំហរសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ ជាពិសេសឱកាសសម្រាប់​ការអភិវឌ្ឍខ្លួនដល់យុវជន និងកុមារ ក្នុងនាមជាអ្នកជំនាន់ក្រោយនៃសម័យកាលសង្គ្រាម។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា ជារួម គឺគ្មានគណបក្សណា ក្រៅពីគណបក្សប្រជាជន​កម្ពុជា ដែលមានបទពិសោធន៍ដឹកនាំប្រទេសជាក់ស្តែង ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ហើយក៏បានចូលរួមនៅក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ ដោយមានការប្តេជ្ញាចិត្ត និងទំនុកចិត្តខ្ពស់បំផុត។

ក្នុងឱកាសជួបជុំនោះ លោកហ៊ុនម៉ាណែត ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណ​ចំពោះប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ ដែលតែងបានផ្តល់ការគាំទ្រយ៉ាងលើសលប់ និងបានបោះឆ្នោតជូនគណបក្សប្រជាជនក្នុងគ្រប់អាណត្តិកន្លងមក ពីព្រោះមានតែអ្នកស្រុកស្រីសន្ធរផ្ទាល់ ជាអ្នកបានឆ្លងកាត់ផ្ទាល់ និងស្គាល់ច្បាស់អំពីការអភិវឌ្ឍរីកចម្រើនជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ខ្លួន និងសូមបន្តគាំទ្រសំដៅធ្វើយ៉ាងណារក្សាប្រៀបឈ្នះ និងទទួលបានជោគជ័យឱ្យបាន​លើសលប់បន្តទៀត។ ការអភិវឌ្ឍរីកចម្រើន នៅក្នុងមូលដ្ឋាននេះ ទាំងក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រ រួមមាន វត្តអារាម ផ្លូវបេតុង ស្ពាន សាលារៀន មណ្ឌលសុខភាព ជាដើម ដែលទាំងអស់នេះ បានកើតឡើងពីការដឹកនាំ និងការបង្កលក្ខណៈរបស់រាជរដ្ឋាភិបាល ជាពិសេសការរួមកម្លាំងញើសឈើសឈាម និងកិច្ចខិតខំប្រឹងប្រែងដ៏យូរឆ្នាំរបស់អាជ្ញាធរដែនដី, ក្រុមការងារគ្រប់យន្តការ, សប្បុរសជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ រហូតសម្រេច​បាននូវវឌ្ឍនភាពសម្រាប់ភូមិឃុំយើងក្រោមម្លប់និរន្តរភាពនៃសន្តិភាព ស្ថិរភាព ដូចពេលនេះ ដោយមិនអាចកើតឡើងក្នុងត្រឹមមួយប៉ប្រិចភ្នែកបានឡើយ។

លោកបណ្ឌិត ហ៊ុន សែន បន្ថែមថា ដូច្នេះ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដែលនឹងឈានមក​ដល់ឆាប់ៗនេះ សូមបន្តរួមរស់នៅក្នុងភាពកក់ក្តៅ និងបន្តជឿទុកចិត្ត និងបោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា តាមរយៈយុទ្ធការ “សមាជិកបក្សម្នាក់ អ្នកគាំទ្របក្សម្នាក់ មានសន្លឹកឆ្នោតមួយសន្លឹកជូនបក្ស” ដើម្បីប្រើប្រាស់សិទ្ធិក្នុងនាមជាពលរដ្ឋម្ចាស់ប្រទេស ដោយសម្រេចជ្រើសរើសបក្ស ដែលមានការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋាន ដូចដែលបានធ្វើកន្លងមក ហើយក៏នឹងខិតខំបន្តជំរុញប្រសិទ្ធភាព​ការងារទៅមុខទៀត តាមរយៈការពង្រឹងចំណុចខ្លាំង និងកែលម្អចំណុចខ្វះខាតដែលមាន ពីព្រោះនៅលើពិភពលោក មិនអាចមានរដ្ឋាភិបាលណាដែលអាចឆ្លើយតបនឹងសំណូមពរ​ប្រជាពលរដ្ឋឱ្យគ្រប់ ១០០% នោះទេ។

លោក ហ៊ុន ម៉ាណែត បន្តថា រដ្ឋាភិបាល​ ក៏នឹងត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឱ្យទាន់​សំណូមពររបស់ប្រជាពលរដ្ឋ ដែលបន្តកើនឡើង។ ចំពោះជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់​ក្រោមជាតិ ដែលដឹកនាំដោយគណបក្សប្រជាជនវិញ គឺតែងបានធ្វើការបូកសរុប និងវាយតម្លៃ​លទ្ធផលការងារជាប្រចាំ ក្នុងគ្រប់អាណត្តិនីមួយៗ ដើម្បីដកពិសោធន៍ចំណុចខ្លាំង ចំណុចខ្សោយ កែលម្អបញ្ហាអវិជ្ជមាន បំពេញបន្ថែមចំណុចខ្វះខាត សំដៅធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋឱ្យ​បានកាន់តែប្រសើរពីមួយអាណត្តិ ទៅមួយអាណត្តិ។ ពោលគឺ “បេះដូង និងឆន្ទៈរបស់មន្ត្រីបក្ស មានតែមួយប៉ុណ្ណោះ គឺបម្រើជាតិ និងប្រជាជន ដោយឥតរុញរាក្នុងគ្រប់កាលៈទេសៈទាំងអស់”៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ