ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវ និងស្វាយ នាំចេញពីកម្ពុជា ទៅ​វៀតណាម តាមច្រកព្រំដែននានា ក្នុង​ខេត្តព្រៃវែង រយៈពេល ៥ខែ បានជាង ៩០ម៉ឺន​តោន

1 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង លោក អ៊ុក សំណាង បានឲ្យដឹងថា រយៈពេល…

ខេត្តព្រៃវែង៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង លោក អ៊ុក សំណាង បានឲ្យដឹងថា រយៈពេល ០៥ខែក្នុង​ឆ្នាំ២០២២នេះ ស្ថានភាពនៃការនាំចេញផលិតផលកសិកម្ម ទៅប្រទេសវៀតណាម តាមច្រកនានា ក្នុងខេត្តព្រៃវែង ក្រៅផ្លូវការ មានស្រូវចំនួន ៨៧៣,៦០៥តោន និងផ្លែស្វាយចំនួន៣១,១២៩តោន។

​របាយការណ៍របស់មន្ត្រីការិយល័យរដ្ឋបាលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បង្ហាញថា ស្ថានភាពឈ្មួញនាំកសិផល ទៅប្រទេសវៀតណាមក្រៅផ្លូវការ តាមច្រកនានា នៅក្នុងភូមិសាស្ត្រ​រដ្ឋបាលខេត្តព្រៃវែង ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ គឺតាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី តាមច្រកទ្វាព្រំដែនកោះរការ និងច្រករបៀង​ប៉ុស្តិ៍វរៈការពារព្រំដែនស្វាយអាង៉ោង ស្រូវសរុប ៨៧៣,៦០៥តោន​។ ចំណែកតម្លៃស្រូវជាមធ្យម ១គីឡូក្រាម ៨៩៥រៀល ដល់ ៩២០រៀល។

ប្រភពបន្តថា ការនាំស្រូវ ទៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី រយៈពេល ៥ខែ មានចំនួន ៤៤២,១៤២តោន ស្មើ ៥៣% តាមច្រកទ្វាព្រំដែនកោះរការ ចំនួន ៣៥៩,៧៦៥តោន ស្មើ៤៣% តាមច្រករបៀងស្វាយអាង៉ោង ចំនួន ៣៥,៦៩៨តោន ស្មើ ៤%​។ ផ្លែស្វាយ នាំចេញតាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី រយៈពេល ៥ខែ សរុប ៣១,១២៩តោន លក់ទៅឲ្យវៀតណាម តម្លៃជាមធ្យមក្នុង ១គីឡូ​ ៨០០រៀល ទៅ ៨៥០រៀល ក្នុងនោះ នៅខែមករា ការនាំផ្លែស្វាយចេញទៅប្រទេសវៀតណាមានមចំនួន ៤,៣៤២តោន ខែកុម្ភៈ ចំនួន ៦,៨៧៦តោន ខែមីនា ចំនួន ៩,២៤៦តោន ខែមេសា ចំនួន៧,២៧៧តោន និង​ខែឧសភា ចំនួន ៣,៣៨៨តោន។

ប្រភពបន្តទៀតថា ក្រៅពីស្រូវ និងផ្លែស្វាយ ក៏មានការនាំចេញដំឡូងមី និងគ្រាប់ធញ្ញជាតិ មានពោត សណ្តែកផងដែរ។ នេះជាការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ជួយសម្រួល​ឲ្យអាជីវករ បាននាំចេញនូវកសិផល​របស់ប្រជាកសិករ អ្នកផលិតឲ្យមានជីវភាពល្អប្រសើរ៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ