ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណល់ភក់បង្គន់ នៅ​ភ្នំពេញ មានប្រមាណ ២៦.០០០ ម៉ែត្រគូប ក្នុងមួយឆ្នាំ នឹងកើនឡើង​ដល់ ៣៣០.០០០ ម៉ែត្រគូប នៅឆ្នាំ២០៣៥

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ យោងតាមការសិក្សា នៅឆ្នាំ២០០១ សំណល់ភក់បង្គន់ នៅរាជធានីភ្នំពេញ មានចំនួន​ប្រមាណ២៦.០០០ ម៉ែត្រគូប ក្នុងមួយឆ្នាំ និងបានបន្តកើនឡើងជាលំដាប់​។ តាមការប៉ាន់ស្មាន…

ភ្នំពេញ៖ យោងតាមការសិក្សា នៅឆ្នាំ២០០១ សំណល់ភក់បង្គន់ នៅរាជធានីភ្នំពេញ មានចំនួន​ប្រមាណ២៦.០០០ ម៉ែត្រគូប ក្នុងមួយឆ្នាំ និងបានបន្តកើនឡើងជាលំដាប់​។ តាមការប៉ាន់ស្មាន នៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅ​រាជធានីភ្នំពេញ​ នឹងកើនឡើងដល់ ៣៣០.០០០​ម៉ែត្រគូប ក្នុងមួយឆ្នាំ។ កំណើននេះ ទាមទារឱ្យមានការរៀបចំអាង​ប្រព្រឹត្តកម្ម​សំណល់​ភក់បង្គន់ ឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដាបច្ចេកទេស ដែលមិនធ្វើអោយ​ប៉ះពាល់បរិស្ថាន។

ខាងលើនេះ ជាការលើកឡើងរបស់លោក ឃួង ស្រេង ​អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោក និងលោក ព្យែរ ប៊ែយ៉េ លេខាធិការអចិន្ត្រៃយ៍ នៃសមាគម​អន្តរជាតិនៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំងអញ្ជើញជាអធិបតី ក្នុងពិធីបើក​ការដ្ឋានស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់​ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ។ ការដ្ឋានកន្លែងកែច្នៃ​ភក់បង្គន់ ជាជីកសិកម្ម​នេះ មានទីតាំងស្ថិតនៅក្នុង​សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍​ថា​ រាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន មានការ​អភិវឌ្ឍ​យ៉ាងខ្លាំង ទាំងបែបទូលាយ និងបែបជម្រៅ ក្នុងនោះ ព្រំប្រទល់រដ្ឋបាលត្រូវបានពង្រីក ពី ៣០០ ទៅ ៦៩២,៤៦ គីឡូម៉ែត្រក្រឡា មានប្រជាជនរស់នៅ និងស្នាក់នៅបម្រើការងារប្រមាណ ៣លាននាក់​។ ទន្ទឹមនឹងនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានតម្រង់ទិសនៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត​ក្នុងរាជធានីភ្នំពេញ ឱ្យយកចិត្តទុកដាក់ដោះស្រាយ​ការកកស្ទះ៖ ០៣ យ៉ាង នោះគឺ “ទី១-​ការ​កកស្ទះចរាចរណ៍, ទី២-ការកកស្ទះ លូ-ប្រឡាយ និងទី៣-ការកកស្ទះ​សំរាម” ព្រោះថា ជាកត្តា​សត្យានុម័ត សេដ្ឋកិច្ចជាតិកើនឡើង​ ទីក្រុងកាន់តែរីក​ ប្រជាជនកាន់តែច្រើន​ សម្ភារៈប្រើប្រាស់​កាន់តែសំបូរបែប។ ដូច្នេះ​ការផ្តល់សេវាតម្រូវការ និង​សេវាសំណូមពរជូនប្រជាពលរដ្ឋ ក៏ត្រូវមាន​ការកើនឡើងដោយចៀស មិនរួច។

លោកបន្តថា យោងតាមការសិក្សា នៅឆ្នាំ២០០១ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅ​រាជធានីភ្នំពេញ មានចំនួនត្រឹមតែ ២៦.០០០ ម៉ែត្រគូ បក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់ ហើយតាម​ការប៉ាន់ស្ទាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញ នឹងកើនឡើងដល់ ៣៣០.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ។ ពោលគឺកើនឡើងជិត ១៣​ដង។ ដូច្នេះ​ទាមទារឱ្យយើងត្រូវយកចិត្ត ទុកដាក់គ្រប់គ្រង ជាពិសេសរៀបចំអាងប្រព្រឹត្តកម្មសំណល់នេះ ឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដាបច្ចេកទេស។

លោកបន្តថា “នេះហើយ គឺជាកម្ពុជាពិត” ដែលក្នុងពេលអតីតកាល យើង​គ្មានឡើយ តម្រូវការ​ស្ថានីយប្រព្រឹត្តកម្មប្រភេទនេះ ព្រោះប្រជាជន​យើង មានជីវភាពខ្វះខាត គា្មនអាហារបរិភោគ​គ្រប់គ្រាន់ និងគ្មានឡើយស្តង់ដារស់នៅ​។ ប៉ុន្តែ​ក្នុងសម័យតេជោ ជីវភាពប្រជាជនយើង កាន់តែ​មានភាពល្អប្រសើរ និងមានអាហារបរិភោគគ្រប់គ្រាន់ ដូច្នេះ​ស្តង់ដា​នៃការរស់នៅក្នុងទីក្រុង ក៏ត្រូវ​តែ​លើកកម្ពស់ឱ្យកាន់តែប្រសើរឡើង ជាលំដាប់ផងដែរ។

លោក ឃួង ស្រេង បន្ថែមថា រាជធានីភ្នំពេញ គឺពិតជាមានភាពចាំបាច់ និងមានសារៈសំខាន់​ខ្លាំង​ណាស់ ដើម្បីលើកកម្ពស់អនាម័យសាធារណៈ ឆ្លើយតបទៅនឹងអត្រាកំណើន ប្រជាពលរដ្ឋ កំណើន​សេដ្ឋកិច្ច នគរូបនីយកម្ម ការពង្រីកទីក្រុង និង ការកើនឡើងផ្នែកជីវភាព-តម្រូវការរស់នៅ កាន់តែស៊ីវិល័យរបស់ បងប្អូនប្រជាពលរដ្ឋ ក្នុងនោះ គម្រោងនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ សំខាន់​ចំនួន ៣ រួមមាន (ទី១) អត្ថប្រយោជន៍ផ្នែកបរិស្ថាន តាមរយៈ ការគ្រប់គ្រងសំណល់​ភក់​បង្គន់​បានត្រឹមត្រូវ (ទី២) អត្ថប្រយោជន៍ ផ្នែកសង្គម តាមរយៈការបង្កើតការងារ និងកែច្នៃសំណល់​ភក់​បង្គន់ទៅ ជាជីសរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមី និង (ទី៣) អត្ថប្រយោជន៍ ផ្នែកសេដ្ឋកិច្ច តាមរយៈការលក់ជីសរីរាង្គដែលផលិតបានទៅក្នុងទីផ្សារ កសិកម្ម ឬ អាចនិយាយបានថា “យក​សំណល់ គ្រប់គ្រងសំណល់”។

ចំណែកលោក ព្យែរ ប៊ែយ៉េ លេខាធិកាអចិន្ត្រៃយ៍សមាគម​និយាយភាសាបារាំង (AIMF) បាន​មាន​ប្រសាសន៍ថា ការរៀបចំអាងប្រព្រឹត្តកម្មសំណល់ភក់បង្គន់នេះ ជាគោលនយោបាយមួយ ធ្វើអោយ​ប្រសើរឡើងនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅភ្នំពេញ ប្រកបដោយសុខមាលភាព ដោះស្រាយ​បំរែ​បំរួលអាកាសធាតុ​។ សំណល់ភក់បង្គន់នេះ នឹងប្រែក្លាយទៅជាជី សម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វើកសិកម្ម ហើយវានឹងផ្តល់ការងារជូនក្រុមហ៊ុនតូចតាច មានការងារធ្វើផងដែរ។

សូមរម្លឹកថា មុន​​ពិធីបើកការដ្ឋានស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់​ រដ្ឋបាលរាជធានី​ភ្នំពេញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការជាមួយសមាគម​អន្តរជាតិ​អភិបាល​ក្រុង​ប្រើប្រាស់ភាសាបារាំង (AIMF) លើការងារផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះ​បន្ទាន់​គ្រោះមហន្តរាយ  យុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្តីពី ទីក្រុងឆ្លាតវៃ និងមានចីរភាព។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើង នាព្រឹកថ្ងៃទី២៣ ខែឧសភា ដោយ​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិការ​អចិន្ត្រៃយ៍សមាគមន៍និយាយភាសាបារាំង(AIMF) នៅសាលារាជធានីភ្នំពេញ​។

គួរបញ្ជាក់ថា​ រាជធានីភ្នំពេញ បានចូលជាសមាជិកសមាគម AIMF នៅឆ្នាំ​១៩៩០ និងបានក្លាយ​ជាសមាជិក​ការិយាល័យរបស់សមាគម​នេះ នៅឆ្នាំ២០០៣ ដែលក្នុងចំណោម​សមាជិកទាំងអស់ ចំនួន ៣០៧ មានតែសមាជិកចំនួន ២៧ រូបប៉ុណ្ណោះ ដែលត្រូវបានបោះឆ្នោតជ្រើសតាំង​ជាសមាជិក​ការិយាល័យអចិន្ត្រៃយ៍របស់សមាគម។ រាជធានីភ្នំពេញ ជាសមាជិកតែមួយគត់​នៃទ្វីបអាស៊ី ដែលមានសមាសភាពនៅការិយាល័យអចិន្ត្រៃយ៍នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ