ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! ស៊ី​ឈ្នួល​ធ្វើ​ផ្ទះ​ឱ្យ​គេ ឆ្លៀតឱកាស​យក​លុយ​ម្ចាស់ផ្ទះ​ជាង​១​ម៉ឺន​ដុល្លារ

1 ឆ្នាំ មុន
  • បាត់ដំបង

ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជាង​ផ្ទះ​ម្នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២២ ក្រោយ​ពី​ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន ដែល​ជាប់​សង្ស័យ​​ថា

ខេត្តបាត់ដំបង ៖ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជាង​ផ្ទះ​ម្នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២២ ក្រោយ​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ដែល​ជាប់​សង្ស័យ​​​ថា បាន​លួច​យក​ប្រាក់​ម្ចាស់ផ្ទះ​ជាង​១​ម៉ឺន​ដុល្លារ ក្នុងអំឡុងពេល​ស៊ី​ឈ្នួល​ធ្វើ​ផ្ទះ​ឲ្យ​ជន​រង​គ្រោះ (​ម្ចាស់​ប្រាក់​)​។

នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ អុល ត្រឹង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានមុខ​របរ​ជាង​ផ្ទះ រស់នៅ​ភូមិ​បា​ដា​កជើង ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល​។ ជន​នេះ​ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​រតន​មណ្ឌល ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ដែល​ជាប់​សង្ស័យ​ថា បាន​លួច​ប្រាក់​ម្ចាស់ផ្ទះ​ចំនួន​១២០០០​ដុល្លារ អំឡុង​ពេល​ខ្លួន​ទៅ​ស្នាក់​នៅ​ធ្វើ​ផ្ទះ​ឲ្យ​ម្ចាស់​ប្រាក់​នោះ​។ ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែឧសភា ទើបត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន ក្រោយ​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​។

យោង​លើ​ព្រឹត្តិ​ហេតុ នៃ​អំពើ​ចោរកម្ម​នេះ គឺ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ជនសង្ស័យ​ឈ្មោះ អុល ត្រឹង ត្រូវ​បាន​សង្ស័យ​ថា បាន​ធ្វើ​សកម្មភាព​លួច​យក​ប្រាក់​ចំនួន​១២០០០​ដុល្លារ របស់​ម្ចាស់ផ្ទះ​ឈ្មោះ ទេព ហៀ​ង ភេទ​ស្រី អាយុ​៧៧​ឆ្នាំ រស់នៅ​ភូមិ​បា​ដា​កជើង ឃុំ​រស្មី​សង្ហា ខណៈ​ដែល​ជន​នេះ​ទៅ​ស្នាក់​នៅ​ស៊ី​ឈ្នូ​ល​ធ្វើ​ផ្ទះ​ឲ្យ​ជន​រង​គ្រោះ​។

សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​នាំ​ខ្លួន​ជន​នេះ​ភ្លាម​ៗ​ទៅ​សួរនាំ​រឿង​លួច​ប្រាក់​នេះ ក្រោយ​ពេល​ជន​រង​គ្រោះ​ប្ដឹង តែ​ជាង​ផ្ទះ​ម្នាក់​មិន​សារភាព​ទេ បើ​ទោះជា​ស្ត្រី​ម្ចាស់ផ្ទះ​អះអាង​ថា គាត់​បានឃើញ​សកម្ម​ភាព​ជាង​ផ្ទះ​ម្នាក់​នេះ បាន​លូកដៃ​លួច​ថង់​ដាក់​ប្រាក់​គាត់​ផ្ទាល់​ភ្នែក​ក្ដី​។ ប៉ុន្តែ​ក្រោយ​ពី​មានការ​សង្ស័យ​កាន់តែ​ខ្លាំង ហើយ​សមត្ថកិច្ច​នាំ​ជន​នេះ​ទៅ​សួរនាំ​ជា​ថ្មី ទើប​ជន​នេះ​ទទួលស្គាល់​ការ​ពិត និង​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​ដែល​ច្រក​ក្នុង​ថង់​របស់​ម្ចាស់ផ្ទះ​មែន​។ ជាង​ផ្ទះ​ម្នាក់​នេះ បាន​សារភាព​ទៀត​ថា ខ្លួន​បាន​លួច​ប្រាក់​មួយ​ថង់​នោះ​ពី​ក្នុង​កន្ត្រក​ដាក់​ស្លា​ម្លូរ​របស់​ជន​រង​គ្រោះ​ដែល​ទុក​លើ​គ្រែ នៅ​ពេល​ឃើញ​ម្ចាស់ផ្ទះ​ងើប​ដើរ​ចេញ​ផុត​បន្តិច​។

ជន​នេះ​បាន​បញ្ជាក់​ថា ពេល​លួច​បាន ខ្លួន​យក​ប្រាក់​ទៅ​លាក់​ទុក​ក្នុង​គុម្ព​ឬ​ស្សី​ក្រោយ​ផ្ទះ​ម្ចាស់​ប្រាក់ ដោយ​មិន​អាច​រំដោះ​ប្រាក់​នោះ​ចេញពី​គុម្ព​ឬ​ស្សី​បាន​ទេ ព្រោះ​ត្រូវ​បែក​ការណ៍ ហើយ​ត្រូវ​ម្ចាស់ផ្ទះ​សង្ស័យ​តាម​ឃ្លាំមើល​សកម្មភាព​ខ្លួន​រហូត​មក លុះដល់​ថ្ងៃ​ឃាត់ខ្លួន ទើប​ខ្លួន​ត្រូវ​សមត្ថកិច្ច​នាំ​ទៅ​យក​ប្រាក់​នោះ​។

ដោយឡែក​បើ​តាម​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​ឈ្មោះ ទេព ហៀ​ង វិញ បាន​ប្រាប់​សមត្ថកិច្ច​ថា ប្រាក់​ទាំងនោះ គឺ​គាត់​បាន​មក​ពី​ការ​លក់​ដី​។ ក្រោយ​ពី​លក់​ដី​បាន​ប្រាក់ គាត់​បាន​យក​ប្រាក់​មួយ​ចំនួន​ដែល​សេសសល់​ពី​ការ​ចែក​ទៅ​សាងសង់​ផ្ទះ គ្រាន់​ស្នាក់​នៅ​ក្នុង​វ័យ​ជរា​។ គាត់​និយាយ​ថា ពេល​សាងសង់​ផ្ទះ​នេះ គាត់​បាន​ជួល​ជាង​មួយ​ក្រុម​នៅ​ក្នុងភូមិ​ឲ្យ​ធ្វើ​ផ្ទះ​គាត់ ក្នុង​នោះ​មានឈ្មោះ អុល ត្រឹង ដែល​លួច​ប្រាក់​គាត់​នេះ​ផង​។

គាត់​បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​បាត់ប្រាក់​នោះ គាត់​បាន​ដក​ថង់​ដាក់​ប្រាក់​នោះ​ចេញពី​ក្នុង​អាវ រួច​យក​មក​ទុក​ក្នុង​កន្ត្រក​ស្លា ហើយ​ទុក​កន្ត្រក​ស្លា​នៅ​លើ​គ្រែ​។ ពេល​នោះ​គាត់​បាន​ដកឃ្លា​ដើរទៅ​រោង​ខាងក្រោយ​បន្តិច តែ​ពេល​គាត់​ងាក​មក​មើល​កន្ត្រក​ដាក់​ប្រាក់ ស្រាប់តែ​ឃើញ​ជាង​ឈ្មោះ អុល ត្រឹង ដើរមក​ក្បែរ រួច​លូកដៃ​យក​ថង់​ប្រាក់​របស់​គាត់ រួច​ដើរ​ចេញ​បាត់​។

ម្ចាស់​ប្រាក់​រូប​នេះ​និយាយ​ថា ពេល​នោះ​គាត់​ដើរមក​មើលឃើញ​បាត់​ថង់​ប្រាក់ តែ​គាត់​មិន​ហ៊ាន​មាត់ ហើយ​ក៏​មិន​បាន​ចោទ​ជាង​ចោរ​នោះ​ដែរ ព្រោះ​គាត់​គ្មាន​ភស្ដុ​តាង តែ​គាត់​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​។

សមត្ថកិច្ច​បាន​ហៅ​ជនសង្ស័យ​ជា​ជាង​ម្នាក់​នេះ ទៅ​សួរនាំ​ច្រើន​លើក​ច្រើន​សារ តែ​ជន​នេះ​មិន​ព្រម​សារភាព​ទេ​។ លុះ​នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ក្រោយ​ពី​សង្ស័យ​ទៅ​លើ​ជន​នេះ​កាន់តែ​ខ្លាំង សមត្ថកិច្ច​ក៏​បាន​សួរនាំ​ជន​នេះ​ជា​ថ្មី ទើប​ជន​នេះ​សារភាព ហើយ​បាន​នាំ​សមត្ថកិច្ច​ទៅ​យក​ថង់​ប្រាក់​នោះ​។ ពេល​នេះ សមត្ថកិច្ច​បាន​ដកហូត​ប្រាក់​ពី​ជនសង្ស័យ និង​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​គ្រប់​ចំនួន​ហើយ​។

លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ដែរ​ថា តាម​ពិត​ជនសង្ស័យ​បាន​ព្យាយាម​រំដោះ​ថង់​ប្រាក់​នោះ​ចេញពី​គុម្ព​ឬ​ស្សី​ដែរ តែ​គ្មាន​ឱកាស ព្រោះ​ត្រូវ​ម្ចាស់ផ្ទះ និង​កូនចៅ​តាមដាន​សកម្មភាព​ជន​នេះ​រហូត​។ ប៉ុន្តែ​យ៉ាងណា ចាត់ទុកជា​សំណាង​ម្ចាស់ផ្ទះ ដែល​ត្រូវ​សមត្ថកិច្ច​ប្រមូល​បាន​ប្រាក់​ត្រឡប់​មក​វិញ​គ្រប់​ចំនួន តែបើ​ជនសង្ស័យ​លួច​បាន​យក​ទៅ​បាត់ ប្រហែលជា​គ្មាន​វាសនា​បានឃើញ​ស្រមោល​ប្រាក់​ជាង​១​ម៉ឺន​ដុល្លា​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ