រាជធានីភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុន TPI មួយគ្រឿង បើកចុះពីលើស្ពានព្រះមុនីវង្សថ្មី បួងចង្កូតមិនទាន់ជ្រុលទៅបុកគងលើខឿនរនាំងពុះចែកស្ពាន បណ្ដាលឱ្យរថយន្តជាប់ទៅមុខលែងរួច ដែលសំណាងល្អហើយ មិនមានគ្រោះថ្នាក់ដល់អ្នកដំណើរនោះ កើតឡើងកាលពីវេលាម៉ោង០៨យប់ថ្ងៃទី០៣ វិច្ឆិកា ស្ថិតនៅចំណុចគល់ស្ពានព្រះមុនីវង្ស ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
តាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថា គេឃើញបុរសអាយុប្រហែល៣០ឆ្នាំ បានបើករថយន្តក្រឡុកស៊ីម៉ង់ត៍ម៉ាកHINO ពណ៌បៃតងលាយ.ស-ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 5A-1473 របស់ក្រុមហ៊ុន TPI បានធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សថ្មី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្តបើកចុះពីលើស្ពានវិញ ក្នុងល្បឿនលឿន តែដោយសារតែផ្លូវកោងអ្នកបើករថ យន្តបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកខឿនរនាំងបាំងគល់ស្ពានព្រះមុនីវង្ស បណ្ដាលឱ្យរថយន្តផ្លោះក្បាលរថយន្តទើរនៅលើខឿនទៅមុខលែងរួច និងធ្វើឱ្យរថយន្តបាក់ភ្លៅកណ្តាលខាងស្តាំ តែសំណាងល្អ មិនគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់នោះទេ ហើយភ្លាមៗនោះ អ្នកបើកបររថយន្តបានរត់គេខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅច្រង៉ាងកណ្តាលផ្លូវគល់ស្ពានព្រះមុនីវង្ស ចំនែកខឿនរបាំងថ្មពុះចែក ស្ពាននោះរងកាខូចខាតយ៉ាងដំណំដែរ ។
ចែករំលែកព័តមាននេះ