រាជធានីភ្នំពេញ ៖ កំពង់ចម្លងជ្រោយចង្វា-ស្វាយជ្រំ ដែលពីមុនមកឯកជនជាអ្នកគ្រប់គ្រងអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ឥឡូវនេះ ត្រូវប្រគល់ឱ្យរដ្ឋជាអ្នកទទួលខុសត្រូវជំនួសវិញម្តង ។ អ្នកដំណើរជិត-ឆ្ងាយដែលឆ្លងកាត់ទីនេះ បានសម្តែងនូវការសប្បាយចិត្តចំពោះការផ្លាស់ប្តូរនេះ ដោយសារតែមានភាពប្រែប្រួលនិងរីកចម្រើនជាងមុន ។
លោកស៊ឹម សែ ប្រធានសាខាកំពង់ចម្លងជ្រោយចង្វា-ស្វាយជ្រំ បានប្រាប់កោះសន្តិភាពថា រដ្ឋបានចាប់ដំណើរការយកកំពង់ចម្លងនេះមកគ្រប់គ្រងចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១១ ដោយបញ្ជូនសាឡាង២គ្រឿងមកកាន់ទីនេះ។ សាឡាងទាំង២គ្រឿងនោះទី១-ឈ្មោះសាមគ្គីលេខ០២៨ យកមកពីកំពង់ចម្លងព្រែកក្តាម និង១គ្រឿងទៀតឈ្មោះសាមគ្គីលេខ០២៧ យកមកពីកំពង់ចម្លងព្រែកតាមាក់ ។ លោកស៊ឹម សែ បញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានព្រែកក្តាមនិងស្ពានព្រែកតាមាក់ជាផ្លូវការរួចមក អង្គភាពកំពង់ចម្លងជ្រោយចង្វា-ស្វាយជ្រំ បានយកសាឡាងទាំង២គ្រឿងខាងលើមកធ្វើការជួសជុលឱ្យថ្មីស្អាតឡើងវិញ ដើម្បីបម្រើការឆ្លងកាត់នៅទីនេះ ។
លោកស៊ឹម សែ បញ្ជាក់ទៀតថា តាមពិតកំពង់ចម្លងជ្រោយចង្វា-ស្វាយជ្រំនេះជាសាខាមួយរបស់កំពង់ចម្លងអ្នកលឿង ដែលមានលោកសេង ឈួន ប្រតិភូរាជរដ្ឋាភិបាលជាអ្នកទទួលខុសត្រូវរួម ។ ក្រោមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំនៅទីនេះ បាននិងកំពុងមានការអភិវឌ្ឍធ្វើយ៉ាងណាបង្កភាពងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ហើយក្នុងរយៈពេលដ៏ខ្លី អង្គភាពទទួលបានការកោតសរសើរច្រើនពីអ្នកដំណើរឆ្លងកាត់កំពង់ចម្លង នេះ ។ ចំពោះមន្ត្រីដែលកំពុងបំពេញការងារនៅកំពង់ចម្លងជ្រោយចង្វា-ស្វាយជ្រំមានចំនួន២៥នាក់ ហើយមន្ត្រីទាំងនេះគឺផ្លាស់មកពីកំពង់ចម្លងព្រែកក្តាមនិងព្រែកតាមាក់ ។ លោកបន្តថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ កំពង់ចម្លងមានគំរោងថែមសាឡាង១គ្រឿងទៀតចៀសវាងការរាំងស្ទះ ខណៈដែលមានការឆ្លងកាត់ច្រើនខុសពីធម្មតា ។ ចំណែកផ្លូវឡើងចុះកំពង់់ចម្លង ក៏ត្រូវបានឈូសឆាយរៀបចំឱ្យមានភាពងាយស្រួលនិងមានគម្រោងចាក់បេតុងឱ្យបានមុនរដូវវស្សាចូលមកដល់ ។
លោកស៊ឹម សែ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ អាជីវករ សិស្ស-និស្សិត ដែលធ្វើដំណើរឆ្លងកាត់កំពង់ចម្លងនេះ សូមកុំឱ្យមានការព្រួយបារម្ភពីសុវត្ថិភាព ព្រោះក្រុមការងាររបស់អង្គភាពមានភារកិច្ចទទួលខុសត្រូវខ្ពស់ ហើយសាឡាងដែលត្រូវប្រើប្រាស់ជាសាឡាងធុនធំ ប្រកបដោយសុវត្ថិភាព១០០%។ ចំពោះពេលវេលានៃការឆ្លងកាត់ គឺចាប់ផ្តើមពីម៉ោង៥ព្រឹករហូតដល់ម៉ោង៨យប់ រីឯតម្លៃដែលរដ្ឋបានកំណត់មនុស្សម្នាក់២០០រៀល មនុស្សម្នាក់បូកកង់១ ស្មើនឹង៣០០រៀល មនុស្សម្នាក់បូកម៉ូតូ១ ស្មើនឹង៥០០រៀល រថយន្តតូច៥.៨០០រៀល តម្លៃនេះទាបជាងកាលពីជំនាន់ឯកជនគ្រប់គ្រង ។ ការឆ្លងកាត់ក្នុង១ថ្ងៃគិតជាមធ្យមអ្នកថ្មើរជើងមានជាង១ពាន់នាក់ ម៉ូតូ២ពាន់គ្រឿង និងរថយន្ត១០០គ្រឿង ។ ការដឹកនាំគ្រប់គ្រងមួយដែលប្រកបដោយភាពទទួលខុសត្រូវ ពិតជានាំមកនូវជោគជ័យ ៕



ចែករំលែកព័តមាននេះ