ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ភ័យ​មក​ដល់​ មនុស្ស​​តែង​ស្វែងរក​វត្ថុ​ជាទី​ពឹង

1 ឆ្នាំ មុន
  • ភ្នំពេញ

​គ្រប់​ៗ​រូប​ដូច​គ្នា ព្រោះតែ​ប្រាថ្នា​ចង់បាន​សេចក្ដីសុខ​តែ​ម្យ៉ាង​ប៉ុណ្ណោះ តែ​ប្លែក​គ្នា​នឹង​ជន​ខ្លះ​អប្បប្រាជ្ញា ជន​ខ្លះ​មាន​ប្រាជ្ញា​ប្រាថ្នា​ស្វែងរក​សេចក្តីសុខ​ដោយ​ឧបាយ​ផ្សេង​ៗ​គ្នា​គឺ​៖ ជន​ដែល​អប្បប្រាជ្ញា​មិន​បាន​ពិចារណា​ឱ្យ​ឃើញច្បាស់​នូវ​ហេតុ​នឹង​ផល​ គឺ​មិនដឹង​ថា​ ហេតុ​យ៉ាងនេះ នឹង​ចម្រើន​ឡើង​បានជា​ផល​យ៉ាងណា នឹង​មិនដឹង​ថា​ផល​នេះ​កើតមក​អំពី​ហេតុ​ដូច​ម្ដេច​សោះឡើយ ម្ល៉ោះហើយ​បើ​មាន​ភ័យ​កើតឡើង…

​គ្រប់​ៗ​រូប​ដូច​គ្នា ព្រោះតែ​ប្រាថ្នា​ចង់បាន​សេចក្ដីសុខ​តែ​ម្យ៉ាង​ប៉ុណ្ណោះ តែ​ប្លែក​គ្នា​នឹង​ជន​ខ្លះ​អប្បប្រាជ្ញា ជន​ខ្លះ​មាន​ប្រាជ្ញា​ប្រាថ្នា​ស្វែងរក​សេចក្តីសុខ​ដោយ​ឧបាយ​ផ្សេង​ៗ​គ្នា​គឺ​៖

រូបតំណាង

ជន​ដែល​អប្បប្រាជ្ញា​មិន​បាន​ពិចារណា​ឱ្យ​ឃើញច្បាស់​នូវ​ហេតុ​នឹង​ផល​ គឺ​មិនដឹង​ថា​ ហេតុ​យ៉ាងនេះ នឹង​ចម្រើន​ឡើង​បានជា​ផល​យ៉ាងណា នឹង​មិនដឹង​ថា​ផល​នេះ​កើតមក​អំពី​ហេតុ​ដូច​ម្ដេច​សោះឡើយ ម្ល៉ោះហើយ​បើ​មាន​ភ័យ​កើតឡើង ក៏​ប្រវា​រក​វត្ថុ​ជាទី​ពឹង​តាមតែ​ប្រទះ គាប់ចិត្ត​ត្រង់​ណា​ក៏​ធ្វើ​ត្រង់នោះ មិន​ពិនិត្យ​ត្រង់​ខុស​ត្រូវ​ប៉ុន្មាន​តាម​សភាព​នៃ​ខ្លួន​ជា​ជន​អប្បប្រាជ្ញា បើ​មិន​ពិនិត្យ​រក​ខុស​ត្រូវ​សោះ​ហើយ​ប្រឹង​តែ​ធ្វើ​ទៅ​ៗ ជួន​ពាន​លើ​ខុស ជួន​ពាន​លើ​ត្រូវ បើ​ខុស​ត្រូវ​មិនដឹង​ដូច្នេះ​ហើយ កាលណា​ឡើយ​នឹង​សម្រេចប្រយោជន៍​បាន ។

ឯ​ជន​ខ្លះ​មាន​ប្រាជ្ញា​ពិចារណា​ឃើញច្បាស់​នូវ​ហេតុ ​និង​ផល​ គឺ​ដឹង​ច្បាស់​ថា​ ហេតុ​ដូច្នេះ នឹង​កើតឡើង​បានជា​ផល​ដូច្នេះ ផល​នេះ​កើតមក​អំពី​ហេតុនេះ កាល​ស្វែងរក​វត្ថុ​ជាទី​ពឹង​ក៏​រក​វត្ថុ​ដ៏​គួរ​ល្មម​បណ្ដាល​ឱ្យ​កើត​ឡើងជា​ផល​គឺ​សេចក្ដីសុខ​បាន គឺ​ដល់​នូវ​ព្រះ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ជាទី​ពឹង​ហើយ មិន​វិបរិត​ប្រែប្រួល​យក​វត្ថុ​អ្វី​ជាទី​ពឹង​ទៀត ព្រោះ​ប្រាជ្ញា​ដឹង​ច្បាស់​ថា​មាន​តែ​វត្ថុ​៣​នេះ​ហើយ​ជាទី​ពឹង​ដ៏​ប្រសើរ ។

សម​ដូច​ពុទ្ធភាសិត​ពាក្យ​ដែល​ព្រះពុទ្ធ​ជា​ម្ចាស់​ត្រាស់​ទុក​មក​ថា មនុស្ស​ទាំងឡាយ​មាន​ប្រមាណ​ច្រើន​ដែល​មាន​ភ័យ​គំរាម​ហើយ ហើយ​មាន​ប្រាថ្នា​ដើម្បី​រួច​ចាក​ភ័យ​នោះ (​ឬ​មាន​ប្រាថ្នា​ចង់បាន​វត្ថុ​អ្វី​មានកូន​ជាដើម ) តែង​ដល់​នូវ​ភ្នំ ព្រៃធំ សួនច្បារ និង​រុក្ខចេតិយ គឺ​ឈើ​ដែល​អ្នកស្រុក​ធ្លាប់​បូជា​ជាទី​ពឹង ធម្មជាតិ​មាន​ភ្នំ​ជាដើម​នេះ​មិនមែន​ជាទី​ពឹង​ដ៏​ឧត្តម​ទេ បុគ្គល​អាស្រ័យ​នូវ​ធម្មជាតិ​មាន​ភ្នំ​ជាដើម​នេះ​ជាទី​ពឹង​ហើយ​មិន​បាន​រួច​ចាក​សកល​វដ្ដទុក្ខ គឺ​សេចក្ដី​ទុក្ខ​ក្នុង​វដ្ដសង្សារ​ទាំងពួង​ឡើយ ។

លុះតែ​បុគ្គល​ឯណា​ដល់​នូវ​ព្រះពុទ្ធ​ផង ព្រះធម៌​ផង ព្រះសង្ឃ​ផង​ជាទី​ពឹង ហើយ​ឃើញច្បាស់​នូវ​អរិយសច្ច​ទាំងឡាយ​៤​ដោយ​ប្រាជ្ញា​ដ៏​មាំ យក​ធម្មជាត​មាន​ព្រះពុទ្ធ​ជាដើម​នេះ​ជាទី​ពឹង​ប្រាកដ​ហើយ​ទើប​រួច​ចាក​សកល​វដ្តទុក្ខ គឺ​សេចក្ដី​ទុក្ខ​ក្នុង​វដ្ដសង្សារ​ទាំងពួង​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ