ខេត្តកំពង់ឆ្នាំង ៖ រថយន្តទំនើបម៉ាកអេស្កាឡែត ពណ៌ស មួយគ្រឿង ដោយសារតែម្ចាស់វាបើកលឿនពេក ដល់ផ្លូវកោងបត់មិនទាន់ និងបាត់ម្ចាស់ការក៏ជ្រុលទៅបុកចូលហាងលក់កាហ្វេមួយកន្លែង បណ្តាលឱ្យមនុស្សក្នុងហាងនេះរងរបួសធ្ងន់ និងស្រាលចំនួន៣នាក់ ចំណែកអ្នកជិះក្នុងរថយន្តមិនមានរងរបួសទេ ឯអ្នកបើកបរបានគេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១ មីនា នៅចំណុចផ្លូវកោង ស្ថិតក្នុងភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ។
មន្ត្រីប៉ូលិសចរាចរបាននិយាយឱ្យដឹងថា មុនពេលកើតហេតុរថយន្តដ៏ទំនើបនេះបានធ្វើដំណើរពីខេត្តបាត់ដំបង តាមបណ្តោយផ្លូវជាតិលេខ៥ សំដៅទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ជាផ្លូវកោងបត់ឆ្វេង ដោយសាររថយន្តកំពុងមានល្បឿនលឿនផងនោះបត់មិនទាន់ក៏ជ្រុលត្រង់ទៅបុកនឹងម៉ាស៊ីនបូមខ្យល់របស់អ្នកប៉ះកង់ រួចបុកចូលក្នុងហាងកាហ្វេធ្លាយពីម្ខាងទៅម្ខាងដោយបុកតុ កៅអីប៉ើងរប៉ាត់រប៉ាយ និងអូសជាប់ម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហមមួយគ្រឿង នៅពីក្រោម ទើបទៅមុខលែងរួច។
មនុស្សបីនាក់ដែលរងរបួស ១-ឈ្មោះផន សុភា អាយុ២១ឆ្នាំ បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យចូលបន្ទប់វះកាត់សង្គ្រោះបន្ទាន់ ២-ឈ្មោះឡន សុហៀង អាយុ១៣ឆ្នាំ របួសធ្ងន់ និង៣-ឈ្មោះទេព ពិសិដ្ឋ អាយុ១៨ឆ្នាំ របួសស្រាល ។ សម្ភារខូចខាតមានដូចជា តុ កៅអីជាច្រើន អំភ្លី ក្បាលចាក់ឌីស្ក ម៉ាស៊ីនបូមខ្យល់ ម៉ូតូដែលចតស្ងៀម គឺនិយាយរួមរបស់របរក្នុងហាងត្រូវខូចខាតស្ទើរខ្ទេចទាំងស្រុង ។
ទោះជាយ៉ាងណាអ្នកជិះរួមដំណើរក្នុងរថយន្ត៤នាក់មិនមានរបួសអ្វីទេ ចំណែកអ្នកបើកបររបួសស្រាលបានរត់គេចខ្លួនបាត់ទៅហើយ ។ មន្ត្រីប៉ូលិសក៏ដូចជាប្រជាពលរដ្ឋ និងម្ចាស់ហាងលក់កាហ្វេឈ្មោះគង់ លូង ភេទប្រុស អាយុ៤១ឆ្នាំ បាននិយាយថា សំណាងណាស់ បើចំថ្ងៃចុងសប្តាហ៍ សុក្រ សៅរ៍ និងអាទិត្យវិញ គឺហាងនេះលក់កាហ្វេបើកបញ្ចាំងវីដេអូ មើលកីឡាប្រដាល់ដែលមានមនុស្សយ៉ាងច្រើនចូលមើល នឹងបង្កសោកនាដកម្មធ្ងន់ធ្ងរធំជាងនេះទៀត៕
ចែករំលែកព័តមាននេះ