ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបើកប្រទេសទ្បើងវិញ លើគ្រប់វិស័យ តែកូវីដ មិនទាន់សាបរលាបទាំងស្រុងនៅ​ឡើយទេ!

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល​របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នេះ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន…

រាជធានីភ្នំពេញ៖ ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល​របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នេះ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹង​ជំងឺកូវីដ-១៩ បានលើកឡើងថា ភាពជោគជ័យនៃការទប់ស្កាត់កូវីដ១៩ នៅកម្ពុជាយើង បាននាំឱ្យមានការបើកប្រទេសទ្បើងវិញ លើគ្រប់វិស័យ។

យ៉ាងណាក៏ដោយ លោក ហ៊ុន ម៉ាណែត លើកឡើងថា ខណៈដែលជំងឺកូវីដ-១៩ មិនទាន់សាប​រលាបទាំងស្រុងនៅឡើយ យើងក៏នៅបន្តត្រៀមខ្លួន ឆ្លើយតបនឹងសភាពការណ៍ និងអនុវត្តនូវ​រាល់វិធានការពារខ្លួននៅក្នុងរស់នៅប្រចាំថ្ងៃ ស្របតាមគន្លងប្រក្រតីភាពថ្មី ដើម្បីការពារខ្លួន​ពីជំងឺនេះ។

លោកឧត្តមសេនីយ៍ ក៏សូមចូលរួមអបអរសាទរចំពោះភាពជោគជ័យនៃការគ្រប់គ្រងការរីករាល​ដាលនៃជំងឺកូវីដ-១៩ ដែលជាសមិទ្ធផលសម្រេចបានរួមគ្នា ទាំងនៅរាជធានីភ្នំពេញ និងនៅទូទាំង​ប្រទេស ហើយស្ថានភាពនៃការជួបជុំក្នុងថ្ងៃនេះ គឺមានលក្ខណៈប្រកបដោយភាពសប្បាយរីករាយ ដោយខុសផ្ទុយគ្នាស្រឡះពីស្ថានភាពកាលពីឆ្នាំ២០២១ កន្លងទៅ ខណៈនៅពេលនោះ កម្ពុជាកំពុង​ប្រឈមនឹងការរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ ជាពិសេសរាជធានីភ្នំពេញ ដែលត្រូវបានញាំញីដោយព្រឹត្តិការណ៍ ២០ កុម្ភៈ និងជាទីតាំងដែលមានភាពស្មុគ្រស្មាញ និងសភាពឆ្លងធ្ងន់ធ្ងរ នាំឱ្យមានការលំបាកក្នុងការទប់ស្កាត់ការរីករាលដាល និងការជួយសង្គ្រោះជាងតាមបណ្តាខេត្តនានា។

មេបញ្ជាការកងទ័ពជើងគោក បន្តថា កត្តាជោគជ័យនៃការគ្រប់គ្រងការរីករាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា គឺបានមកដោយកត្តា ០២យ៉ាង៖ ទី១. ប្រទេសកម្ពុជា មានថ្នាក់ដឹកនាំកំពូល គឺ​សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំដោយតម្កល់ការសង្គ្រោះអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បងបំផុត។ សម្តេច មានចក្ខុវិស័យវែង​ឆ្ងាយ ហើយបានប្រមើលមើលតាំងតែពីដើមដំបូងនៃស្ថានការណ៍រីករាលដាល​នៃជំងឺនេះ ដោយបានកំណត់ទុកថា មានតែការចាក់ថ្នាំវ៉ាក់សំាងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសប៉ុណ្ណោះ ទើបអាចទប់ស្កាត់ការរីករាលដាលបាន។ ដំបូងទ្បើយ កម្ពុជាពុំទាន់មានការឆ្លងរីករាលដាលក្នុង​សហគមន៍​នោះទេ ដោយនៅពេលនោះ សម្តេចតេជោ បានកំណត់យកជាដំណាក់កាលទី១ គឺការទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩ ពីក្រៅប្រទេស ដោយបានអនុវត្តវិធានការតាមស្វែងរក​អ្នកប៉ះពាល់ ដើម្បីកាត់ផ្តាច់ការចម្លងឱ្យបានឆាប់រហ័ស ទន្ទឹមនឹងការអនុវត្តវិធាននៃការប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បីធានាការពារសុខភាពរបស់ប្រជាពលរដ្ឋ និងប្រក្រតីភាពនៃចរន្ត ​សេដ្ឋកិច្ច​-សង្គម។ ដំណាក់កាលទី២ កើតមានទ្បើងបន្ទាប់ពីមានការរីករាលដាលចូលក្នុងសហគមន៍ ដូច្នេះ សម្តេចតេជោ បានតម្កល់ការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋជាអទិភាពចម្បងបំផុត និងបានសម្រេចចិត្តយ៉ាងឆាប់រហ័សក្នុងការប្រមូលកម្លាំងគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីចូលរួម​នៅក្នុងការរៀបចំមណ្ឌលព្យាបាល មណ្ឌលចត្តាទ្បីស័ក ការបិទខ្ទប់ និងការងារពាក់ព័ន្ធនានា។ ដំណាក់កាលទី៣ កើតមានបន្ទាប់ពីការរកឃើញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺ សម្តេចតេជោ បាន​សម្រេចចិត្តយ៉ាងរហ័ស ហ្មត់ចត់ និងត្រឹមត្រូវ ដោយមានការសិក្សាយ៉ាងយក​ចិត្តទុកដាក់ពី​ក្រុម​អ្នក​បច្ចេក​ទេស ដើម្បីជ្រើសរើសយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស​ដោយឥតគិតថ្លៃ។ ទី២៖ មានការចូលរួមពីសំណាក់ប្រតិបត្តិករនានា ជាអាទិ៍ កងទ័ពអាវស​នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស ជាមួយមន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងនាមជាកម្លាំងសរុបរបស់ជាតិ រួមជាមួយនឹងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដោយបានសស្រាក់សស្រាំរួមគ្នាជាកម្លាំងមហាសាមគ្គី ក្នុងបំពេញគ្រប់ភារកិច្ចដោយមិនខ្លាចនាយហត់ និងប្រកបដោយពលិកម្មគ្រប់បែបយ៉ាង សំដៅធ្វើយ៉ាងណាសង្គ្រោះ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋចាស់ក្មេងឱ្យរួចផុតពីមាត់​ជ្រោះមរណៈនៃជំងឺកូវីដ-១៩។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អាជីពជាបុគ្គលិកសុខាភិបាល មានគុណតម្លៃឧត្តុង្គឧត្តម​ថ្លៃថ្នូរសម្រាប់សង្គមជាតិ ឬអាចនិយាយម្យ៉ាងទៀតថាជាអជីពតំណាងឱ្យព្រះអាទិទេព​ ក្នុងការជួយសង្រ្គោះជីវិតមនុស្សឱ្យរួចផុតពីជំងឺដង្កាត់ និងគ្រោះភ័យផ្នែកសុខភាពនានា នាំមកនូវការជួបជុំត្រេកអរសប្បាយរីករាយ និងសុភមង្គលក្នុងសង្គមគ្រួសារនីមួយៗ។ ផ្តើមចេញពីគោលគំនិតនេះ រាជរដ្ឋាភិបាលតែងបានខិតខំបង្កើនធនធាន និងកិច្ចសហប្រតិបត្តិការ​កៀរគរជំនួយជាតិ និងដៃគូអភិវឌ្ឍអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន​នៃប្រព័ន្ធសុខាភិបាល រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការបណ្តុះបណ្តាលធនធានមនុស្ស, ការបំពាក់ឧបករណ៍បរិក្ខារ ជាដើម ដែលបម្រើឱ្យការផ្តល់សេវាសុខាភិបាលនៅទូទាំងប្រទេស។ ជាលទ្ធផល កម្ពុជាសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពសំខាន់ៗជាច្រើន ក្នុងនោះស្ថានភាព​សុខភាពសាធារណៈត្រូវបានកែលម្អជាលំដាប់ រួមជាមួយនឹងការយកចិត្តទុកដាក់ក្នុងការពង្រឹង​គុណភាព​សេវា​សុខាភិបាលនៅគ្រប់កម្រិត។ ជាក់ស្តែង កម្ពុជាក៏បានសម្រេចគោលដៅអភិវឌ្ឍន៍​សហស្សវត្សរ៍របស់ខ្លួនគួរឱ្យកត់សំគាល់ ដែលក្នុងនោះមានគោលដៅចំនួន ០៤ ត្រូវបានសម្រេច​មុនកាលបរិច្ឆេទកំណត់ គឺការកាត់បន្ថយអត្រាមរណៈកុមារ, ការលើកកម្ពស់សុខភាពមាតា, ការប្រយុទ្ធ​នឹងមេរោគអេដស៍ ជំងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺឆ្លងនានា៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ