ខេត្តកំពង់ធំ ៖ កូនអកតញ្ញូម្នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកសន្ទុកចាប់ឃាត់ខ្លួនកាលពីថ្ងៃ ទី២៨ កុម្ភៈ បន្ទាប់ពីកូនទមិឡនេះកាប់ទៅលើឪពុករបស់ខ្លួនមួយពូថៅបណ្តាលឱ្យរបួសធ្ងន់ ធ្ងរកាលពីថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១១នៅភូមិវាំងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កូនប្រុសនោះឈ្មោះឡាច ប្រុស អាយុ២៥ឆ្នាំ បានយកពូថៅកាប់ទៅលើឪពុករបស់ខ្លួនឈ្មោះឡាច បូរី អាយុ៥១ឆ្នាំ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរត្រង់ស្មាខាងស្តាំ បន្ទាប់ពីឪពុកវាយពីរដៃ ដោយសារខឹងកូនប្រុសនេះលេងជាមួយឆ្កែ ។ តាមការស្រាវជ្រាវនិងការបំភ្លឺរបស់សាក្សីបញ្ជាក់ថា មុនពេលកើតហេតុ ជនដៃដល់ជាកូនរូបនេះបានប្រឡែងលេងជាមួយកូនឆ្កែ ឃើញដូច្នេះឪពុកក៏ចាប់ក្របួចសក់ក្បាលជាប់វាយពីរដៃ ជាហេតុធ្វើឱ្យជនដៃដល់ខឹង ក៏តដៃដោយយកពូថៅកាប់ទៅលើឪពុកចំនួនមួយពូថៅវិញ បណ្តាលឱ្យរយះស្មាខាងស្តាំរងរបួសតែម្តង ។ ក្រោយឃាត់ខ្លួនជនដៃដល់ជាកូនអកតញ្ញូរូបនេះត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១ មីនា ឆ្នាំ២០១១ នេះ ៕
ចែករំលែកព័តមាននេះ