យុវវ័យជប៉ុននាំគ្នាតុបតែងកាយចូលរួមប្រារព្ធពិធីបុណ្យ «Halloween» ទោះបីមិនមែនជាពិធីបុណ្យតាមវប្បធម៌ជាតិខ្លួនក្តី ។
Halloween ជាពិធីបុណ្យរបស់លោកខាងលិច មានការពេញនិយមបំផុតនៅប្រទេសជប៉ុន ដោយយុវវ័យជាច្រើននាំគ្នាតុបតែងឈុតចម្លែកៗ ដោយមិនយកលំនាំតាមឈុតបិសាចទេ ប៉ុន្តែជាចំណុចពិសេសរបស់ជនជាតិជប៉ុន គឺតុបតែងខ្លួនក្នុងលក្ខណៈជាគំនូរជីវចល និងខ្មោចស្រីសិចស៊ី ។ ពិធីបុណ្យ «Halloween» នៅប្រទេសជប៉ុន មានភាពអធិកអធមខ្លាំងជាងពិធីបុណ្យគ្រីស្មាសទៅទៀត ដោយនៅតំបន់សំខាន់នានា ដូចជានៅខណ្ឌស៊ីប៊ូយ៉ា ក្រុងតូក្យូ មានមនុស្សរាប់ម៉ឺននាក់ចូលរួមក្នុងពិធីបុណ្យនេះ តម្រូវឱ្យប៉ូលិសបិទចរាចរណ៍ និងការពារសន្តិសុខយ៉ាងតឹងរ៉ឹង ។
យុវវ័យជប៉ុនមិនខ្វល់ថា Halloween ជាពិធីបុណ្យរបស់លោកខាងលិច ឬមានសារសំខាន់បែបណាទេ ពួកគេចាប់អារម្មណ៍ត្រឹមថា នៅយប់ថ្ងៃទី៣១ តុលា ជារៀងរាល់ឆ្នាំ គឺជាឱកាសដ៏សប្បាយរីករាយអាចតុបតែងខ្លួនតាមចំណង់ចំណូលចិត្ត ព្រោះក្នុងថ្ងៃនេះជាថ្ងៃដែលគ្មានអ្នកណាប្រកាន់អ្នកណា ខណៈមនុស្សជាច្រើនចូលរួមដូចគ្នា ៕
ចែករំលែកព័តមាននេះ