ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CMAC និងអង្គការមកពី​បែលហ្ស៊ិក ចុះកិច្ច​ព្រម​ព្រៀង​​សម្អាតមីន នៅខេត្តព្រះវិហារ ដោយប្រើ​សត្វកណ្តុរ និងសុនខ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ អង្គការ APOPO របស់ប្រទេសបែលហ្ស៊ិក និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន​កម្ពុជា ហៅកាត់ថា CMAC នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ…

រាជធានីភ្នំពេញ៖ អង្គការ APOPO របស់ប្រទេសបែលហ្ស៊ិក និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន​កម្ពុជា ហៅកាត់ថា CMAC នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានចុះកិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ គាំទ្រការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ពីសង្គ្រាមនៅកម្ពុជា ដោយប្រើ​ក្រុមកណ្តុរហិតមីន និងក្រុមសុនខស្រាវជ្រាវបច្ចេកទេស នៅខេត្តព្រះវិហារ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាព​កំចាត់មីន​កម្ពុជា ដែលហៅកាត់ CMAC និងលោក Michael Heiman ប្រធានអង្គការ APOPO ប្រចាំប្រទេសកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ។

លោក ហេង រតនា បានលើកឡើងថា ពិធីចុះហត្ថលេខាបោសសម្អាតមីន នៅខេត្តព្រះវិហារនេះ គាំទ្រថវិកា​ដោយ​ប្រទេសបែលហ្ស៊ិក ដែលមានទំហំទឹកប្រាក់ជាង ២៨ម៉ឺនដុល្លារអាមេរិក ក្នុងរយៈពេល ១៨ខែ ដោយគិតចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

លោកបញ្ជាក់ថា គម្រោងនៃកិច្ចសហប្រតីបត្តិការនេះ គឺមានគោលដៅនៅខេត្តព្រះវិហារ ដោយយើងនឹងរំដោះស្រុកចំនួន៤ ក្នុងខេត្តព្រះវិហារ ជាស្រុកគ្មានគ្រាប់មីន។

លោកថា ខាង CMAC នឹងចូលរួមគ្រឿងចក្រ សុនខហិតមីន ហើយនិងកណ្តុរហិតមីន ក៏ដូចជា ក្រុមអ្នកបច្ចេកទេស ខណៈខាង APOPO ទទួលបន្ទុកយកកណ្តុរ ពីខាងក្រៅមក រួមទាំង​កម្លាំងប្រតិបត្តិការ។

លោកហេង រតនា បានឲ្យដឹងដែរថា ចំពោះគម្រោង ដែលអង្គការAPOPO ជួយដល់ CMAC រួមមាន ៣គម្រោងសំខាន់ៗ គឺទី១/គម្រោងដែលបានចុះហត្ថលេខាជាមួយគ្នា ហើយយើង ក៏កំពុងធ្វើការយ៉ាងសកម្មជាមួយគ្នា ក្នុងផែនការរំដោះផ្ទៃដីប្រមាណ ៤០លានម៉ែត្រការ៉េ ប្រហាក់ប្រហែល ៤០០ហិកតា។ ចំណែកគម្រោងទី២/ គឺគម្រោង ដែលចុះហត្ថលេខានៅថ្ងៃនេះ ដោយអនុវត្តន៍លើផ្ទៃដី ៦០០ហិកតា ក្នុងរយៈពេល១៨ខែ។ គម្រោងទី៣/ គឺជាគម្រោងលើ​ការស្រាវជ្រាវ និងអភិវឌ្ឍ​សុនខបច្ចេកទេស និងកណ្តុរបច្ចេកទេស។

លោក ហេង រតនា ក៏​បានលើកឡើងពី​គុណសម្បត្តិរបស់សត្វកណ្តុរ និងសុនខ ក្នុងសកម្មភាព​បោសសម្អាតគ្រាប់មីនផងដែរ ដោយលោកបញ្ជាក់ថា ឧបករណ៍រាវមីន គឺយើងរាវរកតែធាតុដែក ខណៈដែលសុនខ និងកណ្តុរ គឹជាឧបករណ៍ហិតរកជាតិផ្ទុះ។

លោកលើកយកករណីជាក់ស្តែងថា ដូចជា តំបន់ភូមិឋានចាស់ វាមានបន្សល់ជាតិដែកច្រើន ដែល​នាំឲ្យរំខានដល់អ្នកប្រើឧបករណ៍រាវមីន។ ដូច្នេះមានតែសុនខ និងកណ្តុរទេ ដែលជួយគាំទ្រ​ដល់​ល្បឿន​នៃការបោសសំអាតមីន តាមរយៈ​ការមិនហិតរកជាតិដែកទេ គឺរកជាតិផ្ទុះ។ ទន្ទឹមនោះ សុនខ និងកណ្តុរ ដែលយើងយកមកប្រើនេះ គឺជាសុនខស្រាវជ្រាវខ្សែវែង ឬក៏គ្មានខ្សែ ខណៈ​ដែល​វាអាចរត់ចូលទៅក្នុងចំការមីន ហើយដោយសារវាមានទម្ងន់ស្រាលជាងមនុស្សយើង ដូច្នេះមីនមិនផ្ទុះនោះទេ។ ម៉្យាងទៀតគាត់ ក៏អាចប្រើច្រមុះរបស់គាត់ ហិតរកគ្រាប់មីន ដែល​នៅពីមុខគាត់ប្រមាណមួយម៉ែត្រ ទៅពីរម៉ែត្រ។ ដូច្នេះបើមានក្លិន គាត់នឹងអង្គុយចុះ ផ្តល់​សញ្ញាឲ្យយើងចូលទៅយកគ្រាប់មីន ដោយងាយស្រួល។ ការបង្កភាពងាយស្រួលមួយទៀត​របស់សុនខ និងកណ្តុរ គឺតំបន់ខ្លះ មានព្រៃបង្កការលំបាកដល់ប្រតិបត្តិការរបស់យើង។ អញ្ចឹង​យើង នឹងប្រើប្រាស់សុនខ ដើម្បីជួយយើង។

លោកបន្ថែមថា តាមគម្រោងខាងលើនេះ យើងនឹងបន្តធ្វើ រហូតដល់ឆ្នាំ២០២៦ ក្នុងការបោស​សំអាតមីននៅកម្ពុជា​។ ដូច្នេះគម្រោងនេះ វាលើស បើប្រៀបធៀបគម្រោងបោសសំអាតមីន​នៅកម្ពុជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងត្រូវរំដោះប្រទេសឲ្យអស់គ្រាប់មីនប្រឆាំងមនុស្ស នៅឆ្នាំ២០២៥។ ប៉ុន្តែលោកថា ក្រោយរំដោះគ្រាប់មីនប្រឆាំងមនុស្ស យើងក៏នៅមានបញ្ហា​ប្រឈមនឹងគ្រាប់បែកចង្កោម គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងគ្រាប់ដទៃទៀត។ ដូច្នេះយើង នឹងអាចនិយាយថា វាមិនបញ្ចប់ត្រឹមឆ្នាំ២០២៥ នោះទេ។

​របាយការណ៍ពីអាជ្ញាធរមីនកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ២៩ឆ្នាំកន្លងទៅនេះ ពោលគិត​ចាប់​ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២១ ផ្ទៃដីទំហំជាង ២ពាន់គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត​គ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម ដោយក្រុមប្រតិបត្តិករ។ បច្ចុប្បន្នផ្ទៃដីទាំង​អស់នេះ មានប្រជាពលរដ្ឋជាង៧លាននាក់ កំពុងប្រើប្រាស់សង់ជាលំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ និងដាំដំណាំ ជាដើម៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ