ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍​តម្កល់​សាលក្រម​លើ​សំណុំរឿង​លោក កឹ​ម សុខា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍ បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ដដែល ពោល​គឺ​ផ្តន្ទាទោស​លោក កឹ​ម សុខា ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះ​ជាតិ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍ បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ដដែល ពោល​គឺ​ផ្តន្ទាទោស​លោក កឹ​ម សុខា ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះ​ជាតិ ដាក់​ពន្ធនាគារ​រយៈពេល​៥​ខែ​និង​ពិន័យ​៨០​ម៉ឺន​រៀល ក្រោម​ការ​ចោទ ប្រកាន់​ពី​បទ​បដិសេធ​ក្នុង​ការ​ចូលខ្លួន ដែល​តុលាការ​ចាត់​ទុក​ថា​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង ។

ការ​សម្រេច​នេះ គឺ​បន្ទាប់​ពី​សាលាឧទ្ធរណ៍​ចំណាយពេល​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​៤ ខែវិច្ឆិកា​ដើម្បី​ជំនុំជម្រះ​សំណុំរឿង​នេះ ដោយ​កំបាំង​មុខ​ជនជាប់ចោទ គឺ​លោក កឹ​ម សុខា ដែល​មិន​បាន​ចូលរួម​សវនាការ​ទេ ។ លោក ហែម សុ​ជាតិ មេធាវី​មួយ​រូប​ក្នុង​ចំណោម​៥​រូប បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​សវនាការ​ភ្លាម​ៗ ថា ការ​សម្រេច​នេះ​មិន​ត្រឹមត្រូវ​ទេ ហើយ​ក្រុម​មេធាវី​នឹង​ដាក់​ពាក្យបណ្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត ។

មន្ត្រី​សាលាឧទ្ធរណ៍ ថ្លែង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែវិច្ឆិកា សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​សំណុំរឿង​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​បដិសេធ​ក្នុង​ការ​ចូលខ្លួន​» ។ កម្មវត្ថុ​សំខាន់​នៃ​សវនាការ​នេះ គឺ​ជំនុំជម្រះ​លើ​បណ្តឹងឧទ្ធរណ៍​របស់​ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹ​ម សុខា ដែល​មិន​សុខចិត្ត​នឹង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ផ្តន្ទាទោស​លោក កឹ​ម សុខា ដាក់​ពន្ធនាគារ​រយៈពេល​៥​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨០​ម៉ឺន​រៀល ។
ស្រប​ពេល​ជាមួយ​គ្នា​នេះ តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ក៏​បាន​ប្រកាស​សាលដីកា​លើ​សំណុំរឿង​លោក កឹ​ម សុខា ដែរ ចំពោះ​បណ្តឹងសុំ​មោឃភាព​នីតិវិធី​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

គួរ​បញ្ជាក់​ថា លោក កឹ​ម សុខា បាន​អវត្តមាន ខណៈ​តុលាការ​កំពូល​បើក​សវនាការ​លើ​សំណុំរឿង​សុំ​មោឃភាព​នីតិវិធី​សំណុំរឿង​បដិសេធ​ក្នុង​ការ​ចូលខ្លួន ។ លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​បាន​បង្ហាញ​វត្តមាន​ឡើយ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ តុលា​កន្លង​ទៅ ខណៈ​តុលាការ​កំពូល​បើក​សវនាការ​លើ​សំណុំរឿង​បដិសេធ​ក្នុង​ការ​ចូលខ្លួន ដែល​តុលាការ​ចាត់​ទុក​ថា​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង ។

ទោះបីជា​យ៉ាងណា មេធាវី​ការពារ​ក្ដី​លោក កឹ​ម សុខា ពីរ​រូប គឺ​លោក ចាន់ ចេ​ន និង​លោក ផែង ហេង បាន​ចូលរួម​សវនាការ​ដើម្បី​តតាំង​ក្ដី​ចំពោះ​ការ​ស្នើ​សុំ​មោឃភាព​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ សវនាការ​នេះ ដឹកនាំ​ដោយ​លោក ឃឹម ប៉ុណ្ណ អនុប្រធាន តុលាការ​កំពូល និង​លោក អ៊ុ​ក គឹ​ម​សិទ្ធិ ជា តំណាង​មហាអយ្យការ ។

បន្ទាប់​ពី​សវនាការ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៦ នៅ​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា ចៅក្រម​តុលាការ​កំពូល​បាន​សម្រេច​ប្រកាស​សាលដីកា​ច្រានចោល​បណ្តឹង​របស់​ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹ​ម សុខា ដោយ​តម្កល់​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​បានការ​ដដែល ៕