ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​ប្រាប់​ចិនឱ្យ​ទម្លាក់​ចោល​ទណ្ឌកម្ម​ពន្ធ បើ​ចង់​ស្តារ​​ទំនាក់​ទំនងឡើងវិញ

1 ឆ្នាំ មុន

​អូស្ត្រាលី ៖ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អូស្ត្រាលី នៅ​ថ្ងៃ​ពុធ ទី​​២៥ ឧសភា ​នេះ​បាន​អំពាវនាវ​ឲ្យ​ចិន​ទម្លាក់​ចោល

​អូស្ត្រាលី ៖ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អូស្ត្រាលី នៅ​ថ្ងៃ​ពុធ ទី​​២៥ ឧសភា ​នេះ​បាន​អំពាវនាវ​ឲ្យ​ចិន​ទម្លាក់​ចោលការ​ដាក់​ទណ្ឌកម្ម​ពន្ធ​ពាណិជ្ជកម្ម​លើ​អូស្ត្រាលី ប្រ​សិន​ចិន​ចង់​​ស្តារ​​ទំនាក់ទំនង​វិញ​។ ការ​អំពាវនាវ​របស់​អូស្ត្រាលី​កើតឡើង​ក្រោយ​ពេល​ទីក្រុង​ប៉េ​កាំ​ង​បាន​ផ្ញើ​សារ​អបអរ​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​អូស្ត្រាលី ដោយ​បង្ហាញ​សញ្ញា​ថា​ខ្លួន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ល្អ​ប្រសើរ​ឡើង​វិញ​។

ចិន ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​អូស្ត្រាលី បាន​កំណត់​ពន្ធ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលិតផល​ឧស្សាហ៍កម្ម​សំខាន់​ៗ​របស់​អូស្ត្រាលី​ដូច​ជា ស្រា ស្រូ​វ​សាលី និង​ធ្យូងថ្ម ខណៈ​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ធ្លាក់​ចុះ​ខ្លាំង​ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយ​នេះ​។

រដ្ឋធានី​កង់​បេ​រ៉ា (Canberra) បាន​ធ្វើ​ឲ្យ​ទីក្រុង​ប៉េ​កាំ​ង​ខឹងសម្បារ​យ៉ាង​ខ្លាំង​ដោយសារ​តែ​អូស្ត្រាលី​បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​ដើម្បី​ស្វែងរក​ប្រភព​ដើម​នៃ​វីរុស​កូ​រ៉ូ​ណា និង​ធ្វើការ​ហាមឃាត់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន Huawei មិន​ឲ្យ​បង្កើត​ប្រព័ន្ធ 5G​។

ហេរញ្ញិក Jim Chalmers បាន​និយាយ​ថា អូស្ត្រាលី​មាន​អារម្មណ៍​ឈឺចាប់​ចំពោះ​ការ​គាបសង្កត់​ផ្នែក​ពាណិជ្ជកម្ម​របស់​ចិន និង​បាន​អំពាវនាវ​ឲ្យ​មានការ​ដក​ទណ្ឌកម្ម​ឲ្យ​បាន​ឆាប់​តាមតែ​អាច​ធ្វើ​បាន​។

លោក​បាន​ថ្លែងប្រាប់​សារព័ត៌មាន ABC ដូច្នេះ​ថា «​ពួក​គេ​បំផ្លាញ​សេដ្ឋកិច្ច​របស់​យើង​។ ពួក​គេ​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​លំបាក​សម្រាប់​និ​យោក​ជិ​ក និង​កម្មករ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​»​។

សូម​បញ្ជាក់​ថា នាយក​រដ្ឋមន្ត្រី​ចិន​លោក Li Keqiang បាន​ផ្ញើ​សារលិខិត​អបអរសាទរ​ដល់​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​អូស្ត្រាលី​គឺ​លោក Anthony Albanese នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ដែល​ជា​ទំនាក់ទំនង​កម្រិត​ខ្ពស់​បំផុត​រវាង​ទីក្រុង​ប៉េ​កាំ​ង និង​កង់​បេ​រ៉ា​ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយ​៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ