ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះ​ឆ្នោត​អាណត្តិ​នេះ​មិន​តម្រូវ​ឲ្យ​កម្មករបង្ហាញ​ឯកសារ​ពាក់ព័ន្ធ​ដល់​ថៅកែរោងចក្រពេល​ត្រឡប់​មក​វិញ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា រាល់​ការ​ឈប់​សម្រាក​របស់​កម្មករនិយោជិត​ក្នុង​ឱកាស​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ពេល​ត្រឡប់​មក​វិញ​មិន​តម្រូវ​ឲ្យ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ៗ ដល់​ថៅកែ​រោងចក្រ ឬ​សហគ្រាស​នោះ​ឡើយ ។ យោង​តាម​សេចក្ដីជូនដំណឹង​របស់​ឯកឧត្តម​អ៊ិ​ត​សំ​ហេង…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា រាល់​ការ​ឈប់​សម្រាក​របស់​កម្មករនិយោជិត​ក្នុង​ឱកាស​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ពេល​ត្រឡប់​មក​វិញ​មិន​តម្រូវ​ឲ្យ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ៗ ដល់​ថៅកែ​រោងចក្រ ឬ​សហគ្រាស​នោះ​ឡើយ ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ឯកឧត្តម​អ៊ិ​ត​សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៤ ខែឧសភា​នេះ​បាន​បញ្ជាក់​ថា ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​កម្មករនិយោជិត​ក្នុង​ការ​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ត្រូវ​អនុវត្ត​ឲ្យ​កម្មករនិយោជិត​បាន​ឈប់​សម្រាក ១​ថ្ងៃមុន​ថ្ងៃ​បោះ​ឆ្នោត និង​១​ថ្ងៃ ក្រោយ​ថ្ងៃ​បោះ​ឆ្នោត ដោយ​រក្សា​ប្រាក់​ឈ្នូ​ល និង​អត្ថប្រយោជន៍​ផ្សេង​ៗ ។

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​បញ្ជាក់​ថា​«​រាល់​ការ​ឈប់​សម្រាក​ដូច​មាន​កំណត់​ខាងលើ កម្មករនិយោជិត​ពុំ​តម្រូវ​ឲ្យ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ៗ នៅ​ពេល​ត្រឡប់​មក​វិញ​ឡើយ​» ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ចំពោះ​កម្មករនិយោជិត ដែល​អវត្តមាន​ហួស​ពី​ច្បាប់​អនុញ្ញាត​ដូច​មាន​កំណត់​ខាងលើ​ត្រូវ​អនុវត្ត​តាម​បទបញ្ជាផ្ទៃក្នុង​របស់​រោងចក្រ សហគ្រាស និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ។

ដោយឡែក និយោជក​ត្រូវ​ខិតខំ​បើកប្រាក់​ឈ្នួល​ជូន​កម្មករនិយោជិត ឲ្យ​បាន​មុន​ថ្ងៃ​ទៅ​បោះ​ឆ្នោត ។ បើ​ពុំ​មាន​លទ្ធភាព​បើកប្រាក់​ឈ្នួល​ទាន់​ពេល​ទេ សូម​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​ខ្ចីប្រាក់​ឈ្នួល​មួយ​ភាគ (​បុរេប្រទាន​) ជា​មុន​សិន ។

សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​យល់ព្រម​ឲ្យ​កម្មករ​និ​យោគ​ជិត​ឈប់​សម្រាក​១​ថ្ងៃមុន​ថ្ងៃ​បោះ​ឆ្នោត និង​១​ថ្ងៃក្រោយ​ថ្ងៃ​បោះ​ឆ្នោត ដើម្បី​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២ ដោយ​រក្សា​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ