ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​នាំ​ចេញ​អង្ករ​កើនឡើង​ជិត​10% ក្នុង​ខែកញ្ញា​កន្លង​មក

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ថៃ​បាន​នាំ​ចេញ​អង្ករ​ប្រមាណ​៧៩​ម៉ឺន​តោន​ទៅ​កាន់​បរទេស​ក្នុង​ខែកញ្ញា កើនឡើង​៩,៩% បើ​ធៀប​នឹង​ឆ្នាំ​មុន ។ ការ​នាំ​ចេញ​អង្ករ​សរុប​ក្នុង​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦ បាន​កើន​ដល់​៦,៨៥​លាន​តោន ។

ប្រទេស​ថៃ ៖ ថៃ​បាន​នាំ​ចេញ​អង្ករ​ប្រមាណ​៧៩​ម៉ឺន​តោន​ទៅ​កាន់​បរទេស​ក្នុង​ខែកញ្ញា កើនឡើង​៩,៩% បើ​ធៀប​នឹង​ឆ្នាំ​មុន ។ ការ​នាំ​ចេញ​អង្ករ​សរុប​ក្នុង​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦ បាន​កើន​ដល់​៦,៨៥​លាន​តោន ។

លោក Charoen Laothamatas ប្រធាន​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ និយាយ​ថា ការ​នាំ​ចេញ​ក្នុង​ខែកញ្ញា មាន​តម្លៃ​ដល់​ទៅ​៣៤០​លាន​ដុល្លារ កើនឡើង​៣,៤% ។

ក្នុងអំឡុងពេល​៩​ខែ​កន្លង​មកនេះ បរិមាណ​នៃ​ការ​នាំ​ចេញ​អង្ករ​បាន​កើនឡើង​៣,៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​មុន ។ ប៉ុន្តែ​តម្លៃ​នៃ​ការ​នាំ​ចេញ​កើន​តែ​១,៦% ស្មើនឹង​ទឹកប្រាក់​ប្រមាណ​៣,៩​ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ ។

លោក​បន្ត​ថា ការ​នាំ​ចេញ​ក្នុង​ខែកញ្ញា បាន​រួម​បញ្ចូល​ទាំង​អ្នកទិញ​អង្ករ​ចាស់ និង​ថ្មី​ក្នុង​ទ្វីបអាហ្វ្រិក ព្រោះ​ប្រទេស​ក្នុង​ទ្វីប​នេះ​បន្ត​ទិញ​អង្ករ​សា​ជា​ថ្មី​ដើម្បី​បំពេញ​ស្តុក ។

ការ​នាំ​ចេញ​នៃ​អង្ករ​ឆ្អិន​ស្រាប់​ទៅ​កាន់​ទីផ្សារ​អាហ្វ្រិក សរុប​ស្មើនឹង​២៥៥​ពាន់​តោន​ក្នុង​ខែកញ្ញា កើនឡើង​១០៣% បើ​ធៀប​នឹង​ខែសីហា​។ Benin ជា​ប្រទេស​ទិញ​ច្រើន​ជាងគេ ដែល​បាន​ទិញ​អង្ករ​ឆ្អិន​ស្រាប់​ប្រមាណ​១៧៧​ពាន់​តោន ។

ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ក្នុង​អាហ្វ្រិក​និង​អាស៊ី ក៏​បាន​កើនឡើង​២២%​ផង​ដែរ​ក្នុង​ខែកញ្ញា ស្មើនឹង​៣៧១​ពាន់​តោន ។ យ៉ាងណា​ក្តី ការ​នាំ​ចេញ​នៃ​អង្ករ​ផ្កាម្លិះ​បាន​ធ្លាក់​ចុះ​១៣% មក​ត្រឹម​១៥៨​ពាន់​តោន ។

លោក Charoen បាន​និយាយ​ដែរ​ថា លោក​គិត​ថា ការ​នាំ​ចេញ​អង្ករ​សរុប​សម្រាប់​ខែតុលា នឹង​ស្មើ​រវាង​៧០​ម៉ឺន​តោន​ទៅ​៨០​ម៉ឺន​តោន ដោយ​ប្រទេស​ថៃ​បន្ត​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ចិន និង​ប្រទេស​ក្នុង​ទ្វីប អាហ្វ្រិក ។

សម្រាប់​ថ្ងៃ​ទី​២៥ តុលា កន្លង​មក តម្លៃ​អង្ករ​សម្រាប់​នាំ​ចេញពី​ប្រទេស​វៀតណាម និង​ឥណ្ឌា គឺ​ស្មើនឹង​៣៥០​ដុល្លារ​ក្នុង​១​តោន និង​ពី​ប្រទេស​ប៉ា​គី​ស្ថាន ស្មើនឹង​៣៤៥​ដុល្លារ​ក្នុង​១​តោន ។

យោង​តាម​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ សម្រាប់​អង្ករ​ថៃ​ដែល​មានគុណ​ភាព​ស្មើគ្នា​នោះ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​រហូត​ដល់​៣៦៩​ដុល្លារ​ក្នុង​១​តោន កាលពី​ថ្ងៃ​ទី​២៦ តុលា ៕