ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ថៃ​-​ខ្មែរ​៩​នាក់​ពាក់ព័ន្ធ​ករណី​បោក​ប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ថៃ​៦​នាក់ និង​នារី​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​ជិត​៥​ល្ងាច ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​សណ្ឋាគារ​ផា​រ៉ា​ដាយ …

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ថៃ​៦​នាក់ និង​នារី​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​ជិត​៥​ល្ងាច ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​សណ្ឋាគារ​ផា​រ៉ា​ដាយ ទឹកដី​កាស៊ីណូ​ផ្កាយ​៥ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​ករណី​ឆបោក​រឿង​ដាក់​ភាគហ៊ុន​រកស៊ី​ជុំ​គ្នា ។

ជនសង្ស័យ​ទាំង​៩​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត​សហការ​ជាមួយ​នគរបាល​សន្តិសុខ​ផ្ទៃក្នុង​ប្រចាំ​នៅ​កាស៊ីណូ​ឃាត់​ខ្លូ​ន​តាម​បណ្តឹង​របស់​ជន​រង​គ្រោះ​មួយ​ក្រុម​មាន​គ្នា​ប្រហែល​១០​នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​នៅ​គ្រប់​ខេត្ត​ក្រុង​ដែល​អះអាង​ថា​បាន​លង់ខ្លួន​ជឿ​លើ​ជនជាតិ​ថៃ​មួយ​ក្រុម​បបួល​គ្នា​យក​ប្រាក់​ដាក់​ភាគហ៊ុន​បង្កើត​កាស៊ីណូ​ជា​ថ្នូរ​នឹង​បានការ​ប្រាក់​ខ្ពស់ ទីបំផុត​ការ​ប្រាក់​បាន​តែ​មួយ​រយៈ​ដំបូង​តម​កបាន​ត្រឹមតែ​សន្យា ម្យ៉ាង​ពួក​គាត់​អស់ជំនឿ និង​ដឹង​ថា ជនជាតិ​ថៃ​មួយ​ចំនួន​ចាប់ផ្តើម​រើ​អីវ៉ាន់​ចេញពី​សណ្ឋាគារ​ផង​ក៏​ប្តឹង​សុំ​ការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​តែ​ម្តង ។

ប្រភព​ពី​ជន​រង​គ្រោះ​ម្នាក់​ដែល​គ្រួសារ​គាត់​លង់ខ្លួន​អស់​ជាង​៣​ម៉ឺន​ដុល្លារ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា តាម​គាត់​ដឹង​មាន​ពលរដ្ឋ​ខ្មែរ​១៤០​នាក់​ហើយ​ដែល​ចេញ​មុខ​ថា​ជាប់​ពាក់ព័ន្ធ​យក​ប្រាក់​ដាក់​ភាគហ៊ុន​ជាមួយ​ជនជាតិ​ថៃ​មួយ​ក្រុម​ដូច​ជា​គ្រួសារ​របស់​គាត់ និង​មាន​ទំហំ​ទឹកប្រាក់​៥០៦.២០០​ដុល្លារ​អា​មេ​រិ​ក​(​ហាសិប​ម៉ឺន​ប្រាំមួយ​ពាន់​ពីរ​រយ​ដុល្លារ​) ។

ប្រភព​ពី​សមត្ថកិច្ច​ម្នាក់​បាន​ប្រាប់​«​កោះសន្តិភាព​»​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​តុលា​ថា ចំនួន​ពលរដ្ឋ​ខ្មែរ​ដែល​យក​ប្រាក់​ដាក់​ហ៊ុន​ជាមួយ​ជនជាតិ​ថៃ​មួយ​ក្រុម​គិត​ត្រឹម​ពេល​នេះ​យោង​ការ​សួរនាំ​មាន​ជាង​៤០០​នាក់ ហើយ​ទំហំ​ទឹកប្រាក់​មាន​រហូត​ដល់​ទៅ​ជាង​៥៦​ម៉ឺន​ដុល្លា​អា​មេ​រិ​ក ។ ប្រភព​បន្ត​ថា ពេល​នេះ​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​រក​មេ​ធំ​ជាងគេ​ជា​ជនជាតិ​ថៃ​ដែល​កំពុង​ស្នាក់​នៅ​បន្ទាត់​ព្រំដែន​ឃាត់​យក​មក​សួរនាំ​ដើម្បី​ឲ្យ​ដឹង​ពី​ការ​ពិត ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៩​នាក់​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ៕