ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចេញ​សារាចរ​ណែនាំ​ស្តី​ពី​ការ​ថែទាំ​ស្រូវ​រដូវវស្សា ឆ្នាំ​២០២២

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​២៧ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​ចេញ​សារាចរ ណែនាំ ស្តី​ពី​ការ​ថែទាំ ស្រូវ​រដូវវស្សា ឆ្នាំ​២០២២ ។

នៅ​រដូវវស្សា​ឆ្នាំ​២០២២ ដោយ​ទឹកភ្លៀង បាន​ចាប់ផ្ដើម​ធ្លាក់​លឿន​ជាង​បណ្តា​ឆ្នាំ​មុន​ៗ និង​រាយ​ប៉ាយ​ស្ទើរ​គ្រប់តំបន់​ដែល​បាន​ផ្តល់​អំណោយផល ដល់​ការ​ដាំ​ដុះ​ដំណាំ​ស្រូវ​ដើមរដូវ ។

គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២២​នេះ កសិករ​សម្រេច​ដាំ​ដុះ​ដំណាំ​ស្រូវ​វស្សា បាន​ចំនួន ៥០២,៧៩៩​ហិ​កតា ស្មើនឹង​១៩,១៩% នៃ​ផែនការ ២,៦១៩,៥០០ហិ​កតា ក្នុង​នោះ​ស្រូវស្រាល​ចំនួន ៣១៧,៦៦៣​ហិ​កតា ស្រូវកណ្ដាល​ចំនួន ៩៩, ៣១១​ហិ​កតា ស្រូវធ្ងន់​ចំនួន ៧៩,០៤៥​ហិ​កតា ស្រូវចម្ការ​ចំនួន ៦៣៧​ហិ​កតា និង​ស្រូវ​ឡើង​ទឹក​ចំនួន ៦,១៤៣​ហិ​កតា ។

បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២១ ក្នុង​រយៈពេល​ដូច​គ្នា ការ​ដាំ​ដុះ​ដំណាំ​ស្រូវ​វស្សា មាន​ភាពយឺត​ជាង ព្រោះ​តំបន់​មួយ​ចំនួន​លិច​ទឹក និង​ជោកជាំ​ពេក មិន​អាចភ្ជួរ​រាស់​កើត ។ ជាក់ស្តែង នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ត្បូងឃ្មុំ បាន​ជួប​ប្រទះ​នឹង​គ្រោះ​ជំនន់​ទឹកភ្លៀង​នៅ​ដើមរដូវ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ប្រមាណ ៦,០១៦​ហិ​កតា និង​ខូចខាត​ចំនួន ៣,៥១៣​ហិ​កតា ក្នុង​នោះ​ខេត្តបន្ទាយមានជ័យ​មាន​ផ្ទៃដី​ប៉ះពាល់​ចំនួន​៤,៦៦៤​ហិ​កតា​និង​ខូចខាត​ចំនួន​២,៣៨០​ហិ​កតា និង​ខេត្ត​ត្បូងឃ្មុំ​មាន​ផ្ទៃដី​ប៉ះពាល់​ចំនួន​១,៣៣៧​ហិ​កតា​និង​ផ្ទៃដី​ខូចខាត​ចំនួន​១,១៣៣​ហិ​កតា​។

ក្នុង​គោលបំណង​ធានា​បាន​នូវ​សន្តិសុខ​ស្បៀង និង​ឈាន​សម្រេច​បាន​តាម​គោលនយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល​ជា​ពិសេស​ដើម្បី​ឱ្យ​លទ្ធផល នៃ​ការងារ​បង្កបង្កើន​ផល​សម្រេច​បាន​ល្អ​ប្រសើរ​ទៅ​តាម​ផែនការ​គ្រោងទុក​នោះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​ធ្វើការ​ណែនាំ​ដល់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រាជធានី​ខេត្ត​ទាំងអស់ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​នូវ​វិធានការ​ចាំបាច់​និង​បន្ទាន់​មួយ​ចំនួន​ដូច​ខាងក្រោម ៖

១. ត្រូវ​ចុះ​ណែនាំ​កសិករ​ឱ្យ​យកចិត្តទុកដាក់​ពិនិត្យ​ស្រែ និង​ត្រៀមលក្ខណៈ​រៀបចំ​ដីស្រែ​ជា​ពិសេស ត្រូវ​បិទ​ភ្លឺ និង​បូមទឹក​ចេញពី​ក្នុង​ស្រែ ករណី​មានការ​លិចលង់ ដោយ​ជំនន់​ទឹកភ្លៀង​ដើមរដូវ​នេះ ។

២. ត្រូវ​ចុះ​ជំរុញ​ឱ្យ​ប្រជា​កសិករ​ចាប់ផ្ដើម​ដាំ​ដុះ​ស្រូវ​រដូវវស្សា ពឹង​ទឹកភ្លៀង នៅ​តំបន់​ខ្ពស់ ដែល​កសិករ​ទម្លាប់​ដាំ​ដុះ ក្នុង​ខែកក្កដា ឬ​ខែសីហា ឱ្យ​ប្រញាប់ប្រញាល់​ដាំ​ដុះ ព្រោះ​ឆ្នាំ​នេះ មិន​មានកូន​រដូវប្រាំង​ទេ ។

៣. ត្រូវ​ចុះ​ណែនាំ​បច្ចេកទេស​ថែទាំ ដំណាំ​ស្រូវ​ដូច​ជា​ការ​ប្រើប្រាស់​ជី​បំប៉ន ថ្នាំ​កសិកម្ម និង​ការ​គ្រប់គ្រង​សមាសភាព​ចង្រៃ ឱ្យ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ។

៤. ត្រូវ​ណែនាំ​កសិករ​ឱ្យ​ត្រៀម​ឧបករណ៍ សម្ភារៈ និង​គ្រាប់​ពូជស្រូវ សម្រាប់​ដាំ​ដុះ​ស្តារ​ឡើង​វិញ ក្នុង​ករណី​មានការ​ខូចខាត​ដំណាំ​ស្រូវ ដោយសារ​ទឹកជំនន់ ហើយ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី ខេត្ត ត្រូវ​ចុះ​ពិនិត្យ និង​វាយតម្លៃ​ផល​ប៉ះពាល់ និង​ការ​ខូចខាត​ដំណាំ​ស្រូវ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង ដោយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន សំដៅ​ជួយ​អន្តរាគមន៍ ដល់​កសិករ​ក្រីក្រ និង​អ្នក​ងាយរង​គ្រោះ ដែល​ខ្វះ​លទ្ធ​ភាព​​រក​គ្រាប់​ពូជស្រូវ ដើម្បី​លើក​សំណើសុំ​មក​គណៈកម្មាធិការ​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា (​ប​.​ស​.​ប​.​ក​) ដូច​មាន​ចែង​ក្នុង​អនុក្រឹត្យ​លេខ​១២៤ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២១ ស្តី​ពី​ការ​បង្កើត​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ