ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​ខែឧសភា​ ដល់​តុលា​ កម្ពុជា​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​បង្គួរ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ​ចាប់ពី​ខែឧសភា ដល់​ខែតុលា ឆ្នាំ​២០២២​ខាង​មុខ​នេះ កម្ពុជា​អាច​នឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​បង្គួរ​នៅ​ដើមរដូវ​វស្សា ហើយ​អាច​មាន​ភ្លៀង​ពី​បង្គួរ​ទៅ​ច្រើន​នៅ​ពាក់កណ្តាល​រដូវវស្សា ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ​ចាប់ពី​ខែឧសភា ដល់​ខែតុលា ឆ្នាំ​២០២២​ខាង​មុខ​នេះ កម្ពុជា​អាច​នឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​បង្គួរ​នៅ​ដើមរដូវ​វស្សា ហើយ​អាច​មាន​ភ្លៀង​ពី​បង្គួរ​ទៅ​ច្រើន​នៅ​ពាក់កណ្តាល​រដូវវស្សា ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ព្យាករ​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​លើក​ទី​១ ប្រចាំឆ្នាំ​២០២២ នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២២​ក្រសួង​ធនធាន​ទឹកបាន​លើក​ឡើង​ថា បន្ទាប់​ពី​បាន​ធ្វើការ​តាមដាន អង្កេត​ស្រាវជ្រាវ​លើ​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​ជា​ច្រើន​ឆ្នាំ​បន្តបន្ទាប់​រួច​មក ក្រសួង​ធនធានទឹក រួច​មក​ឃើញ​ថា ៖ ចាប់ពី​ខែឧសភា​ដល់ ខែតុលា ឆ្នាំ​២០២២ បាតុភូត​អែន​សូ (ENSO Neutral) មាន​ពី​២០% ទៅ​៥០% បាតុភូត​ឡា​នី​ណា (La Nina) មាន​ពី​៥០% ទៅ​៨០% និង​បាតុភូត​អែ​ល​នី​ញូ (El Nino) មាន 0% ។

ក្រសួង​បញ្ជាក់​ថា ៖« ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ភ្លៀង​អាច​មាន​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​បង្គួរ​នៅ​ដើមរដូវ​វស្សា​, អាច​មាន​ពី​បង្គួរ​ទៅ​ច្រើន​នៅ​ពាក់កណ្តាល​រដូវវស្សា និង​អាច​មាន​ពី​មធ្យម​ទៅ​បង្គួរ​នៅ​ចុងរដូវ​វស្សា​ទាំង​នៅ​ក្នុង​អាង​ទន្លេមេគង្គ និង​នៅ​ក្នុង​ប្រទេស​កម្ពុជា​» ។

ក្រសួង​ក៏​បាន​លើក​ឡើង​ថា ស្ថានភាព​ទឹកទន្លេ​មេគង្គ ទន្លេបាសាក់ និង​ទន្លេសាប ៖ ចាប់ពី​ដើមឆ្នាំ​២០២២​នេះ​មក​មាន​ស្ថានភាព ៖

  • ទន្លេមេគង្គ​-​ស្ទឹង​ត្រែង ទឹក​មាន​កម្រិត​កម្ពស់​ខ្ពស់​ជាង​មធ្យម​ច្រើន​ឆ្នាំ ប្រមាណ​០,៥៣ ម៉ែត្រ ។
  • ទន្លេមេគង្គ​-​ក្រចេះ ទឹក​មាន​កម្រិត​កម្ពស់​ខ្ពស់​ជាង​មធ្យម​ច្រើន​ឆ្នាំ ប្រមាណ​០,៧២ ម៉ែត្រ ។
  • ទន្លេមេគង្គ​-​កំពង់ចាម ចាប់ពី​ខែមករា​ដល់​ពាក់កណ្តាល​ខែមីនា ទឹក​មាន​កម្រិត​កម្ពស់​ទាប​ជាង​មធ្យម​ច្រើន​ឆ្នាំ​ដល់​ទៅ ១,២១ ម៉ែត្រ ប៉ុន្តែ​មក​ដល់​ខែឧសភា ទឹក​មាន​កម្រិត​កម្ពស់​ខ្ពស់​ជាង​មធ្យម​ច្រើន​ឆ្នាំ​ប្រមាណ ០,៦៤ ម៉ែត្រ ។
  • រាជធានី​ភ្នំពេញ ស្ថានីយ​ជល​សាស្ត្រ​ទន្លេបាសាក់​-​ចតុមុខ ចាប់ពី​ខែមករា ដល់​ពាក់កណ្តាល​ខែមីនា ទឹក​មាន​កម្រិត​កម្ពស់​ទាប​ជាង​មធ្យម​ច្រើន​ឆ្នាំ​ដល់​ទៅ​១,១០ ម៉ែត្រ ប៉ុន្តែ​មក​ដល់​ខែឧសភា ទឹក​មាន​កម្រិត​កម្ពស់​ខ្ពស់​ជាង​មធ្យម​ច្រើន​ឆ្នាំ​ប្រមាណ ០,២៨ ម៉ែត្រ ។
  • ទឹក​ក្នុង​បឹង​ទន្លេសាប នៅ​ស្ថានីយ​ក្រគរ​-​កំពង់​លួង ចាប់ពី​ខែមករា ដល់​ខែមីនា ទឹក​មាន​កម្រិត​កម្ពស់​ទាប​ជាង​មធ្យម​ច្រើន​ឆ្នាំ​ប្រមាណ​ពី ០,៥០ ម៉ែត្រ ទៅ ០,៩០ ម៉ែត្រ ប៉ុន្តែ​ចាប់ពី​ខែមេសា ដល់​ខែឧសភា ទឹក​មាន​កម្រិត​កម្ពស់​ខ្ពស់​ជាង​មធ្យម​ច្រើន​ឆ្នាំ​បន្តិចបន្តួច​ប្រមាណ ០,០៨ ម៉ែត្រ ។

ក្រសួង​ឲ្យ​ដឹង​ទៀត​ថា ផ្អែក​តាម​លក្ខណៈ​ខាងលើ ស្ថានភាព​ទឹកទន្លេ​មេគង្គ​សម្រាប់​ដើមឆ្នាំ​២០២២​នេះ នៅ​ទន្លេមេគង្គ​ផ្នែក​ខាងលើ ទឹក​មាន​កម្រិត​កម្ពស់​ខ្ពស់​ជាង​មធ្យម​ច្រើន​ឆ្នាំ​, នៅ​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម ទឹក​មាន​កម្រិត​កម្ពស់​ប្រហាក់ប្រហែល នឹង​ខ្ពស់​ជាង​មធ្យម​ច្រើន​ឆ្នាំ​ចាប់ពី​ខែមេសា​មក ។ រីឯ​ទឹក​នៅ​បឹង​ទន្លេសាប ក៏​ខ្ពស់​ជាង​មធ្យ ម​ច្រើន​ឆ្នាំ​ចាប់ពី​ខែមេសា​មក​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​ឲ្យ​ដឹង​ថា ចំពោះ​ការ​ព្យាករ​ទឹកជំនន់​ទន្លេមេគង្គ​លើក​ទី​១ ប្រចាំឆ្នាំ​២០២២ វិញ​ថា យោង​លើ​ស្ថានភាព​ទឹកទន្លេ​មេគង្គ​នា​ពេល​បច្ចុប្បន្ន កត្តា​អាកាសធាតុ និង​ការ​វិភាគ​លើ​ទំនាក់ទំនង​រវាង​កម្ពស់​ទឹក​អប្បបរមា និង​អតិបរមា​ព្រមទាំង​ការ​វិភាគ​លើ​វដ្ត​ទឹក ការ​ព្យាករ​លើក​ទី​១ បាន​បង្ហាញ​ថា នៅ​ស្ថានីយ​ជល​សាស្ត្រ​បា​សាក់​-​ចតុមុខ នា​ឆ្នាំ​២០២២​នេះ​ទឹក​អាច​នឹង​មាន​កម្ពស់​៩,៦៥ ម៉ែត្រ ដែល​ចាត់ទុកជា​ប្រភេទ​ជំនន់​មធ្យម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ