ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទះ​កម្ពុជា​ទទួល​បាន​មេដាយ​សំរឹទ្ធ​ជា​លើក​ដំបូង​បន្ទាប់​ពី​ឈ្នះ​ថៃ

1 ឆ្នាំ មុន

ស៊ី​ហ្គេ​ម វៀតណាម ៖ ទោះបី​កាល​ប្រកួតវិល​ជុំ​ក្នុង​ពូ​ល​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើកទី​៣១​នៅ​​

ស៊ី​ហ្គេ​ម វៀតណាម ៖ ទោះបី​កាល​ប្រកួតវិល​ជុំ​ក្នុង​ពូ​ល​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើកទី​៣១​នៅ​​ប្រទេស​វៀតណាម ថៃ​ឈ្នះ​កម្ពុជា​៣​សិតទល់​២​សិត​ក៏​ពិតមែន តែ​នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ កម្ពុជា​បាន​យកឈ្នះ​ថៃ​ក្នុង​លទ្ធផល​៣​សិត​ទល់​២​សិត​វិញ ដែលជ័យជម្នះ​នេះ​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​មេដាយ​សំរឹទ្ធ​ជា​លើក​ដំបូង ។

ការ​ប្រកួត​ពិតជា​តឹងតែង​ខ្លាំង​មែនទែន​ដោយ​ក្រុម​បាល់ទះ​កម្ពុជា​បាន​ឈ្នះ​ក្នុង​សិត​ទី​១​ដោយ​លទ្ធផល ២៥​ទល់​២៣ ខណៈ​ថៃ​វាយបក​យកឈ្នះ​ក្នុង​សិត​ទី​២​ដោយ​លទ្ធផល ២៥​ទល់​២២​។ នៅ​សិត​ទី​៣ កម្ពុជា​បាន​យកឈ្នះ​ជា​ថ្មី​ដោយ​លទ្ធផល ២៥-២២ ប៉ុន្តែ​នៅ​សិត​ទី​៤​ថៃ​បាន​យកឈ្នះ​កម្ពុជា​វិញ​ដោយ​លទ្ធផល​២៥​ទល់​១៣ ។ នៅ​សិត​ទី​៥​ដែល​ជា​ការ​ប្រកួត​កាត់សេចក្តី កម្ពុជា​បាន​យកឈ្នះ​ថៃ​ដោយ​លទ្ធផល ១៥-១៣​។

ជ័យជម្នះ​នេះ​ទី​១​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ទទួល​បាន​មេដាយ​សំរឹទ្ធ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម គិត​ចាប់តាំងពី​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម
មក ។ ទី​២ ក្រុម​បាល់ទះ​កម្ពុជា​បាន​លុប​បំបាត់​កំណត់​ត្រា​មិន​ដែល​ឈ្នះ​លើ​ក្រុម​បាល់ទះ​ថៃ ពី
ព្រោះ​ក្នុង​ការ​ជួប​គ្នា​កន្លង​មក​ជាមួយ​ក្រុម​បាល់ទះ​ថៃ​ក្រុម​បាល់ទះ​កម្ពុជា​ចាញ់​រហូត ហើយ​នេះ​ជា​រសជាតិ​ជ័យជម្នះ​លើក​ដំបូង​លើ​បាល់ទះ​ថៃ និង​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។ ទី​៣​ពេល​ក្រុម​បាល់ទះ​កម្ពុជា​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម នេះ​គឺជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ពីព្រោះ​កន្លង​មក​នៅ​កីឡា​ស៊ី​ហ្គេ​ម​នេះ មិន​ធ្លាប់​បាន​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ទេ​សម្រាប់​កម្ពុជា​។

ក្រោយ​បរាជ័យ​ក្រោម​ស្នាដៃ​បាល់ទះ​កម្ពុជា​ក្រុម​បាល់ទះ​ថៃ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២២​នេះ​ដោយ​មិន​ទទួល​បាន​មេដាយ​ទេពី​ព្រោះ​គ្មាន​មេដាយ​ស្ទួន​ខណៈ​ក្រុម​កម្ពុជា​ជាប់​លេខ​៣​ជាមួយនឹង​មេដាយ​សំរឹទ្ធ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​។

សម្រាប់​មេដាយមាស និង​ប្រាក់ គឺ​រង់ចាំ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម ជាមួយ​នឹង​ឥណ្ឌូ​ណេ​ស៊ី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ