ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើត​ជំងឺ​​ហើម​​ក្បាល​ជង្គង់​​រក​គ្រូ​បុរាណ​​ផ្លុំ​​ស្តោះ​៦​ខែ​មិន​ស្រក​ទើប​នាំ​មក​​ពេទ្យ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ការ​ហើម​ក្បាល​ជង្គង់​​បន្តិច​បន្តួច​គួរតែ​មក​កាន់​មន្ទីរ​ពេទ្យ តែ​​ដោយ​សារ​តែ​ជីវ​ភាព​ខ្វះ​ខាត​​គ្មាន​លទ្ធ​​ភាព​មក​​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​​ក៏​រក​គ្រូ​បុរាណ​​មក​ផ្លុំ​​ស្តោះ​​អស់​រយៈ​ពេល​៦​ខែ​ ស្រាប់​តែ​ហើម​កាន់​តែ​ធំ​តាំង​ពី​ក្រលៀង​​រហូត​ដល់​ចុង​ជើង​​ដើរ​មិន​រួច ​នៅ​ដេក​តែ​មួយ​កន្លែង សូម្បី​​ផ្អៀង​ខ្លួន ឬ​ងើប​ទាល់​តែ​​មាន​អ្នក​ជួយ​លើក​ជើង​ពីរ​នាក់ ​ទើប​អាច​ងើប​រួច ។

យុវ​ជន​​កើត​ជំងឺ​ចម្លែក​​​នេះ​មាន​ឈ្មោះ​​ជឺង កប អាយុ​១៩​ឆ្នាំ មាន​ស្រុក​កំណើត​​នៅ​ភូមិ​​បឹង​សាឡាង​ខាង​ត្បូង ឃុំ​​បឹង​សាឡាង​ខាង​​ត្បូង ស្រុក​កំពង់​ត្រាច ខេត្ត​កំពត ។ ​​តាម​ការ​រៀប​រាប់​​ពី​ស្ត្រី​​ជា​ម្តាយ​​ឈ្មោះ​កង ពៅ អាយុ​៤០​ឆ្នាំ បាន​ឱ្យ​ដឹង​ថា ​គាត់​មាន​កូន​៥​នាក់ ស្រី​៣​នាក់ ប្រុស​២​នាក់ ចំណែក​​ប្តី​របស់​គាត់​ធ្វើ​ស្រែ​ពេល​ទំនេរ​​​ទៅ​ស៊ីឈ្នួល​អូស​ត្រី អូស​បង្គា​​នៅ​ខេត្ត​​ព្រះ​សីហនុ ​។ ដោយ​​សារ​តែ​ជីវ​ភាព​ក្រីក្រ​​ គាត់​ក៏​សម្រេច​​ចិត្ត​ឱ្យ​​កូនច្បង​​ឈ្មោះ​ជឺង កប ឈប់​​រៀន​​ទៅស៊ី​ឈ្នួល​អូស​​ត្រី អូស​បង្គា​​ជា​មួយ​ឪពុក​កាល​ពី​ឆ្នាំ​២០០៩។ ទាក់​ទិន​​នឹង​ការ​ហើម​ជើង​នេះ​​ត្រូវ​ស្ត្រី​ជា​ម្តាយ​និយាយ​ថា ​ពេល​កូន​ទៅ​ស៊ីឈ្នួល​​នេសាទ​​នោះ​ ថ្ងៃ​មួយ​កូន​គាត់​ឈឺ​ក្បាល​ជង្គង់​​​​ខាង​​ឆ្វេង ក៏​ទៅ​​ពេទ្យ​ផ្សំ​ថ្នាំ​លេប ហើយ​​ចុះ​ទូក​ទៅ​អូស​ត្រី​ទាំង​ជើង​​ឈឺ ។ ​ដោយ​សារ​ជើង​នៅ​តែ​ឈឺ​​មិន​ធូរ​ស្រាល​ រយៈ​ពេល​ជាង​​មួយ​ខែ​ធ្វើ​ការ​មិន​​កើត​ក៏​ត្រឡប់​​មក​ផ្ទះវិញ ។ ខណៈ​កូន​មក​ដល់​ផ្ទះ ​គាត់​​គ្មាន​ប្រាក់​សម្រាប់​​នាំ​កូន​​ទៅ​មន្ទីរ​ពេទ្យ​ទេ ក៏​ហៅ​​គ្រូ​​បុរាណ​​មក​មើល​នៅ​ផ្ទះ​​ហើយ​គ្រូ​​​​​នោះ​​ប្រាប់​ថា កូន​គាត់​កើត​ជំងឺ​ក្បាល​ដំរី ​ព្រោះ​ជើង​របស់​កូន​គាត់​ហើម​រាង​ដូច​ដំរី ។

​​ស្ត្រី​ជា​ម្តាយ​​ឱ្យ​ដឹង​​ទៀត​ថា ​ក្នុង​មួយ​ថ្ងៃ​គ្រូ​​​នោះ​មក​ផ្លុំ​ស្តោះ​ព្រឹក​ម្តង​ល្ងាច​ម្តង និង​ឱ្យ​ថ្នាំ​ឫស​ឈើ​ដាំ​ទឹក​ផឹក​រាល់​ថ្ងៃ ​ចំណែក​ស្ថាន​ភាព​ជំងឺ​កូន​គាត់​ពី​មួយ​​ថ្ងៃ​ទៅ​មួយថ្ងៃ​​ចេះ​តែ​ដុន​ដាប​ទៅ ដោយ​​ជើង​កាន់​តែ​​ហើមធំ​​ឡើង​​រហូត​ដើរ​មិន​រួច ​សូម្បី​តែ​កំរើក​ក៏​មិន​កើត​ដែរ ​ប៉ុន្តែ​បែរ​ជា​គ្រូ​បុរាណ​នេះ​ប្រាប់​ថា ជំងឺ​នេះ​មិន​អី​ទេ កុំ​ភ័យ​ព្រួយ​​អី​ពេល​ផឹក​ថ្នាំ​ជា​សះ​ផ្នែក​ខាង​ក្នុង​​ហើយ​ជើង​នឹង​ស្វិត​​តូច​​វិញ​ធម្ម​តា ។ ​​​ក្នុង​ការ​ព្យា​បាល​​ជើង​កូន​ គាត់​​បាន​លក់​​គោ​​​អស់​មួយ​នឹម តែ​មិន​បាន​ធូរ​ស្រាល​​ទេ រឹត​តែ​ហើម​ធំ​ឡើង​រហូត​មាន​​ខ្ទុះ​រលួយ​សាច់​ហូរ​ទឹក​​រងៃ​​ចេញ​មក​នៅ​​ត្រង់​​កំភួន​ជើង​ទៀត ទើប​គាត់​និង​ប្តី​សម្រេច​​ចិត្ត​ហៅ​បង​ប្អូន​គិត​គូរ​យក​កូន​ទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត ​កាល​ពី​ថ្ងៃ​ទី​២៨ កុម្ភៈ កន្លង​មក​នេះ ។

ស្ត្រី​ជា​ម្តាយ​បាន​និយាយ​​ថា គាត់​គ្មាន​លទ្ធ ​ភាព​យក​កូន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​​ទេ ​តែ​បាន​បង​ជីដូន​ម​ួយ​ជួយ​​​ចេញ​​ថ្លៃ​រថយន្ត​ដឹក​​​ពី​កំពត​មក​អស់​២៤​ម៉ឺន​រៀល ​ហើយ​ការ​ហូប​​ចុក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ក៏​គាត់​គ្មាន​ប្រាក់​ដែរ ​បាន​បង​ប្អូន​នៅ​ស្រុក​មក​ជា​មួយ​ឱ្យ​បន្តិច​បន្តួច និង​អ្នក​​ភូមិ​ដែល​មាន​កូន​មក​ធ្វើ​ការ​នៅ​ភ្នំពេញ បាន​ផ្តាំ​ឱ្យ​កូន​មក​ជួយ​​មើល​ និង​ទិញ​បាយ​​​​​​ទឹក​យក​មក​ឱ្យ​ ហើយ​បាន​គ្រូ​ពេទ្យ​ម្នាក់​ឱ្យ​ប្រាក់​១៥.០០០​រៀល ​​ដល់​រូប​គាត់​​ផង​ដែរ។ ខណៈ​មក​ដល់​​មន្ទីរ​ពេទ្យ​​គ្រូ​ពេទ្យ​ប្រាប់​ថា ​ជើង​របស់​កូន​​គាត់​មាន​តែ​​កាត់​ចោល​ទេ ព្រោះ​ហើម​តាំង​​ពី​ក្រលៀន​រហូត​ដល់​ចុង​ជើង​ហើយ ។ ​នៅ​ថ្ងៃ​​ទី​៤ មីនា កូន​របស់​គាត់​ត្រូវ​វះ​កាត់​ជើង ​ប៉ុន្តែ​​គ្រូ​ពេទ្យ​ឱ្យ​បញ្ចូល​​ឈាម​៥​ប្លោក​ ឈាម​១​ប្លោក តម្លៃ​​៥៥​ដុល្លារ គាត់​គ្មាន​​ប្រាក់​​សម្រាប់​ទិញ​​ឈាម​បញ្ចូល​ទេ ​បង​ប្អូន​​គាត់​បាន​​រៃ​អង្គាស​គ្នា​ទិញ​បាន​​​២​ប្លោក​ហើយ​នៅខ្វះ​៣​ប្លោក​ទៀត ។

​ស្ត្រី​ជា​ម្តាយ​​បាន​បញ្ជាក់​ថា ​កាល​ពី​មិន​ទាន់​​ធ្លាយ​ខ្ទុះ​​ចេញ​មក​នោះ ជើង​របស់​កូន​គាត់​ធំ​ជាង​​នេះ​​ទៅ​ទៀត ។ ស្ត្រី​ជាម្តាយ​​​បាន​អំពាវ​នាវ​​រក​ការ​ជួយ​​ឧបត្ថម្ភ​​​ពី​សប្បុរស​ជន​ សូម​ជួយ​​សង្គ្រោះ​​ជីវិត​កូន​គាត់​​ផង ព្រោះ​​គ្រួសារ​គាត់​ក្រីក្រ​គ្មាន​លទ្ធ​​ភាព​ទិញថ្នាំ​​ព្យា​បាល​នោះ​ទេ ។ នេះ​​ជា​មេ​រៀន​​មួយ​សម្រាប់​​ប្រជា​ពល​រដ្ឋ​​ មិន​ត្រូវ​ផ្អែក​ទៅ​​​លើ​ភាព​ក្រី​ក្រ​របស់​ខ្លួន​រហូត​​ខ្លាច​ពេទ្យ​ ហើយ​ទុក​ឱ្យ​​ជំងឺ​ធ្ងន់​ធ្ងរ​​ទើប​​រត់​មក​រក​​ពេទ្យ​​​បែប​នេះ មិន​មែន​​ជា​ការ​ល្អ​ឡើយ ៕