ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ​ប្តឹង​ឲ្យ​ដក​អង់​តែ​ន​ទូរស័ព្ទ​ជាប់​ផ្ទះ​ពួក​គាត់​ចេញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​លើកគ្នា​ទៅ​កាន់​សង្កាត់​ចោម​ចៅ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​លើកគ្នា​ទៅ​កាន់​សង្កាត់​ចោម​ចៅ ដាក់​ពាក្យបណ្ដឹង​ស្វែងរក​ការ​អន្តរាគមន៍ ពី​សំណាក់​អាជ្ញាធរ​សង្កាត់​ខាងលើ សុំ​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​ដៃ​ចំនួន​២​ក្រុមហ៊ុន ដក​អង់​តែ​ន​ដែល​ស្ថិត​នៅ​ក្បែរ​ផ្ទះ​ពួក​គាត់ ចេញ​ជា​បន្ទាន់ ដោយ​គ្មាន​លក្ខខណ្ឌ ព្រោះ​ពួក​គាត់​មានការ​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​ផ្សេង​ៗ ជា​ពិសេស​សុខភាព​តែ​ម្ដង​។ ប្រជាពលរដ្ឋ​ទាំងនោះ បាន​លើកគ្នា​ទៅ​រក​ការ​អន្តរាគមន៍ ពី​អាជ្ញាធរ​សង្កាត់​ចោម​ចៅ កាលពី​វេលា​ល្ងាច ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​។

ពួក​គាត់​បាន​និយាយ​ថា អ្នក​ដែល​មាន​លំនៅ​ឋាន​ជាប់​នឹង​ក្បែរ​អង់​តែ​ន​នោះ មាន​ចំនួន​២៤​គ្រួសារ ដែល​កំពុង​មានការ​ព្រួយបារម្ភ​គ្រប់​ៗ​គ្នា ពី​ផល​ប៉ះពាល់​ផ្សេង​ៗ ដែល​កើតឡើង​ជាយថាហេតុ ចេញពី​អង់​តែ​ទាំងនោះ ជា​ពិសេស​សុខភាព​តែ​ម្ដង ទាំង​មនុស្ស​ចាស់ និង​ក្មេង ហើយ​នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដែល​ពួក​គាត់​ប្ដឹង​សុំ​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​នោះ​។ កន្លង​មក​ពួក​គាត់​បាន​ធ្លាប់​ប្ដឹង​សុំ​ឲ្យ​អាជ្ញាធរ​សង្កាត់​ជួយ​ដោះស្រាយ​ច្រើន​ដង​មក​ហើយ តាំងពី​ទីនោះ​ទើបតែ​មាន​អង់​តែ​១​មក​ម្លេះ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​នៅឡើយ​ទេ​។

ស្រាប់តែ​ថ្មី​ៗ​នេះ​មានការ​ដំឡើង​អង់​តែ​ន​ថែ​មួយទៀត ទើប​ធ្វើ​ឲ្យ​ពួក​គាត់ កាន់តែ​មានការ​ព្រួយបារម្ភ​ខ្លាំង​ឡើង ហើយ​ក៏​លើកគ្នា​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ សុំ​ស្វែងរក​ការ​អន្តរាគមន៍​បន្ត​ទៀត​។ ប្រភព​ដដែល​បាន​បន្ត​ថា នៅ​រដូវភ្លៀង​ពួក​គាត់​ភ័យ​ខ្លាច​រន្ទះបាញ់​ខ្លាំង​ណាស់​ទោះជា​ក្រុមហ៊ុន​ទាំងនោះ អះអាង​ថា​អង់​តែ​ន​របស់​ខ្លួន មាន​ឧបករណ៍​ការពារ​រន្ទះ​យ៉ាងណា​ក៏​ដោយ ម្យ៉ាងទៀត​ពួក​គាត់​កំពុង​មាន អារ​ម្ម​ណ៏​ថា សុខភាព​របស់​ពួក​គាត់ ហាក់​មានការ​ប្រែប្រួល​ច្រើន​ខុស​មុន ចាប់តាំងពី​មាន​អង់​តែ​ន​ទូរស័ព្ទ​ខាងលើ​ស្ថិត​នៅ​ជិត​ពេល​ណា​មក​។

ដូច្នេះ​ពួក​គាត់​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ធ្វើ​យ៉ាងណា ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​ទាំង​ពីរ​ខាងលើ​នោះ រុះរើ​ប្ដូរ​ទីតាំង​ថ្មី​ទៅ ឬ​ក៏​តំណាង​ក្រុមហ៊ុន​ទាំងនោះ ត្រូវ​តែ​ជួប​ដោះស្រាយ​ជាមួយ​ពួក​គាត់​ទាំងអស់​គ្នា​។ តំណាង​ក្រុមហ៊ុន​ទាំងនោះ មិន​ត្រូវ​គេចវេស​បែប​នេះ​ឡើយ ត្រូវ​មានការ​ទទួលខុសត្រូវ លើ​ផល​លំបាក​ដែល​ពួក​គាត់​កំពុង​ជួប​ប្រទះ មិន​ត្រូវ​គិតតែ​ពី​ផល​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន​ពេក​នោះ​ទេ​។ ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា កាលពី​ចាប់ផ្ដើម​ដំឡើង​អង់​តែ​ន​នោះ​ភ្លាម​ៗ ពួក​គាត់​បាន​ប្រឆាំង​រហូត​មិន​ឲ្យ​ដាក់​នោះ​ទ ប៉ុន្តែ​ក្រុមហ៊ុន​មិន​ស្ដាប់ រហូត​ពួក​គាត់​ទៅ​ប្ដឹង​ហើយ​អាជ្ញាធរ ចុះ​ហាមឃាត់​មិន​ឲ្យ​ដំឡើង និង​ចាប់​យក​អីវ៉ាន់​ថែម​ទៀត ក៏​ក្រុមហ៊ុន​នោះ​នៅ​តែ​ផ្គើន លួច​ដំឡើង​ពេល​យប់​ទៀត រហូត​ដល់​រួចរាល់​ជា​ស្ថាពរ​។

ពេល​នេះ​ពួក​គាត់​កំពុង​មាន​អាកា​រៈ ស្ពឹក​ដៃ​ជៃ​ង​ស្ទើរ​គ្រប់​គ្នា រួម​ទាំង​កូន​ៗ​ពួក​គាត់​ក៏​មាន​ជំងឺ​ដែរ សង្ស័យ​បណ្ដាល​មក​ពី​ជាតិ​វិទ្យុសកម្ម នៃ​អង់​តែ​ន​ទូរស័ព្ទ​នោះ​វាយលុក​តែ​ម្ដង​។ ដោយឡែក​ម្ចាស់ផ្ទះ ដែល​ទទួល​បាន​ផលប្រយោជន៍ នៃ​ការ​ជួល​ឲ្យ​ដាក់​អង់​តែ​ន​នោះ ក៏​ត្រូវ​បាន​ពួក​គាត់​សួរនាំ​ដែរ ប៉ុន្តែ​គេ​ឆ្លើយ​ថា​មិនដឹង​ទេ និង​បាន​រុញ​ឲ្យ​ពួក​គាត់​ទៅ​សួរនាំ​ក្រុមហ៊ុន​ទៅ ហើយដោយ​គ្មាន​ជម្រើស​ទើប​ពួក​គាត់​សម្រេច ប្ដឹង​ទៅ​អាជ្ញាធរ​ដើម្បី​ជួយ​ចាត់ការ​។

ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ អាជ្ញាធរ​សង្កាត់​ចោម​ចៅ បាន​និយាយ​ថា ប្រជាពលរដ្ឋ​ពិតជា​មានការ​ប្រឆាំង​ចំពោះ​ការ​ដាក់​អង់​តែ​ន របស់​ក្រុមហ៊ុនទូរស័ព្ទ​ទាំងនោះ​មែន ហើយ​ខាង​អាជ្ញាធរ​ក៏​បាន​ទទួល​ពាក្យបណ្ដឹង ពួក​គាត់​ជា​បន្តបន្ទាប់​មក​ហើយ​ដែរ មិនតែប៉ុណ្ណោះ​បាន​ធ្វើ​លិខិត​អញ្ជើញ តំណាង​ក្រុមហ៊ុន​ទាំងនោះ​ទៅ កាន់​សាលាសង្កាត់​ដើម្បី​បាន​ជួប​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ដែរ​។ ប៉ុន្តែ​ចេញ​លិខិត​អញ្ជើញ​រហូត​ដល់​ទៅ​ចំនួន​៨​លើក​ទៅ​ហើយ មិន​បានឃើញ​តំណាង​ក្រុមហ៊ុន​ទាំងនោះ​ចូល​ទៅ​ដោះស្រាយ​នោះ​ទេ ដូច្នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ លើកគ្នា​ប្ដឹង​បន្ត​ទៀត​បែប​នេះ​៕