ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Manulife និង ធនាគារ CIMB សហការ​ចែកចាយ​ផលិតផល​ធានា​រ៉ាប់រង​អាយុជីវិត​ដល់​អតិថិជន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ធានា​រ៉ាបរង​អាយុជីវិត មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា និង​ធនាគារ CIMB បាន​ចុះ​កិច្ចព្រមព្រៀង​លើ​កិច្ច​សហប្រតិបត្តិការ​ជា​ដៃគូ​ចែកចាយ​ផលិតផល​ធានា​រ៉ាប់រង​អាយុជីវិត ដើម្បី​បំពេញតម្រូវ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ធានា​រ៉ាបរង​អាយុជីវិត មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា  និង​ធនាគារ CIMB បាន​ចុះ​កិច្ចព្រមព្រៀង​លើ​កិច្ច​សហប្រតិបត្តិការ​ជា​ដៃគូ​ចែកចាយ​ផលិតផល​ធានា​រ៉ាប់រង​អាយុជីវិត ដើម្បី​បំពេញតម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន​របស់​ធនាគារ CIMB នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។

នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ២០១៦ នា​សណ្ឋាគារ​លឺ​រ៉ូ​យ៉ា​ល់ លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​ជានា​យក​ចែកចាយ​ទូទៅ​នៃ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ បាន​លើក​ឡើង​ថា ការ​ចាប់​ដៃគូ​ជាមួយ​ធនាគារ ដែល​មាន​សក្ដានុពល​ខ្លាំង​ដូច​ជា​ធនាគារ CIMB ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែល​ជា​ធនាគារ​សកល​នាំមុខ​គេ​មួយ​របស់​អាស៊ាន និង​ជា​ធនាគារ​វិនិយោគ​ធំ​បំផុត​មួយ​នៅ​អាស៊ី នឹង​ជួយ​ពង្រឹង​បន្ថែម​កិច្ច​សហប្រតិបត្តិការ ដែល​មាន​ជាមួយ​ធនាគារ​ជា​ដៃគូ​ទាំងអស់​នៅ​កម្ពុជា ។

លោក​បាន​បន្ត​ថា ការ​ចាប់​ដៃគូ​ជាមួយ​ធនាគារ​នេះ នឹង​ជួយ​ឱ្យ​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ ខិត​ទៅ​ជិត​អតិថិជន​កាន់តែ​ច្រើន​ថែម​ទៀត តាម​រយៈ​ការ​ផ្ដល់​ជូន​ដំណោះស្រាយ​លំដាប់​ពិភពលោក ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ច្នៃប្រឌិត​រួម​មាន​ដូច​ជា ការ​ការពារ​ប្រាក់​ចំណូល ការ​អប់រំ​របស់​បុត្រ​ធីតា គម្រោង​សន្សំ និង​ការ​ចូល​និវត្តន៍​ជាដើម  ។

លោក ប៊ុ​ន យី​ន នាយក​ប្រតិបត្តិ​របស់​ធនាគារ CIMB បានអោយ​ដឹង​ថា តាម​រយៈ​ការ​ចាប់ផ្ដើម​នៃ​កិច្ចសហការ​ថ្មី​នេះ យើង​រំពឹង​យ៉ាង​មុតមាំ​ថា ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា ការ​គោរព​គ្នា និង​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ភាគី​ទាំង​សងខាង នឹង​បង្កើត​បានជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ ដើម្បី​សម្រេច​បាន​ផលប្រយោជន៍​យូរអង្វែង​ជាមួយ​គ្នា នា​ពេល​អនាគត ។

លោកស្រី ហោ សុ​វ​ឌ្ឍ​នា អនុប្រធាន​នាយកដ្ឋាន​ធានា​រ៉ាប់រង និង​សោធន នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​អញ្ជើញ​ចូលរួម​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​នោះ​បាន​មាន​ប្រសាសន៍​ថា វិស័យ​ធានា​រ៉ាប់រង​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ តាម​រយៈ​ការ​កៀងគរ​មូលធន​ពី​ក្រៅប្រទេស និង​ក្នុង​ប្រទេស ដែល​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត បាន​ជួយ​បង្កើត​នូវ​សមត្ថភាព ផលិតកម្ម នៃ​ផលិតផល​ធានា​រ៉ាប់រង ទាំង​ការ​លើកកម្ពស់​ផលិតផល​ធានា​រ៉ាប់រង ដែល​បាន​រួមចំណែក​នូវ​អភិវឌ្ឍ និង​ប្រសិទ្ធភាព​សេដ្ឋកិច្ចជាតិ ។

លោកស្រី បាន​បន្ថែម​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ឃើញ​ថា វិស័យ​ធានា​រ៉ាប់រង​មានការ​រីក​ចម្រើន​ដែល​គួរ​ឲ្យ​កត់សម្គាល់ ស្រប​តាម​យុទ្ធសាស្ត្រ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១១-២០២០ របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល​៨​ខែ ដើមឆ្នាំ​២០១៦​នេះ វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា បាន​ទទួល​ចំណូល​ផ្ទាល់​ចំនួន​ប្រមាណ ៧៩​លាន​ដុល្លារ មានការ​កើនឡើង​ចំនួន ៤០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ ៕