ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុ​ម កែវ​ដា និង ផា យ៉ាក់​ឡេ​ក ប៉ះ​គ្នា​យក​ពាន​ខា​រ៉ា​បាវ​នៅ​ថ្ងៃ​សៅរ៍​ខានស្អែក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ ទី​៥ តុលា​ ខាន​ស្អែក​នេះ ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ជើងឯក​អន្តរជាតិ​របស់​​ខា​រ៉ា​បាវ​ឈាន​ដល់ទី​បញ្ចប់​ហើយ ដោយ​កីឡាករ​កម្ពុជា និង​ថៃ​២​រូប​នឹង​ឡើង​ប្រកួត​គ្នា​ស្លា.ប់​រស់ ​ដើម្បី​

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ ទី​៥ តុលា​ ខាន​ស្អែក​នេះ ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ជើងឯក​អន្តរជាតិ​របស់​​ខា​រ៉ា​បាវ​ឈាន​ដល់ទី​បញ្ចប់​ហើយ ដោយ​កីឡាករ​កម្ពុជា និង​ថៃ​២​រូប​នឹង​ឡើង​ប្រកួត​គ្នា​ស្លាប់​រស់ ​ដើម្បី​ដណ្ដើម​យក​កៅអី​ជើងឯក ។ កីឡាករ ឌុ​ម កែវ​ដា និង​កីឡាករ​ថៃ ផា យ៉ាក់​ឡេ​ក  គឺជា​បេក្ខភាព​ដែល​នឹង​មាន​ម្នាក់​ក្លាយជា​ម្ចាស់​ជើងឯក​នៅ​វគ្គ​ចុង​ក្រោយ​របស់​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​អះអាង​ថា ការ​ប្រដាល់​ដែល​មានឈ្មោះ​ថា «​ការ​ប្រកួត​ដណ្ដើម​ជើងឯក​អន្តរជាតិ​ខា​រ៉ា​បាវ​» ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​នា​ពេល​កន្លង​មក គេ​រក​ឃើញ​កីឡាករ​២​រូប​គឺ ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ និង​កីឡាករ​ថៃ​ផា យ៉ាក់​ឡេ​ក ជា​អ្នក​ឈាន​ឡើង​ទៅ​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​។ លោក​ថា ការ​ប្រកួត​នៅ​រសៀល​ថ្ងៃ​សៅរ៍​ខានស្អែក​នេះ នឹង​ក្លាយជា​ជំនួប​ដ៏​សំខាន់​បន្ទាប់​ពី​ជើង​ខ្លាំង​ទាំង​ពីរ​បាន​ពុះពារ​ប្រកួត​ឡើង​អស់​សមត្ថភាព​ក្នុង​ការ​យកឈ្នះ​កីឡាករ​ផ្សេង​ទៀត​ទម្រាំ​ឈាន​ដល់​វគ្គ​នេះ​។ ជើង​ខ្លាំង​កម្ពុជា​៣​នាក់​ត្រូវ​ធ្លាក់​ក្រោម​ដៃជើង​ខ្លាំង​របស់​ថៃ ហើយ​ជើង​ខ្លាំង​ថៃ​៣​នាក់​ក៏​ត្រូវ​ធ្លាក់​ដោយសារ​កីឡាករ​កម្ពុជា​រូប​នេះ ទើប​ជា​ហេតុ​ធ្វើ​ឱ្យ​កីឡាករ​ទាំង​ពីរ​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ទាំង​មោទនភាព​។ ការ​ប្រកួត​មួយ​នេះ មាន​កីឡាករ​ពី​ដំបូង​៨​នាក់​គឺ​កម្ពុជា​៤​នាក់​និង​ថៃ​៤​នាក់​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ដោយ​កីឡាករ​ទាំង​៨​នាក់​សុទ្ធតែ​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​វិស័យ​ប្រដាល់ ។

ផ្អែក​តាម​ការ​ប្រកួត កីឡាករ​ឌុ​ម កែវ​ដា មិន​ទាន់​ប្រាកដ​ថា​បាន​កាន់​ពាន​ជើងឯក​នោះ​ទេ បើ​ទោះជា​គេ​ធ្លាប់​ឈ្នះ​កីឡាករ​ថៃ ផា យ៉ាក់​ឡេ​ក កាលពី​វគ្គ​ប្រកួត​ជុំ ក៏​ជ័យជម្នះ​នា​ពេល​នោះ​ហាក់ដូចជា​សំណាង​ច្រើន​ជាង​ឈ្នះ​ដោយ​បច្ចេក​ទេស ។ លោក​ថា កីឡាករ​ថៃ​រូប​នេះ​ប្រកួត​ឈ្នះ​កីឡាករ​កម្ពុជា​គ្រប់​គ្នា​ក្នុង​ពេល​ប្រកួត​ជុំ ដោយ​ចាញ់​តែ​កីឡាករ​ឌុ​ម កែវ​ដា ម្នាក់​ប៉ុណ្ណោះ ប៉ុន្តែ​បើ​យើង​ក្រឡេក​មើល​ពី​លទ្ធភាព​នៃ​ការ​យកឈ្នះ​គឺ​ដូច​ជា​រឿង​ភ្លាត់​ច្រើន​ជាង ។ កីឡាករ​ឌុ​ម កែវ​ដា អាច​នឹង​ត្រូវ​ប្រើ​កម្លាំង​ខុស​ពី​ការ​ប្រកួត​ក្នុង​ជុំ ដោយសារ​តែ​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ កីឡាករ ផា យ៉ាក់​ឡេ​ក ក៏​មាន​បំណង​ដណ្ដើម​យក​តំណែង​ជើងឯក​ដោយ​មិន​ឱ្យ​របូត​ដូច​គ្នា ។ ការ​ប្រកួត​គូ​នេះ​នឹង​ទាក់ទាញ​អារម្មណ៍​អ្នក​ស្នេហា​ការ​ប្រដាល់ ភាគច្រើន ហើយ​លោក​រំពឹង​ថា នឹង​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ជាប់ចិត្ត​ផង​ដែរ​មុន​នឹង​ពួក​គេ​រក​ឃើញ​ចាញ់​ឈ្នះ​នៅ​វគ្គ​ចុង​ក្រោយ ។

កីឡាករ ឌុ​ម កែវ​ដា ត្រូវ​គេ​ឃើញ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ពេល​ការ​ប្រកួត​កាន់តែ​កៀក​ជិត​មក​ដល់​។ ការ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ក៏​ត្រូវធ្វើ​ឡើង​ដោយ​ការ​ប្រឹងប្រែង​ផង​ដែរ ដោយសារ​តែ​គេ​មាន​បំណង​ចង់​ជាប់​ជើងឯក​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ។  អ្នក​ស្នេហា​ការ​ប្រដាល់​ភាគច្រើន​ហាក់​មាន​ជំនឿ​ចិត្ត​ថា កីឡាករ​ឌុ​ម កែវ​ដា នឹង​ក្លាយជា​ម្ចាស់​ជើងឯក​ខា​រ៉ា​បាវ ដោយ​យោង​តាម​កីឡាករ​រូប​នេះ​ប្រកួត​មិន​ធ្លាប់​ចាញ់​ទាល់តែ​សោះ បូក​រួម​ទាំង​ជាមួយ​កីឡាករ​ថៃ​ដែល​ឡើង​ប្រកួត​ជាមួយ​គេ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ផង ។ ម្យ៉ាង​មក​ពី​កីឡាករ​រូប​នេះ​មាន​បច្ចេកទេស​ល្អ និង​មាន​កែង​មុត​ស្រួច​នោះ​ផង ទើប​ការ​យកឈ្នះ​លើ​កីឡាករ ផា យ៉ាក់​ឡេ​ក មិនមែន​ជា​រឿង​ពិបាក​។ ទោះបី​យ៉ាងណា គេ​មិន​ទាន់​ដឹង​ថា​កីឡាករ​កម្ពុជា​រូប​នេះ នឹង​មានសំណាង​ដូច​ពេល​ប្រកួត​ជុំ​ឬ​យ៉ាងណា​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ក៏​ត្រូវ​គេ​ប៉ាន់​ស្មានថា​នឹង​មិន​អាច​បណ្ដោយ​ឱ្យ​ចាញ់​ងាយ​ៗ ។ កីឡាករ​ថៃ​ល្អ​កែង និង​ទាត់​បាន​រហ័ស​គួរ​ឱ្យ​ញញើត​ផង​ដែរ​ទើប​ការ​ប្រកួត​ចាញ់​កីឡាករ​ឌុ​ម កែវ​ដា លើក​នេះ​អាច​មិន​ងាយស្រួល ។

លោក ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​អះអាង​ថា ការ​ប្រកួត​លើក​នេះ កីឡាករ ឌុ​ម កែវ​ដា មិន​គិត​ថា​កីឡាករ​ថៃ ផា យ៉ាក់​ឡេ​ក ចាញ់​ដោយ​ស្រួល​ដូច​ការ​ប្រកួត​វិល​ជុំ​ទេ ។ លោក​ថា កីឡាករ​របស់​លោក​បាន​ប្រឹងប្រែង​ប្រកួត​ល្អ​ណាស់ ហើយ​បើ​មើល​ពី​សមត្ថភាព​របស់​គេ​ក៏​លោក​ជឿជាក់​ណាស់​ដែរ ។ ថ្វី​ដ្បិតតែ​លោក​យល់​ថា កីឡាករ​ម្ខាង​ៗ​សុទ្ធតែ​មាន​ចំណុចខ្លាំង​រៀងខ្លួន ប៉ុន្តែ​លោក​យល់​ថា លទ្ធផល​អ្នក​ឈ្នះ​នឹង​ត្រូវ​ពឹង​លើ​សំណាង​មួយ​ផ្នែក​ធំ ។ លោក​ថា ការ​ប្រកួត​ប្រដាល់​មិន​ខុស​ពី​បាល់​មូល​នោះ​ទេ ដែល​មាន​ន័យ​ថា​ អ្នក​ភ្លាត់​គឺ​ចាញ់ ហើយ​អ្នកមាន​សំណាង​នឹង​កាន់​ពាន ។ ប៉ុន្តែ​អ្នក​ទាំង​ពីរ​នឹង​មាន​លទ្ធផល​រួម​មួយ​គឺ​នៅ​ក្រោយ​ការ​ប្រកួត​នឹង​ឈឺខ្លួន​ដូច​គ្នា ដោយសារ​តែ​កីឡាករ​កម្ពុជា​ក៏​លោក​ថា​មិន​បន្ធូរ​ដៃ ហើយ​កីឡាករ​ថៃ​ក៏​មិន​លាក់​បច្ចេកទេស ដែល​លោក​ហៅ​ថា​មិន​ដូច​ការ​ប្រកួត​ក្នុង​ជុំ ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ជើងឯក​នេះ​ដែរ កីឡាករ​ជើង​ខ្លាំង​អ៊ុំ ចំរើន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រឹទ្ធិ ក៏​នឹង​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ឈាង ក្រៃ ក្នុង​នាម​ជា​គូ​មិត្តភាព​ផង​ដែរ​៕