ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តព្រះសីហនុ ដាក់ចេញផែនការ​ជាច្រើន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ​សង្កាត់  

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ​៖ អាជ្ញាធរខេត្តព្រះសីហនុ បានដាក់ចេញផែនការជាច្រើន ដើម្បីធានា​សន្តិសុខសណ្តាប់ធ្នាប់ នាឱកាសព្រឹត្តិការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ​សង្កាត់ ឱ្យប្រព្រឹត្តទៅដោយរលូន មានតម្លាភាព យុត្តិធម៌ និងគ្មានអំពីហឹង្សា​។ ​…

ខេត្តព្រះសីហនុ​៖ អាជ្ញាធរខេត្តព្រះសីហនុ បានដាក់ចេញផែនការជាច្រើន ដើម្បីធានា​សន្តិសុខសណ្តាប់ធ្នាប់ នាឱកាសព្រឹត្តិការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ​សង្កាត់ ឱ្យប្រព្រឹត្តទៅដោយរលូន មានតម្លាភាព យុត្តិធម៌ និងគ្មានអំពីហឹង្សា​។ ​

 ថ្លែងក្នុងកិច្ចសម្ភាសជាមួយអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា លោក ឡុង ឌីម៉ង អភិបាលរង ខេត្តព្រះសីហនុ បានឱ្យដឹងថា តាមប្រតិទិន​របស់គណៈកម្មា​ធិការជាតិរៀបចំការបោះ​ឆ្នោត ហៅកាត់ថា « គជប » នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើស​រើសក្រុម​ប្រឹក្សាឃុំសង្កាត់ ដូចនេះ អាជ្ញាធរ​ខេត្ត ជាពិសេសគណៈបញ្ជាការឯកភាពខេត្ត បានខិតខំជំរុញ​ឱ្យប្រជាពល​រដ្ឋប្រើប្រាស់សិទ្ធិ ចូលរួមបោះ ឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បី​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលមានសមត្ថភាព បទពិសោធ និងឆន្ទៈមោះមុត ក្នុងការដោះស្រាយបញ្ហាជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

លោកបន្តថា គណៈបញ្ជាការឯកភាពខេត្ត ក៏បានកំណត់នូវយន្តការ និងរចនាសម្ព័ន្ធ សន្តិសុខ ក្នុងការបោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់ ជាមួយ​នឹងកិច្ចសហប្រតិបត្តិការជាមួយនឹងគ.ជ.ប ធ្វើជាគណៈកម្មការឃុំ សង្កាត់ ដោយគោរពបានទៅតាមបទបញ្ញត្តិ ដែលគោលការណ៍​ស្ដីពីការបោះឆ្នោត ក៏ដូចជាបទបញ្ជានីតិវិធីគ.ជ.ប សម្រាប់ការបោះឆ្នោតថ្នាក់​ក្រោមជាតិ ប្រកបដោយក្រម​សីលធម៌។ មិនតែប៉ុណ្ណោះ រដ្ឋបាលខេត្ត បានត្រៀម​កម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថ ធ្វើយ៉ាងណា ត្រូវបំពេញភារកិច្ច ជាភ្នាក់ងារសន្តិសុខបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ ឱ្យបានល្អ ពិសេសធានាឱ្យបាន​នូវសន្តិសុខសុវត្ថិភាពរបៀប រៀបរយ និងសណ្តាប់ធ្នាប់ ដើម្បីឱ្យដំណើរការនៃការបោះ​ឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះ បានប្រព្រឹត្ត​ទៅដោយរលូនដោយគ្មានការភ័យខ្លាច បំភិតបំភ័យ គំរាមកំហែង និងអំពើហិង្សាណាមួយ កើតឡើងនោះទេ។

លោក​បញ្ជាក់ថា​ « យើងបានខិតខំត្រៀមខ្លួន ក្នុងការធានាឱ្យបាននូវការផ្តល់សេវាសន្តិសុខ សុវត្ថិភាពចំពោះបណ្ដាមុខសញ្ញា នឹងត្រូវយកចិត្តទុក​ដាក់ដល់ការសហការការពារ​សន្តិសុខសុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់នៅតាមគោល​ដៅ នៅមុខសញ្ញាសំខាន់ៗ ទាំងក្នុងអំឡុងពេលយុទ្ធនា​ការឃោសនាបោះឆ្នោត ពេលបោះឆ្នោត និងនៅពេលរាប់សន្លឹកឆ្នោត ជាដើម ដើម្បីធា​នាឱ្យបាននូវសុខសុវត្ថិភាព»។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា នៅទូទាំងខេត្ត មាន​ឃុំ​សង្កាត់ចំនួន ២៩ និងមានប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោត ចំនួន ១៣៦ ២៧៥នាក់ មានកា​រិយា​ល័យ​បោះឆ្នោត៣១៧​ និងមានគណបក្សប្រកួតចំនួន ១១គណបក្ស​។​ ដូច្នោះលោកអំពាវនាវដល់​ប្រជាពលរដ្ឋទាំងអស់ ពិសេសពលរដ្ឋ ដែលរស់នៅក្នុងខេត្តព្រះសីហនុ សូមចូលរួមបោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តឡើង នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនាខាងមុខនេះ ឱ្យបាន​គ្រប់ៗគ្នា ដើម្បីបំពេញតួនាទី ក្នុងនាមជាប្រជាពលរដ្ឋគំរូ សម្រាប់សង្គមជាតិ៕ ចន ណារិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ