ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ចង្ហាន់​ទៅ​វត្ត ដូច​យក​មាស​ទៅ​ដូរ​យក​សំណ

7 ឆ្នាំ មុន

ខេត្តកំពត ៖ ស្ត្រី​ម្នាក់​ខណៈ​ត្រឡប់​មក​ពី​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​​នៅ​វត្ត​ព្រែក​ក្រឹស​វិញ ស្រាប់តែ​ជួប​ស្ត្រី​២​នាក់​​បាន​ប្រើ​ល្បិច​ទម្លាក់យោង​ដូរ​យក​មាស​អស់រលីង​ពី​ខ្លួន …

ខេត្តកំពត ៖ ស្ត្រី​ម្នាក់​ខណៈ​ត្រឡប់​មក​ពី​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​​នៅ​វត្ត​ព្រែក​ក្រឹស​វិញ ស្រាប់តែ​ជួប​ស្ត្រី​២​នាក់​​បាន​ប្រើ​ល្បិច​ទម្លាក់យោង​ដូរ​យក​មាស​អស់រលីង​ពី​ខ្លួន ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រែក​ក្រឹ​ង ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្រី​រង​គ្រោះ​ឈ្មោះ ម៉ា​ញ ប្រូ​យ អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ។

ប្រភព​បន្ត​ថា នៅ​ព្រឹក​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ព្រែក​ក្រឹស ខណៈ​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ​ស្រាប់តែ​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​២​នាក់​បាន​ដើរ​ពីមុខ​ដោយ​ម្នាក់​បាន​ធ្វើ​ជា​ជ្រុះ​ថង់​ក្រហម ភ្លាម​ៗ​នោះ​ស្ត្រី​ម្នាក់​ទៀត​ដែល​ដើរ​ទន្ទឹម​នាង​ក៏​រើស​យក​មក​បង្ហាញ​ស្ត្រី​រង​គ្រោះ ដោយ​ប្រាប់​ថា​កុំ​មាត់​ខ្ញុំ​រើស​បាន​មាស​៣០​តម្លឹង ឥឡូវ​ដោះ​មាស​នៅ​ខ្លួន​ឲ្យ​ខ្ញុំ​សិន​មក​ចាំ​ខ្ញុំ​ចែក​ឲ្យ​ច្រើន ។ ភ្លាម​ៗ​នោះ​ស្ត្រី​រង​គ្រោះ​បាន​ដោះ​ខ្សែដៃ​មាស​៥​ជី និង​ខ្សែ​ក​មាស​៥​ជី​ទៅ​ឲ្យ​ស្ត្រី​នោះ ហើយ​ស្ត្រី​នោះ​បាន​បោះ​ថង់​ក្រហម​នោះ​មក​ឲ្យ​ស្ត្រី​រង​គ្រោះ រួច​ប្រញាប់ប្រញាល់​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ។

សមត្ថកិច្ច​បន្ត​ថា បន្ទាប់​ពី​ស្ត្រី​សង្ស័យ​ទាំង​២​នាក់​ចេញ​ទៅ​បាត់ ស្ត្រី​រង​គ្រោះ​បាន​បើក​ថង់​ក្រហម​នោះ​មើលឃើញ​សុទ្ធតែ​សំណ ទើប​ដឹង​ថា​ខ្លួន​ចាញ់បោក​គេ ក៏​រត់​មក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​តាម​ចាប់ខ្លួន​ស្ត្រី​សង្ស័យ​ទាំង​២​នាក់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ប៉ុន្តែ​មិនដឹង​ជា​យ៉ាងណា​ទេ ព្រោះ​ស្ត្រី​សង្ស័យ​ទាំង​២​នាក់​បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ ។

សូម​បញ្ជាក់​ថា ករណី​ទម្លាក់យោង​(​ទម្លាក់​សំណ​ដូរ​យក​មាស​)​នេះ​កើត​ឡើងជា​ហូរហែរ ប៉ុន្តែ​សមត្ថកិច្ច​កម្រ​នឹង​ចាប់​បាន​ជនសង្ស័យ​ឆបោក​ទាំងនោះ​ណាស់ ៕